អត្ថបទ​ចុះ​ឈ្មោះ​របស់​លោក​ស៊ី​ ជីនភីង​ប្រធានរដ្ឋ​ចិន​ទទួល​បាន​ប្រតិកម្ម​តប​យ៉ាង​ខ្លាំង​នៅ​ប្រទេស​កម្ពុជា​
2016-10-13 15:55:09  cri  Web Editor:Wang Zhaojun

     តបតាម​សេចក្តី​អញ្ជើញ​របស់​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃ​ព្រះ​រាជាណាចក្រកម្ពុជា​ ​លោក​ស៊ី​ ជីនភីង​ប្រធាន​រដ្ឋ​ចិន​នឹង​មក​​​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ពី​ថ្ងៃទី​១៣​ដល់​១៤​ខែតុលានេះ។ ​មុន​ពេល​ចេញ​ដំណើរ​ ​លោក​ស៊ី ជីនភីង​បាន​ចុះផ្សាយ​អត្ថបទ​មាន​ចុះឈ្មោះ​ក្រោម​ចំណងជើង​ថា​ ​" ធ្វើ​ជា​អ្នក​ជិតខាង​និង​មិត្តភក្តិ​​ដ៏​ស្មោះ​ត្រង់​នៅ​លើសារព័ត៌មាន​​រស្មី​កម្ពុជា​។

     ​អត្ថបទ​ចុះ​ឈ្មោះ​របស់​លោក​ស៊ី ជីនភីង​បាន​ញ៉ាំង​ឲ្យ​គ្រប់​មជ្ឈដ្ឋាន​នៅ​​ប្រទេស​កម្ពុជា​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ទូលំទូលាយ​និង​នាំ​គ្នា​បញ្ចេញ​ប្រតិកម្ម​មតិ​យ៉ាង​សកម្ម​​។​ ឥស្សរជន​កម្ពុជា​បាន​ថ្ែលង​ថា​ ​អត្ថបទ​បាន​បង្ហាញ​ថា​លោក​ស៊ី ជីនភីង​ប្រធានរដ្ឋ​ចិន​បាន​ចាត់ទុក​ប្រទេ​កម្ពុជា​ជា​មិត្តភក្តិ​ពិត​ប្រាកដ​ ​ធ្វើ​ឲ្យ​ប្រជាជន​កម្ពុជា​ពោរពេញ​ទៅដោយ​ជំនឿ​ចិត្ត​ចំពោះ​ការ​អភិវឌ្ឍ​ទំនាក់ទំនងរវាង​កម្ពុជា​និង​ចិន​ដែល​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​នា​​ពេល​អនាគត​។

      លោក​ផែ​ ស៊ីផាន​អ្នកនាំពាក្យ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ថ្លែង​នៅពេល​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​អ្នក​សារព័ត៌មាន​ថា​ ​ភាគី​កម្ពុជា​សូម​កោតសរសើរ​ចំពោះ​លោក​ស៊ី ជីនភីង​ប្រធាន​រដ្ឋ​ចិន​ដែល​បាន​ផ្តោត​ការ​យកចិត្តទុកដាក់​ខ្ពស់​ទៅ​លើ​ការ​ធ្វើ​ឲ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​និង​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​។ ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី​ ជីនភីង​នៅ​ប្រទេស​កម្ពុជា​គឺ​ជា​​កិត្តិយស​របស់​កម្ពុជា​​ ​ដំណើរ​ទស្សនកិច្ច​លើក​នេះ​មុខជា​នឹង​បង្កើន​កិច្ច​សហប្រតិបត្តិការ​គ្រប់ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​ចិន​ថែម​ទៀត​ជា​មិន​ខាន​ ​ពិសេស​គឺ​កិច្ច​សហប្រតិបត្តិការ​ពាក់ព័ន្ធ​មួយ​ចំនួន​ក្រោម​ក្របខ័ណ្ឌ​នៃ​យុទ្ធសាស្រ្ត​​ខ្សែ​ក្រវាត់​មួយ​និង​ផ្លូវ​មួយ​។

