រសៀលថ្ងៃទី៣ខែមីនា មហាសន្និបាតលើកទី៤នៃគណៈកម្មការទូទាំងប្រទេសរបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនអណត្តិទី១២បានសម្ពោធបើកនៅវិមានសភាប្រជាជន ។ ក្នុងរយៈពេលជាង១០ថ្ងៃខាងមុខនេះ សមាជិកសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនជាង២១០០រូបនឹងធ្វើការពិភាក្សាជុំវិញសេចក្តីសង្ខេបនៃគម្រោងផែនការ៥ឆ្នាំទី១៣និងរបាយការណ៍មានពាក់ព័ន្ធ អនុវត្តភារកិច្ចយ៉ាងម៉ត់ចត់ សកម្មបញ្ចេញមតិនិងផ្តល់យោបល់ ដើម្បីរួមវិភាគទានកាន់តែច្រើនសម្រាប់កសាងសង្គមធូរធាបង្គួរដោយគ្រប់ជ្រុងជ្រោយនិងសម្រេចការងើបឡើងវិញដ៏មហិមារបស់ជនជាតិចិន ។
លោក Yu Zhengsheng តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនអណត្តិទី១២បានធ្វើសេចក្តីរាយការណ៍អំពីការងារនៅចំពោះអង្គមហាសន្និបាត ។
លោក Yu Zhengsheng បានថ្លែងថា ឆ្នាំ២០១៦ជាឆ្នាំចាប់ផ្តើមនៃដំណាក់កាលផ្តាច់ព្រ័ត្រនូវការកសាងសង្គមធូរធាបង្គួរដោយគ្រប់ជ្រុងជ្រោយ ហើយក៏ជាឆ្នាំដ៏សំខាន់បំផុតសម្រាប់ជំរុញការធ្វើកំណែទម្រង់ដ៏មានលក្ខណៈរចនាសម្ព័ន្ធផងដែរ ។ ការងាររបស់សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនត្រូវចាត់ទុកការបញ្ចេញមតិនិងផ្តល់យោបល់ជុំវិញគម្រោង៥ឆ្នាំទី១៣ជាទិសដៅសំខាន់នៃការងារ ខិតខំប្រឹងប្រែងបង្កើនប្រសិទ្ធភាពនៃការប្រឹក្សានិងពិភាក្សានយោបាយ ខិតខំប្រឹងប្រែងបង្កើនសមត្ថភាពត្រួតពិនិត្យដែលមានលក្ខណៈប្រជាធិបតេយ្យ ដើម្បីរួមវិភាគទានយ៉ាងសកម្មចំពោះការសម្រេចការចាប់ផ្តើមដ៏ល្អប្រសើរនៃការអភិវឌ្ឍន៍សម្រាប់៥ឆ្នាំទី១៣ ។