អ្នកសិក្សាស្រាវជ្រាវនៅកម្ពុជាមើលឃើញថា ការអញ្ជើញផ្តល់វត្តមានរបស់សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងកិច្ចប្រជុំកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយនៅខែឧសភានេះនឹងធ្វើឲ្យកម្ពុជាទទួលបានផលចំណេញចំនួន ២ សំខាន់ៗរួមមាននយោបាយការបរទេសនិងការអភិវឌ្ឃន៍សេដ្ឋកិច្ចជាតិ។
លោកបណ្ឌិតចាបសុថារិទ្ធយល់ឃើញថា យុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយគឺជាគោលនយោបាយឈ្នះៗផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។
សូមបញ្ជាក់ថា វេទិកាកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្ដីពីខ្សែក្រវាត់មួយនិងផ្លូវមួយនឹងបើកធ្វើនៅទីក្រុងប៉េកាំងចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០១៧ ។តាមគម្រោងសម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក៏នឹងអញ្ជើញចូលរួមក្នុងវេទិកានេះផងដែរ។
លោកបណ្ឌិត ចាបសុថារិទ្ធ អ្នកស្រាវជ្រាវនិងជាសមាជិកក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការនិងសន្តិភាព(CICP)បានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិនថ្មីៗនេះថា វត្តមានរបស់សម្តេចតេជោ ហ៊ុនសែន ក្នុងកិច្ចប្រជុំកំពូលសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិស្តីពីខ្សែក្រវាត់មួយនិងផ្លូវមួយនៅក្រុងប៉េកាំងប្រទេសចិនគឺជាការបង្ហាញថា រាជរដ្ឋាភិបាលកម្ពុជាគាំទ្រពេញទំហឹងចំពោះយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយដែលជាគំនិតផ្តួចផ្តើមរបស់ប្រធានរដ្ឋចិន ស៊ីជីងភីង ហើយសម្តេចនឹងមានឱកាសណាមួយទាញយកផលប្រយោជន៍ពីគម្រោងខ្សែក្រវាត់មួយនិងផ្លូវមួយដោយសម្តេចនឹងជួបជុំជាមួយថ្នាក់ដឹកនាំនៃបណ្តាប្រទេសជាមិត្តដូច្នេះកម្ពុជានឹងចំណេញច្រើនខាងនយោយបាយការបរទេស។មួយវិញទៀតកម្ពុជាក៏នឹងទទួលបានផលប្រយោជន៍សេដ្ឋកិច្ចតាមរយៈការចុះកិច្ចព្រមព្រៀងជាមួយភាគីចិនក្រោមយុទ្ធសាស្ត្រខ្សែក្រវាត់មួយនិងផ្លូវមួយជាពិសេសកម្ពុជាអាចនឹងទទួលបានហិរញ្ញប្បទានឥណទានច្រើនបន្ថែមទៀតពីធនាគារអភិវឌ្ឍន៍ហេដ្ឋារចនាសម្ពន្ធអាស៊ី(AIIB)ដើម្បីយកមកអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ពន្ធនៅកម្ពុជាក្នុងគោលដៅបន្តអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិកាន់តែរីកចម្រើន។