កិច្ចសហប្រតិបត្តិការ​រវាង​ប្រទេស​ចិន​និង​ប្រទេស​អាស៊ានបង្ហាញ​ពី​ចំណុច​ភ្លឺច្រើន​ ​ផ្អែក​លើ​យុទ្ធសាស្ត្រ ​​"ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​"
2016-10-12 17:12:28  cri  Web Editor:Zhai Qianqian

កាលពីថ្ងៃទី​១១ រហូតដល់​ថ្ងៃទី១៤ ខែកញ្ញា​កន្លងទៅ​ ពិព័រណ៌​ចិន​-​អាស៊ាន​លើកទី១៣ ​ក្រោម​ប្រធានបទ " រួមគ្នា​កសាង​ផ្លូវ​សូត្រ​លើ​សមុទ្រ​នា​សតវត្សរ៍​ទី២១ ​រួមគ្នា​កសាងសហគមន៍​រួម​វាសនាចិន​-អាស៊ានកាន់តែ​ជិតស្និទ្ធ​ " ​បាន​ទាក់ទាញ​ហគ្រាសចំនួនជាង២៦០០ នៃបណ្តា​​ប្រទេស​អាស៊ាន​ទាំង១០ និង​ប្រទេស​ចំនួន២៩ទៀត ដែល​​មកពី​តំបន់​តាមដងផ្លូវ " ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​ " ​ចូលរួម​ពិព័រណ៌នេះ​ ធ្វើឱ្យពិព័រណ៌នេះមានភាពឱឡារិកនិង​លេចចេញនូវពន្លឺដ៏ភ្លឺស្វាង ដោយ​ទទួលបាន​នូវការវាយ​តម្លៃយ៉ាង​ខ្ពស់​ពី​បណ្តា​ប្រទេស​ដែល​បាន​ចូលរួម។

     លោក Wang Lei អគ្គលេខាធិកា​រនៃលេខាធិការដ្ឋាន​ពិព័រណ៌​ចិន​-អាស៊ាន​បាន​ប្រាប់​ឱ្យដឹង​ថា ​ពិព័រណ៌​ចិន​-អាស៊ាន​លើកទី១៣នេះ​ បានរៀបចំធ្វើឡើង ចំ​ឱកាស​ខួបទី២៥ នៃ​ការបង្កើតទំនាក់ទំនង​​កិច្ចសន្ទនា​រវាង​ចិន​-អាស៊ាននិងបាន​ផ្តោត​សំខាន់​លើ​ប្រធានបទ " រួមគ្នា​កសាង​ផ្លូវ​សូត្រ​លើ​សមុទ្រ​​នា​សតវត្សរ៍​ទី២១ ​រួមគ្នា​កសាងសហគមន៍​រួម​វាសនាចិន​-​អាស៊ាន​កាន់​តែ​​ជិតស្និទ្ធ " ដោយ សង្កត់ធ្ងន់​​ទៅលើ​កិច្ចសហប្រតិបត្តិការផ្នែក​​សមត្ថភាព​ផលិតកម្ម​​អន្តរជាតិ​ ខិត ខំ​ជំរុញ​ការកសាង​គម្រោង​ធំសំខាន់​ដូចជា​ កំពង់ផែសម្រាប់​ផ្តល់​​ព័ត៌មាន​ចិន​-អាស៊ាន​ជាដើម ហើយលទ្ធផល​ជាក់ស្តែង​ខាង​សេដ្ឋកិច្ច​និងពាណិជ្ជកម្មពិតជា​មាន​ការរីកចម្រើនគួរឱ្យកត់សម្គាល់

      ឆ្នាំនេះ​ជា​ខួប​ឆ្នាំទី២៥ នៃ​ការបង្កើត​ទំនាក់ទំនង​សម្រាប់​កិច្ចសន្ទនា​រវាង​ចិន​និង​អាស៊ាន។ តួលេខ​បាន​បង្ហាញ​​ឱ្យឃើញថា  ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ចិន​និង​អាស៊ាន​​បាន​កើន​ពី​ ៧៩៦០ លាន​ដុល្លាអាម៉េរិក​​ក្នុង​ឆ្នាំ១៩៩១ រហូត​ដល់​ ៤៧២១៦០ លាន​ដុល្លា​អាម៉េរិក​នៅ​ឆ្នាំ២០១៥ ក្នុង​អត្រា​កំណើន​​ប្រចាំ​ឆ្នាំ​​១៨,៥ %។ ​​គិតមកត្រឹមចុង​ខែ​ឧសភា​ ឆ្នាំ​២០១៦នេះ ទំហំ​វិនិយោគ​ទុន​ទ្វេ​ភាគី​សរុប​រវាង​ចិន​និង​អាស៊ាន ​បានកើនឡើងលើសពី ១៦០ ០០០ លាន​ដុល្លា​អាម៉េរិក​។ បច្ចប្បន្ន​នេះ ​ប្រទេស​ចិន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទីមួយ​របស់​អាស៊ាន​ហើយ​អាស៊ាន​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំទីបីរបស់​ប្រទេស​​ចិនផងដែរ

