សុន្ទរកថា​ជា​លាយ​លក្ខណ៍​អក្សរដែល​ឯកឧត្តម​ស៊ីជីនភីង​ប្រធានាធិបតី​សាធារ​ណ​រដ្ឋ​ប្រជា​មានិត​ចិន​ថ្លែង​ក្នុង​ពេល​អញ្ជើញ​ទៅ​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ
2016-10-13 15:31:28  cri  Web Editor:Zheng Lei

      ខ្ញុំ​មាន​ក្តី​សោមនស្ស​រីក​រាយ​​ណាស់​ដែល​​បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ដ៏​ស្រស់​ប្រិមប្រិយ​ដោយតបតាមសេចក្តីអញ្ជើញរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម​ សីហមុនី ​​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជា។ខ្ញុំ​សូម​តាង​នាម​​រដ្ឋាភិបាល​និង​ប្រជាជន​ចិន សូម​សំដែង​ការ​សួរ​សុខទុក្ខ​យ៉ាង​ស្មោះ​និង​ការ​ប្រសិទ្ធពរ​ដ៏​ល្អ​បវរ​ជូន​ចំពោះ​ប្រជាជន​កម្ពុជាដែល​ជា​ភាតរៈរបស់​ប្រជាជន​ចិន។

     ប្រទេស​កម្ពុជា​ជា​សមាជិក​ដ៏​សំខាន់​នៃ​សមាគម​អាស៊ាន។ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ  នៅ​ក្រោម​ម្លប់​ថែ​​រក្សាឃុំ​គ្រង​ប់​របស់​ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម​ សីហមុនី ​​ព្រះមហាក្សត្រនៃព្រះរាជាណាចក្រម្ពុជានិង​ក្រោម​ការ​ដឹក​នាំ​របស់​រាជ​រដ្ឋាភិបាល​ដែល​មាន​សម្តេច​ហ៊ុន​សែន​ជា​នាយក​រដ្ឋមន្រ្តី កិច្ច​កសាង​ប្រទេស​ជាតិ​របស់​កម្ពុជា​ទទួល​បាន​សមិទ្ធផល​អភិវឌ្ឍន៍​គួរ​ឲ្យ​កត់​សម្គាល់ កម្រិត​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ត្រូវ​បាន​លើក​កម្ពស់​ឥត​ឈប់ឈរ បាន​ដើរ​តួនាទី​កាន់​តែ​សំខាន់​ឡើង​ៗ​ក្នុង​កិច្ច​ការ​តំបន់​និង​អន្តរជាតិ។

     ប្រទេស​ចិន​និង​កម្ពុជា​ជាអ្នកជិតខាងល្អនិងមិត្តភ័កិ្ត​ដ៏​ពិតប្រាកដដែលមានភាពស្មោះត្រង់នឹងគ្នា។ដូច​ជា​ព្រះ​រាជ​បន្ទូល​របស់​ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម ​សីហនុព្រះមហាវីរៈក្សត្រកម្ពុជា​ដូច្នោះ​ថា​ "​ មិត្តភាពដ៏រឹងមាំនិងយូរអង្វែងរវាងកម្ពុជានិងចិន​ ហាក់​បី​ដូចជាបុបា្ផដ៏​ស្រស់មួយទងដែលមិនចេះរុះរោយ និងរីកស្គុះស្គាយជាអមតៈក្រោមផ្ទៃមេឃដ៏ភ្លឺស្រឡះ"បន្ទាប់​ពី​បង្កើត​ទំនាក់​ទំនង​ការ​ទូត​អស់​រយៈពេល​៥៨​ឆ្នាំ​មក មិត្តភាពប្រពៃណីរវាងប្រទេសចិននិងប្រទេសកម្ពុជាបានឆ្លងកាត់ពេលវេលាដ៏យូរអង្វែងនិងការសាកល្បងនៃការប្រែប្រួល​ស្ថានការណ៍​​អន្តរជាតិដែលបានចាក់ឬសយ៉ាងជ្រៅនិងមានមែកធាងយ៉ាងត្រសុំត្រសាយដែលនេះគឺបានមកពីការ​ខិត​ខំ​ពូនជ្រំ​​យ៉ាងយកចិត្តទុកដាក់របស់​​ថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ។ទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជាយុទ្ធសាស្រ្ត​គ្រប់​ជ្រុង​​ជ្រោយ​បាន​រីក​ចម្រើន​ទៅ​មុខ​ដោយ​ស៊ី​ជម្រៅ មិន​គ្រាន់​តែ​បាន​នាំ​មក​នូវ​ផល​ប្រយោជន៍​ជាក់​ស្តែង​ដល់​ប្រទេស​ទាំង​ពីរ​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរប៉ុណ្ណោះទេ​ប៉ុន្តែ​ថែម​ទាំង​បាន​រួម​វិភាគទាន​​ជា​វិជ្ជមាន​ដល់​សន្តិភាព ស្ថិរភាព​និង​ភាព​ចំរុង​ចម្រើន​ក្នុង​​តំបន់​និង​ពិភពលោកទាំង​មូល​ទៀត​ផង។

      ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច ខ្ញុំ​នឹង​ចូលថ្វាយបង្គំគាល់ព្រះបាទសម្តេចព្រះបរមនាថនរោត្តម​ សីហមុនី​ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជួប​ពិភាក្សា​ការ​ងារ​ជាមួយនឹងសម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនិងចូល​សាក​សួរ​ព្រះ​រាជ​សុខទុក្ខ​​សម្តេចព្រះមហាវីរៈក្សត្រីនរោត្តម​ មុននាថសីហនុ​ ​ព្រះវររាជមាតាជាតិខ្មែរ ព្រមទាំង​ធ្វើ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​យ៉ាង​ទូលំទូលាយ​ជា​មួយ​ឥស្សរជន​គ្រប់​មជ្ឈដ្ឋាន​នៅ​កម្ពុជា ខ្ញុំ​រំពឹង​ថា​នឹង​អាច​ផ្លាស់​ប្តូរ​មតិ​គ្នា​យ៉ាង​ស៊ី​ជម្រៅ​​ជា​មួយ​ថ្នាក់​ដឹក​នាំ​កម្ពុជា​អំពី​ទំនាក់​ទំនង​ទ្វេភាគី​និង​បញ្ហា​ដែល​យក​ចិត្ត​ទុក​ដាក់​ដូច​គ្នា ជឿជាក់​ថា នៅ​ក្រោម​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​របស់​ភាគី​ទាំង​ពីរ ដំណើរ​ទស្សនកិច្ច​លើក​នេះនឹង​ទទួល​បាន​សមិទ្ធផល​ដូច​ការ​គ្រោង​ទុក​ក្នុង​ន័យ​ជំរុញទំនាក់​ទំនង​ភាព​ជា​ដៃគូ​សហប្រតិបត្តិការ​ជាយុទ្ធសាស្រ្ត​គ្រប់​ជ្រុង​​ជ្រោយ​រវាង​ចិន​និង​កម្ពុជាឲ្យ​ឈាន​​ដល់​កម្រិត​ថ្មី​មួយ​ទៀត ដើម្បី​​ផ្តល់​សុខ​សុភ​មង្គល​កាន់​តែ​ច្រើន​ដល់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

ទាក់ទង​ជាមួយ​យើង​ខ្ញុំ