សមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ នឹងសម្ពោធបើកនៅម៉ោង ៩ ព្រឹកនៅថ្ងៃទី ១៨ ខែតុលា បើកធ្វើពីថ្ងៃទី ១៨ ដល់ទី ២៤ ខែតុលា សរុបរយៈពេល ៧ថ្ងៃ ។ សមាជលើកនេះមានរបៀបវារៈសំខាន់ចំនួន ៥ ដូចជាធ្វើវិសោធនកម្មលើលក្ខន្តិកៈបក្ស ជាដើម ។ នៅរសៀលថ្ងៃទី ១៧ ខែតុលា សន្និសីទប្រកាសព័ត៌មានលើកដំបូងនៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ បានប្រារព្ធធ្វើនៅវិមានសភាប្រជាជនចិនក្រុងប៉េកាំង។ លោកTuo Zhen អ្នកនាំពាក្យព័ត៌មាននៃសមាជលើកនេះបានឧទ្ទេសនាមពីព័ត៌មានដូចពោលខាងលើនេះ ។
ការធ្វើវិសោធនកម្មលើលក្ខន្តិកៈបក្សជាភារកិច្ចសំខាន់មួយនៃសមាជបក្សកុម្មុយនិស្តចិនលើកទី ១៩ ។ លោកTuo Zhenបានថ្លែងថា ការធ្វើវិសោធនកម្មលើលក្ខន្តិកៈបក្សដោយសមរម្យជាទម្លាប់មួយរបស់បក្សកុម្មុយនិស្តចិន ។
ដោយគិតពិចារណាពីមតិយោបល់របស់គ្រប់ភាគី ការិយាល័យនយោបាយមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកធ្វើកិច្ចប្រជុំ សម្រេចធ្វើវិសោធនកម្មដោយសមរម្យចំពោះលក្ខន្តិកៈរបស់បក្សហើយគូសបញ្ជាក់ថា ពេលបំពេញការងារធ្វើវិសោធនកម្មលក្ខន្តិកៈ នឹងដាក់បញ្ចូលទស្សនៈ ទ្រឹស្តីនិងគំនិតយុទ្ធសាស្រ្តដ៏សំខាន់ដែលកំណត់នៅក្នុងរបាយការណ៍នៃសមាជលើកទី១៩ក្នុងលក្ខន្តិកៈ ដើម្បីធ្វើឲ្យលក្ខន្តិកៈរបស់បក្សបង្ហាញដោយពេញលេញនូវសមិទ្ធផលថ្មីបំផុតនៃការធ្វើឲ្យម៉ាកស៊ីសនិយមសមស្របទៅនឹងសភាពការណ័ជាក់ស្តែងរបស់ប្រទេសចិន បង្ហាញដោយពេញលេញនូវទ្រឹស្តីថ្មី គំនិតថ្មីនិងយុទ្ធសាស្រ្តថ្មីនៃអភិបាលកិច្ចដែលលើកឡើងដោយមជ្ឈិមបក្សកុម្មុយនិស្តចិនដែលមានលោកស៊ី ជីនភីងជាស្នូល បង្ហាញដោយពេញលេញនូវការប្រកាន់ខ្ជាប់និងការពង្រឹងការដឹកនាំរបស់បក្ស និងបទពិសោធន៍ថ្មីនៃការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹង ប្រយោជន៍ដើម្បីសមស្របទៅនឹងសំណូមពរថ្មីចំពោះបុព្វហេតុរបស់បក្សនិងកាកសាងរបស់បក្សក្រោមស្ថានការណ៍ថ្មី៕