មុនពេលលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសកម្ពុជា សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានផ្តល់បទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយប្រព័ន្ធសារព័ត៌មានប្រទេសចិន។សម្តេចហ៊ុន សែន បានថ្លែងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនភីង ប្រធានរដ្ឋចិននឹងធ្វើឲ្យទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងកម្ពុជា-ចិនកាន់តែមានភាពជិតស្និទ្ធនិងរឹងមាំថែមទៀត ព្រមទាំងនឹងលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៃប្រទេសទាំងពីរកម្ពុជានិងចិនឲ្យកាន់តែខ្ពស់ថែមទៀត។
សម្តេចហ៊ុន សែន ថ្លែងថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីដែលត្រូវបានបង្កើតរួមគ្នានិងថែរក្សាដោយប្រុងប្រយ័ត្នដោយព្រះករុណា ព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងថ្នាក់ដឹកនាំចិនជំនាន់មុន រួមមានលោកប្រធាន ម៉ៅសេទុង លោកនាយករដ្ឋមន្រ្តីជូអេនឡាយ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗផ្សេងទៀត។ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការដ៏មេត្រីភាពរវាងប្រទេសទាំងពីរគឺបង្កើតឡើងដោយឈរលើមូលដ្ឋានគោលការណ៍៥ខនៃរួមរស់ដោយសន្តិសហវិជ្ជមាននិងឈរលើមូលដ្ឋានផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ជាមួយគ្នា។ក្នុងអំឡុងពេល២៥ឆ្នាំកន្លងទៅនេះ ទំនាក់ទំនងមេត្រីភាពនៃប្រទេសទាំងពីរចិននិងកម្ពុជាបានទទួលការវិវឌ្ឍដែលគួរឲ្យកត់សម្គាល់ កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យបានបន្តកាន់តែស៊ីជម្រៅ។ប្រទេសកម្ពុជានិងប្រទេសចិនបានឈានដល់កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនៅឆ្នាំ២០១០។គណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិនបានរៀបចំឡើងនៅឆ្នាំ២០១៤ ហើយបានធ្វើកិច្ចប្រជុំសម្របសម្រួល៣លើករួចហើយ និងទទួលបានសមិទ្ធផលដ៏សំខាន់។
សម្តេចហ៊ុន សែន បន្តថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរកម្ពុជានិងចិនបានជួបប្រាស្រ័យទាក់ទងគ្នាជាញឹកញាប់និងផ្លាស់ប្តូរទស្សនកិច្ចគ្នាទៅវិញទៅមកដែលបានបង្ហាញពីទំនាក់ទំនងយ៉ាងជិតស្និទ្ធនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជានិងចិន។ភាគីទាំងពីរនឹងបន្តរក្សានិន្នាការប្រាស្រ័យទាក់ទងគ្នានៃទំនាក់ទំនងមេត្រីរវាងប្រទេសទាំងពីរ ព្រមពេលជាមួយគ្នា ក៏នឹងពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌពហុភាគីរួមមានកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ អាស៊ីបូព៌ា អាស៊ាន-ចិន កិច្ចប្រជុំអាស៊ី-អឺរ៉ុប និងយន្តការេមគង្គ-ឡានឆាងជាដើម។
ឆ្នាំនេះជាខួប៣ឆ្នាំនៃសេចក្តីផ្តួចផ្តើមអំពីយុទ្ធសាស្រ្ត ខ្សែក្រវាត់មួយនិងផ្លូវមួយ។ក្នុងអំឡុងពេល៣ឆ្នាំកន្លងផុតទៅនេះ ប្រទេសទាំងពីរបានទទួលសមិទ្ធផលជាផ្លែផ្កាក្នុងការជំរុញកិច្ចកសាងខ្សែក្រវាត់មួយនិងផ្លូវមួយ និងការជំរុញការតភ្ជាប់នូវយុទ្ធសាស្រ្តការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ។សម្តេចហ៊ុន សែន បន្តទៀតថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះគំនិតផ្ដួចផ្តើមនេះដែលមានគោលដៅបង្កើនការតភ្ជាប់គ្នារវាងបណ្តាប្រទេស និងជំរុញការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ ពាណិជ្ជកម្ម ហិរញ្ញាវត្ថុនៃប្រទេសនៅតំបន់នេះ ក៏ដូចជាការតភ្ជាប់វប្បធម៌និងអរិយធម៌មិនដូចគ្នា ដើម្បីឲ្យមានភាពរុងរឿងនិងវិបុលភាពជាមួយគ្នា។