ក្នុងការដាក់តាំងបង្ហាញនូវ​​ឧស្សាហកម្ម​ធុនស្រាល​ នៃ​ពិព័រណ៌​ចិន​-អាស៊ាន ​លើកទី១៣នេះផងដែរ ក៏មានការ​រៀបចំ​ជាពិសេស​នូវស្តង់ពិព័រណ៌ "ខ្សែ​ក្រវ៉ាត់មួយ​និង​ផ្លូវ​មួយ​" ដោយបង្ហាញជូននូវផលិតផល ដែល​មាន​លក្ខណៈ​​តំណាង​បំផុត​​នៅក្នុងវិស័យ​​ឧស្សាហកម្ម​ធុន​ស្រាល​នៃ​​ប្រទេសចិន-អាស៊ាន និង​បណ្តា​ប្រទេសផ្សេង​ៗទៀត​តាម​ដងផ្លូវ " ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​ "​ ហើយក៏មានការបែង​ចែក​តាម​ប្រភេទដោយ​មាន​ទាំង​​សម្ភារៈ​អេឡិចត្រូនិក គ្រឿងបរិក្ខា​ប្រើប្រាស់​ក្នុង​ផ្ទះ ​សម្ភារៈ​ការិយាល័យ កីឡា ​និងការថែរក្សា​សុខភាព គ្រឿងបរិក្ខារសម្រាប់​តុបតែង​​ផ្ទះ សម្ភារៈប្រើប្រាស់​ប្រចាំ​ថ្ងៃ ​វត្ថុ​អនុស្សាវរីយ៍​ ​​ឧបករណ៍ផ្នែក​រឹង​​ជាដើម  ដែល​បាន​ជំរុញ​ឱ្យ​មា​ន​ប្រសិទ្ធភាព​ដល់​កិច្ចសហប្រតិបត្តិការ​​ និង​ការផ្លាស់ប្តូរ​ខាង​ឧស្សាហកម្ម​ធុន​ស្រាល ​នៃ​បណ្តា​ប្រទេសផ្សេង​ហើយ​ក៏​បាន​ពង្រីកនិងពង្វាត​ទីផ្សារ​និងការទទួលស្គាល់​​ចំពោះ​ផលិត​ផល​​តំណាង​នៃ​ឧស្សាហកម្ម​ធុនស្រាល​​នៃ​បណ្តាប្រទេស​តាម​ដងផ្លូវ​ "ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​" ផងដែរ។

      ដោយពឹងផ្អែក​លើ​យុទ្ធសាស្រ្ត  "ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​" ​កិច្ចសហប្រតិបត្តិការផ្នែក​សមត្ថភាព​​ផលិតកម្ម​រវាង​ប្រទេស​ចិន​និងបណ្តា​ប្រទេស​អាស៊ាន ​បាន​ឈានចូលដល់​សភាពការណ៍​ថ្មី។ លោក Zheng Chiping អនុប្រធាន​​ផ្នែកប្រើ​ប្រាស់​មូលធន​បរទេស​ និង​​វិនិយោគក្រៅ​ប្រទេស​នៃ​គណៈកម្មាធិការ​អភិវឌ្ឍន៍​ និង​កំណែទម្រង់​ជាតិចិន​​បាន​ថ្លែងថា បច្ចុប្បន្ននេះ ​កិច្ចសហប្រតិបត្តិការ​ផ្នែក​សមត្ថភាព​​​ផលិតកម្ម​រវាង​ប្រទេសចិន​និង​បណ្តាប្រទេសអាស៊ាន​ ​​មានមូលដ្ឋាននិង​ទ្រង់ទ្រាយ​ជា​ជំហាន​ដំបូង ហើយក្នុងផ្នែកសហការ​ខាង​ការកសាង​សួនផលិតកម្ម​​និងផ្លូវដែក​ល្បឿន​លឿន​ជាដើម កំពុងទទួល​បាននូវ​លទ្ធផលជាវិជ្ជមាន​ជាច្រើន។

