កាលពីថ្ងៃទី៦ខែមីនា មហាសន្និបាតលើកទី៤នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិនបានបើកធ្វើសន្និសីទអ្នកសារព័ត៌មានលើកដំបូង ដោយអញ្ជើញលោក Xu Shaoshi ប្រធានគណៈកម្មាធិការកំណែទម្រង់និងអភិវឌ្ឍន៍ជាតិចិនឧទ្ទេសនាមអំពីសភាពការណ៍អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចនិងសេចក្តីសង្ខេបស្តីពីផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៣ ។
លោក Xu Shaoshi បានថ្លែងថា ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៣គឺរៀបគម្រោងតាមសំណើរបស់មជ្ឈិមក្រោមបរិបទនៃការធ្វើកំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ជាពិសេស ត្រូវផ្តោតសំខាន់ទៅលើការដោះស្រាយទំនាក់ទំនងរវាងរដ្ឋាភិបាលនិងទីផ្សារឲ្យបានល្អ ដើរតួនាទីដ៏មានលក្ខណៈសម្រេចរបស់ទីផ្សារក្នុងការបែងចែកប្រភពធនធាន និងដើរតួនាទីរបស់រដ្ឋាភិបាលឲ្យកាន់តែល្អ ។ លោកបានឧទ្ទេសនាមអំពីលក្ខណៈពិសេសនិងចំណុចលេចធ្លោនៃគម្រោងផែនការនេះដូចតទៅ៖
ទីមួយ គោលដៅនៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៣គឺកសាងសង្គមធូរធាបង្គួរដោយគ្រប់ជ្រុងជ្រោយ សម្រេចគោលដៅ១០០ឆ្នាំទីមួយ ។
ទីពីរ ផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៣គឺរៀបចំតាមការចាត់ចែងជាទូទៅនៃ"គម្រោងទាំង៥វិស័យ" គឺការកសាងសេដ្ឋកិច្ច នយោបាយ វប្បធម៌ សង្គមនិងអេកូអារ្យធម៌ និងការរៀបចំចាត់ចែងជាយុទ្ធសាស្ត្រ"គ្រប់ជ្រុងជ្រោយទាំងបួន" គឺកសាងសង្គមធូរធាបង្គួរដោយគ្រប់ជ្រុងជ្រោយ កំណែទម្រង់ស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ គ្រប់គ្រងតាមនីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយនិងគ្រប់គ្រងបក្សយ៉ាងម៉ឺងម៉ាត់ដោយគ្រប់ជ្រុងជ្រោយ ផែនការនេះគឺរៀបគម្រោងតាមញានទស្សនៈដែលច្នៃប្រឌិតថ្មី សម្របសម្រួល ពណ៌បៃតង បើកទូលាយនិងចែករំលែក ។
ទីបី ផែនការនេះគឺអនុវត្តជាក់ស្តែងនូវញានទស្សនៈថ្មីផ្នែកអភិវឌ្ឍន៍ឲ្យស៊ីជម្រៅ និងដឹកនាំសភាពធម្មតាថ្មីផ្នែកសេដ្ឋកិច្ច ។
ទីបួន ផ្តោតសំខាន់ទៅលើការកសាងសង្គមធូរធាបង្គួរដោយគ្រប់ជ្រុងជ្រោយ រៀបចំគោលដៅអភិវឌ្ឍន៍នៃផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៣ដោយវិទ្យាសាស្ត្រ ។