ថ្ងៃទី៩ខែកក្កដា កិច្ចជំនួបពិភាក្សាលើកទី៧របស់អ្នកដឹកនាំប្រទេស BRICS បានបើកធ្វើនៅក្រុង Ufa ប្រទេសរុស្ស៊ី ។ លោក Xi Jinping ប្រធានរដ្ឋចិន លោក Putin ប្រធានាធិបតីរុស្ស៊ី លោកស្រី Dilma Rousseff ប្រធានាធិបតីប្រេស៊ីល លោក Narendra Modi នាយករដ្ឋមន្ត្រីឥណ្ឌា និងលោក Jacob Zuma ប្រធានាធិបតីអាហ្វ្រិកខាងត្បូងបានអញ្ជើញចូលរួម ។ អ្នកដឹកនាំរបស់ប្រទេសទាំង៥បានពិភាក្សាគ្នាជុំវិញប្រធានបទ"ទំនាក់ទំនងដៃគូរវាងប្រទេស BRICS" ដោយបានធ្វើការផ្លាស់ប្តូរមតិគ្នាអំពីកិច្ចសហប្រតិបត្តិការរបស់ប្រទេស BRICS និងដើរដល់មតិឯកភាពជាទូទៅ ហើយទទួលសមិទ្ធផលដ៏ច្រើន ។
លោក Xi Jinping បានថ្លែងសុន្ទរកថាដែលមានចំណងជើងថា "រួមគ្នាបង្កើតទំនាក់ទំនងដៃគូ និងបង្កើតអនាគតដ៏ល្អប្រសើរជាមួយគ្នា" ដោយបានបូកសរុបដំណើរកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS និងការលើកឡើងទិសដៅខិតខំប្រឹងប្រែងដើម្បីបង្កើនទំនាក់ទំនងដៃគូរវាងប្រទេស BRICS ។
លោក Xi Jinping បានគូសបញ្ជាក់ថា ក្នុងរយៈពេល៦ឆ្នាំកន្លងទៅនេះ ប្រទេស BRICS បានឆ្លងកាត់ដំណើរមិនប្រក្រតីមួយ ។ យើងសុទ្ធតែសម្រេចចិត្តថា ធ្វើឲ្យទំនាក់ទំនងដៃគូរវាងប្រទេស BRICS មានភាពស៊ីជម្រៅដោយឈរលើស្មារតីបើកទូលាយ អនុគ្រោះ សហប្រតិបត្តិការនិងឈ្នះជាមួយគ្នា ។ លោកបន្តទៀតថា យើងពោរពេញទៅដោយជំនឿចិត្តចំពោះអនាគតនៃយន្តការកិច្ចសហប្រតិបត្តិការរវាងប្រទេស BRICS ។ អំពីការបង្កើនទំនាក់ទំនងដៃគូរវាងប្រទេស BRICS យើងត្រូវខិតខំប្រឹងប្រែងក្នុងវិស័យទាំងបួន ។ ទីមួយ គឺការបង្កើតទំនាក់ទំនងដៃគូគាំពារសន្តិភាពពិភពលោក ។ ទីពីរ បង្កើតទំនាក់ទំនងដៃគូដែលជំរុញការអភិវឌ្ឍន៍ជាមួយគ្នា ។ ទីបី បង្កើតទំនាក់ទំនងដែលផ្សព្វផ្សាយអរិយធម៌ពហុវិស័យ ។ ទីបួន បង្កើតទំនាក់ទំនងដៃគូដែលបង្កើនការគ្រប់គ្រងសេដ្ឋកិច្ចទូទាំងពិភពលោក ។
ពេលពិភាក្សាអំពីបញ្ហានយោបាយនិងសេដ្ឋកិច្ចទូទាំងពិភពលោក លោក Xi Jinping បានគូសបញ្ជាក់ថា ត្រូវបង្កើតទំនាក់ទំនងប្រទេសបែបថ្មីដែលយកកិច្ចសហប្រតិបត្តិការនិងឈ្នះជាមួយគ្នាជាស្នូល ប្រទេស BRICS ត្រូវកែទម្រង់និងកែលម្អការគ្រប់គ្រងសេដ្ឋកិច្ចទូទាំងពិភពលោកឲ្យបានពេញលេញ ជំរុញឲ្យប្រទេសកាន់តែច្រើនគាំទ្រការផ្តើមគំនិតដូចជា ការបង្កើតធនាគារអភិវឌ្ឍន៍ថ្មីនៃប្រទេស BRICS ការរៀបចំចាត់ចែងប្រាក់បម្រុងទុកគ្រាអាសន្ន ខ្សែក្រវាត់មួយនិងផ្លូវមួយ ធនាគារវិនិយោគទុនខាងហេដ្ឋារចនាសម្ព័ន្ធអាស៊ី និងមូលនិធិផ្លូវសូត្រជាដើម ។ ផ្តល់កម្លាំងជំរុញចំពោះកំណើនសេដ្ឋកិច្ចពិភពលោកនិងកំណែទម្រង់ប្រព័ន្ធរូបិយវត្ថុហិរញ្ញវត្ថុអន្តរជាតិ ។