      គិតមកដល់ខែ​មករា ឆ្នាំ២០១៦នេះ ​សហគ្រាស​ចិនបាន​​​បង្កើត​គម្រោង​​   វិនិយោគទុនចំនួន២៣ នៅ​ក្នុង​ប្រទេស​អាស៊ាន ដែល​មាន​លក្ខណៈ​សហប្រតិត្តិការផ្នែក​សេដ្ឋកិច្ច ​​និង ​ពាណិជ្ជកម្ម​ក្រៅប្រទេស  សរុប​បាន​ទាក់ទាញ​សហគ្រាស​ចិន​ចំនួន៤២១ ចូលទៅក្នុង​សួន ជាមួយទំហំ​វិនិយោគ​​សរុប​រហូតដល់ ២១ ៣០០ លាន​ដុល្លារ​អាម៉េរិក។

      ជាក់ស្តែង គម្រោងសហប្រតិបត្តិការលើផ្នែក​សមត្ថ​ភាព​​ផលិតកម្ម​មួយ​ចំនួន​កំពុង​ដំណើរការ​ក្នុងល្បឿនលឿន ​ពិធី​បើក​ការដ្ឋាន​សាងសង់​គម្រោង​ផ្លូវ​ដែក​ចិន-ថៃ នៅក្នុង​ប្រទេស​ថៃ ​ដែល​សហការសាងសង់​ដោយ​ភាគី​ចិន​បានប្រព្រឹត្តទៅ​រួចជាស្រេចនៅ​ចុងឆ្នាំ២០១៥​។ នៅប្រទេសឥណ្ឌូនេស៊ី ​គម្រោងកសាង​ខ្សែ​សង្វាក់ផលិតកម្ម​ដែកអ៊ីណុក​ ដែល​បណ្តាក់ទុន​ដោយ​ក្រុមហ៊ុន​ TsingShan Holding Group របស់​ប្រទេសចិន​ បាន​បញ្ចប់​​ដំណាក់កាល​សាងសង់​ទីមួយដោយ​ជោគជ័យ ហើយ​គម្រោងដំណាក់កាលទីពីរនិងទីបី ក៏​កំពុងតែ​ទទួលបាន​ការវិនិយោគ​ធ្វើ​ការសាងសង់​ផងដែរ។ កិច្ចសហប្រតិបត្តិការ​​ផ្នែក​សមត្ថភាព​ផលិតកម្ម​លើក​នេះ បាន​បំបែក​ប្រវត្តិសាស្រ្តនៃខ្សែសង្វាក់ ផលិតកម្ម មិនផលិត​ដែក​អ៊ីណុក​របស់​ប្រទេស​ឥណ្ឌូនេស៊ី។

      នៅ​ប្រទេស​ឡាវ គម្រោងសាងសង់​វារីអគ្គិសនី​ទន្លេ Nam Ou ដែលកសាង​ដោយ​ក្រុមហ៊ុន Power China របស់​ប្រទេសចិន បាន​សម្រេចនូវ​ការបង្កើត​អគ្គិសនី​ដោយ​ក្រុម​ម៉ាស៊ីនទីមួយរួចជាស្រេចគម្រោង​នេះ​ជា​គម្រោង​គន្លឹះ​នៃ​យុទ្ធសាស្ត្រ​ថាមពល​​ជាតិ​របស់​ប្រទេស​ឡាវ​។​ ព្រមពេលជាមួយនេះ​ កាលពី​ខែ​ធ្នូ ​ឆ្នាំ២០១៥ ​​ផ្លូវ​ដែក​ចិន-ឡាវ ​ក៏​បាន​រៀបចំធ្វើ​ពិធី​បើក​ការដ្ឋាន​​ដែល​គ្រោង​នឹង​ចំណាយ​ប្រាក់ទុន​ចំនួន ៦៨០០ លាន​ដុល្លារ​អាម៉េរិក ហើយបើ​តាមការប៉ាន់ស្មាន គឺ​នឹង​សាងសង់រួចរាល់​នៅឆ្នាំ២០២០។

