ពេលថ្មីៗកន្លងទៅនេះ អទិភាពខាងភូមិសាស្ត្រជាពិសេសនិងលក្ខខ័ណ្ឌឆ្លងដែនដែលកាន់តែងាយស្រួលបាននាំឲ្យប្រទេសវៀតណាមក្លាយទៅជាជម្រើសដ៏ពេញនិយមរបស់អ្នកទេសចរប្រទេសចិន ។ លោក Lin xing សមជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននិងជាអនុប្រធាននៃសភាប្រឹក្សានយោបាយនៃក្រុង Fang cheng gang ដែលបានចូលរួមមហាសន្និបាតលើកទី៤របស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១២បានថ្លែងថា ការរីកចម្រើនយ៉ាងឆាប់រហ័សខាងវិស័យទេសចរណ៍នៅព្រំដែនបានរួមវិភាគទានដ៏សំខាន់ចំពោះការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចក្នុងតំបន់ ប៉ុន្តែវិស័យទេសចរណ៍នៅព្រំដែនរវាងប្រទេសចិននិងវៀតណាមនៅមានការលើកកម្ពស់បន្ថែមទៀត ។
អំពីការនេះ លោក Lin xing បានលើកឡើងនូវសំណើ៤ចំណុច គឺ ទីមួយ លុបចោលការត្រួតពិនិត្យនិងអនុញ្ញាតចំពោះច្រកផ្លូវទេសចរណ៍នៅព្រំដែន លុបចោលការដាក់កំហិតនៅកំពង់ផែទេសចរណ៍ព្រំដែន ។ ទីពីរ បង្កើនល្បឿនកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់កំពង់ផែ កែសម្រួលលក្ខណៈសម្បត្តិតំបន់ទេសចរណ៍នៅកំពង់ផែ និងជំរុញការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍ឆ្លងដែន ។ ទីបី ផ្នែកគ្រប់គ្រងវិស័យទេសចរណ៍ជាតិចិនដ៏សំខាន់ៗត្រូវសកម្មដឹកនាំសហគ្រាសទេសចរណ៍អភិវឌ្ឍន៍ផលិតផលថ្មីខាងវិស័យទេសចរណ៍ព្រំដែនដូចជា ការធ្វើទេសចរណ៍ព័ទ្ធជុំវិញតំបន់ដីគោកនិងសមុទ្រនៅព្រំដែនរវាងប្រទេសចិននិងវៀតណាម និងការធ្វើទេសចរណ៍ឆ្លងដែនរវាងចិននិងវៀតណាមតាមរយៈការធ្វើដំណើរដោយមធ្យោបាយផ្ទាល់ខ្លួនជាដើម ។ ទីបួន បង្កើនកិច្ចសហប្រតិបត្តិការរវាងផ្នែកពិនិត្យចម្រុះនៅកំពង់ផែនិងអាជ្ញាធរមានសមត្ថកិច្ចក្នុងតំបន់ ព្រមទាំងបង្កើតនិងបំពេញយន្តការបែងចែកផលប្រយោជន៍ បំផុសលក្ខណៈសកម្មរបស់គ្រប់ផ្នែក ដើម្បីធ្វើឲ្យវិស័យទេសចរណ៍ឆ្លងដែនកាន់តែល្អនិងកាន់តែខ្លាំងឡើងៗ ។