     ​លោក​សុខ ឦសាន​អ្នក​នាំពាក្យ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​សម្គាល់​ឃើញ​ថា​ ​អត្ថបទ​ចុះ​ឈ្មោះ​បាន​បង្ហាញ​ថា​លោក​ស៊ី ជីនភីង​ប្រធាន​រដ្ឋ​ចិន​បាន​ផ្តល់​កិត្តិយស​យ៉ាង​ធំ​ដល់​ប្រទេស​ជាតិ​និង​ប្រជាជន​កម្ពុជា​។ ​ប្រទេស​កម្ពុជា​មាន​មោទនភាព​ណាស់​ដោយសារ​បាន​ក្លាយ​ទៅ​ជា​ដៃគូ​ដែល​ប្រទេស​ចិន​មាន​​ទំនុក​ចិត្ត​ ​ហើយ​ជឿជាក់​ថា​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជីនភីង​ប្រធានរដ្ឋ​ចិន​លើក​នេះ​នឹង​ពង្រឹង​និង​ពង្រីក​ថែម​ទៀត​នូវ​ចំណង​មិត្តភាព​ ​សាមគ្គីភាព​និង​កិច្ច​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​២​ជាំ​មិន​ខាន​។

      លោក​ឈៀង​វណ្ណារិទ្ធ​ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​​ស្រាវជ្រាវ​យុទ្ធសាស្រ្ត​កម្ពុជា​បាន​ថ្លែង​ថា​ ​អត្ថបទ​ចុះ​ឈ្មោះ​បាន​បង្ហាញ​ឲ្យ​ឃើញ​នូវ​មនោសញ្ចេត្តនា​ផ្ទាល់​ខ្លួន​​របស់​លោកស៊ី ជីនភីង​ប្រធានរដ្ឋ​ចិន​ចំពោះ​កម្ពុជា​ ​ព្រម​និង​ទឹកចិត្ត​​ស្មោះ​ដែល​ចាត់ទុក​កម្ពុជា​ជា​មិត្តភក្តិ​ពិត​ប្រាកដ​។

      បញ្ញវន្ត​រូប​នេះ​បាន​សម្គាល់​ឃើញ​ថា​ ​អត្ថបទ​ចុះឈ្មោះ​បាន​បង្ហាញ​យ៉ាង​ច្បាស់​នូវ​ភាព​ស៊ី​ជម្រៅ​និង​វិសាលភាព​នៃ​ទំនាក់ទំនង​ទ្វេភាគី​ ​ហើយ​ព័ត៌មាន​ស្នូល​គឺ​ការ​​ជំរុញ​ទំនាក់ទំនង​ភាព​ជាដៃគូ​សហប្រតិបត្តិការ​យុទ្ធសាស្រ្ត​គ្រប់ជ្រុងជ្រោយ​រវាង​កម្ពុជា​និង​ចិន​។ ​លោក​ស៊ី ជីនភីង​បាន​លើក​ពី​ការ​​ពន្លឿន​ការ​តភ្ជាប់​គ្នា​រវាង​សេចក្តី​ផ្តួចផ្តើម​អំពី​យុទ្ធសាស្រ្ត​ខ្សែក្រវាត់​មួយ​និង​ផ្លូវ​មួយ​របស់​ភាគី​ចិន​ជា​មួយ​និង​យុទ្ធសាស្រ្ត​ចតុកោណ​​របស់​ភាគី​កម្ពុជា​ ​នេះ​គឺ​សំខាន់​ណាស់​សម្រាប់​​ការ​ជំរុញ​ភាព​ស័ក្តិសិទ្ធិ​និង​ប្រសិទ្ធភាព​នៃ​​យុទ្ធសាស្រ្ត​ទាំង​ពីរ​នេះ​​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