      លោកស្រី Yang Xiuping ​អគ្គលេខាធិការ​មជ្ឈមណ្ឌលចិន-​អាស៊ាន ​បាន​ប្រាប់ឱ្យ​ដឹងថា បច្ចុប្បន្ន​នេះ ​ប្រទេស​ចិន​បាន​ចុះ​ហត្ថលេខា​ជាមួយ​ប្រទេស​ជាច្រើន និង​បាន​ចាប់​ផ្តើម​ធ្វើ​​កិច្ចសហប្រតិបត្តិការ​ខាងផ្នែក​សមត្ថភាព​​ផលិតកម្ម​ដោយ​ប្រើប្រាស់យន្តការភាវូបនីយកម្ម  ​​ចំនួនមូលនិធិសហប្រតិបត្តិការនៃសមត្ថភាព​ផលិតកម្ម​ទ្វេភាគីគ្រប់​​​ប្រភេទ​មានលើស​ពី ១០០ ០០០លាន​ដុល្លារ​អាម៉េរិក​។

      សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​ ដែល​បាន​ចូលរួមក្នុង​ពិព័រណ៌​ចិន​-អាស៊ាន​ជាច្រើនលើកមកហើយ​បាន​ថ្លែងថា ប្រទេស​កម្ពុជា​និង​ប្រទេសចិន​កំពុង​​ជ្រើសរើស​គម្រោងណា​ដែល​សមស្រប​នឹង​ការផ្តួចផ្តើមស្តីពី " ខ្សែក្រវ៉ាត់មួយ​និង​ផ្លូវ​មួយ ​" របស់​ចិន ​ខណៈតំបន់សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ​របស់​ប្រទេស​កម្ពុជា​អាច​នឹង​ក្លាយ​ទៅជា​ផ្នែក​មួយ​នៃ  "ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​"។

      ចាប់តាំងពីឆ្នាំ២០១៥ ថ្នាក់ដឹកនាំជាន់​ខ្ពស់​ប្រទេស​ចិន​និង​ប្រទេសវៀតណាមក៏​បានជំរុញ​​​​​​ការផ្តួច​ផ្តើម​​ស្តីពី "ខ្សែក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​" របស់​ចិន ផ្សារភ្ជាប់​​ជាមួយ​នឹង​​ផែនការអភិវឌ្ឍន៍​ជាតិ​របស់វៀតណាម ដោយភាគីទាំងពីរ​បាន​ដើរដល់​មតិឯកភាពគ្នាជាយុទ្ធសាស្ត្រ​​ដ៏​សំខាន់។ ​លោក​ Nguyen Xuan Phuc នាយករដ្ឋមន្ត្រី​វៀតណាម​បាន​ថ្លែងថា ​៖ " បណ្តាប្រទេស​អាស៊ាន ​ក្នុងនោះ​រួមទាំង​ប្រទេស​វៀតណាម​ផង ​សុទ្ធតែ​មាន​ជំនឿទុកចិត្តពេញលេញ​​ទៅលើសក្តានុពលអភិវឌ្ឍ​​ ​ កាលានុវត្តភាព​ និងអនាគត​នៃទំនាក់​ទំនង​សេដ្ឋកិច្ចពាណិជ្ជកម្ម​រវាង​អាស៊ាន​និង​ចិន​។ " 

      "ខ្សែ​ក្រវ៉ាត់​មួយ​និង​ផ្លូវ​មួយ​" បាន​ជំរុញ​ឱ្យការផ្លាស់ប្តូរ​វិស័យ​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន​ និង​អាស៊ាន​កាន់តែ​មានភាពមមាញឹក និងរស់     រវើក។ ​លោកស្រី​ Yang​ Xiuping​ បាន​បន្ត​ទៀតថា ៖ " កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ចិន​និង​អាស៊ាន​បានឆ្លង​កាត់​តាំង​ពី​​ 'ដំណាក់កាលលូតលាស់' ដែលមានការវិវឌ្ឍ​ក្នុងល្បឿន​លឿន ឈានចូលដល់​ 'ដំណាក់កាលចាស់​ទុំ' ដែលផ្តោតជា​សំខាន់​ទៅ​លើ​ការលើកកម្ពស់​គុណភាព​និង​ច្នៃ​ប្រឌិត​ខ្ពស់ ហើយដែលនឹង​នាំមកនូវ​សុខុមាលភាពកាន់​តែ​​ច្រើន​ដល់​ប្រជាជន​នៃប្រទេស​ទាំង​ពីរ និង​ផ្តល់​វិភាគទាន​កាន់តែ​ធំ​ដល់​ការអភិវឌ្ឍ​​​និង​ភាព​រុងរឿង​ក្នុង​តំបន់​ជាក់ជាមិនខាន"​​​​​​​​​​​​៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