រសៀលថ្ងៃទី ១៣ ខែតុលា លោកស៊ី ជីនភីង ប្រធានរដ្ឋចិនបានចូលគាល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ។
លោកស៊ី ជីនភីងបានគូសបញ្ជាក់ថា មិត្តភាពជាប្រពៃណីរវាងប្រទេសចិននិងកម្ពុជាដែលរួមគ្នាពូនជ្រំបង្កើតឡើងនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំជំនាន់មុនដូចជាលោកប្រធានរដ្ឋចិនម៉ៅ សេទុង និងលោកនាយករដ្ឋមន្រ្តីចិនចូវ អេងឡាយ ជាដើម ជាមួយព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋនរោត្តម សីហនុ ។ ព្រះករុណាព្រះបាទសម្តេចព្រះបរមរតនកោដ្ឋនរោត្តម សីហនុបានទទួលការគោរពស្រឡាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាជនចិន ទ្រង់បានបន្សល់ទុកនូវកេរមរតកដែលមិនអាចកាត់ថ្លៃបានក្នុងប្រវតិ្តសាស្រ្តនៃមិត្តភាពរវាងប្រទេសចិននិងកម្ពុជា ។ ប៉ុន្មានឆ្នាំចុងកក្រោយនេះ ទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសចិននិងកម្ពុជាបានរីកចម្រើនទៅមុខយ៉ាងស៊ីជម្រៅ និងបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ។ ភាគីចិនបានថែរក្សាយ៉ាងប្រុងប្រយ័ត្នចំពោះមិត្តភាពដ៏វិសេសវិសាលជាមួយព្រះរាជវង្សានុវង្សកម្ពុជា ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើទំនាក់ទំនងជាមួយនិងព្រះរាជាណាចក្រកម្ពុជា ហើយរីករាយរួមសហការជាមួយប្រទេសកម្ពុជា ក្នុងន័យជំរុញបុព្វហេតុមិត្តភាពរវាងប្រទេសចិននិងកម្ពុជាដោយម៉ឺងម៉ាត់មិនងាករេ ដើម្បីធ្វើឲ្យកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅ សម្រេចការរួមអភិវឌ្ឍនិងភាពរុងរឿងថ្កុំថ្កើងជាមួយគ្នា សំដៅផ្តល់សុខសុភមង្គលកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ។
ជាការឆ្លើយតប ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាមានព្រះរាជបន្ទូលថា ភាគីកម្ពុជាមានការពេញចិត្តចំពោះសមិទ្ធផលនៃការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសចិនដូចជានយោបាយ សេដ្ឋកិច្ច និងវប្បធម៌មនុស្សជាតិជាដើម ហើយជឿជាក់ថា ដំណើរទស្សនកិច្ចរបស់លោកស៊ី ជីនភីងលើកនេះនឹងធ្វើឲ្យទំនាក់ទំនងដ៏ល្អបវររបស់ប្រទេសទាំងពីរមានភាពកាន់តែស៊ីជម្រៅថែមទៀត ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យទទួលបានសមិទ្ធផលជាផ្លែផ្កាកាន់តែច្រើន ។ ភាគីកម្ពុជារីករាយរួមសហការជាមួយភាគីចិនក្នុងន័យអភិវឌ្ឍមិត្តភាពរវាងកម្ពុជានិងចិនដែលរួមគ្នាបង្កើតឡើងដោយថ្នាក់ដឹកនាំជំនាន់មុនរបស់ប្រទេសទាំងពីរឲ្យកាន់តែមានភាពរីកចម្រើនឥតឈប់ឈរ ធ្វើឲ្យមិត្តភាពរវាងកម្ពុជានិងចិនមានភាពកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃទៀត ។
ដោយឡែក លោកស៊ី ជីនភីងក៏បានអញ្ជើញទៅសួរព្រះរាជសួរសុខទុក្ខសម្តេចព្រះមហាវីរៈក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ និងបានធ្វើការសំណេះសំណាលជាមួយគ្នាក្រោមបរិយាកាសស្និទ្ធស្នាលនិងប្រកបដោយមេត្រីភាព ៕