ថ្ងៃទី ១ ខែមិថុនា កិច្ចប្រជុំលើកទី ១៥ របស់គណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ បានឲ្យសច្ចាប័នទៅលើកិច្ចព្រមព្រៀងស្តីពីការបង្កើតធនាគារអភិវឌ្ឍន៍ថ្មី ។ កិច្ចព្រមព្រៀងនេះបានត្រូវចុះហត្ថលេខាដោយលោកLou Jiwei រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុចិនតំណាងរដ្ឋាភិបាលចិននៅប្រទេសប្រេស៊ីលកាលពីថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤ ។ រហូតដល់បច្ចុប្បន្ននេះ ស្ថាប័ននីតិប្បញ្ញាត្តិរបស់ប្រទេសBRICSទាំងប្រាំសុទ្ធតែបានឲ្យសច្ចាប័នទៅលើកិច្ចព្រមព្រៀងនេះរួចហើយ ក្នុងន័យផ្តល់ការធានាដល់ការចាប់ដំណើរការរបស់ធនាគារប្រទេសBRICSនៅដំណាច់ឆ្នាំនេះ ។
ធនាគារអភិវឌ្ឍន៍ថ្មីនៃប្រទេសBRICSជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិដែលរួមសហការគ្នាបណ្តាក់ទុននិងបង្កើតឡើងដោយប្រទេសBRICS ។ នៅថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ២០១៤ ក្នុងអំឡុងពេលធ្វើកិច្ចជំនួបលើកទី ៦ រវាងថ្នាក់ដឹកនាំនៃប្រទេសBRICS តំណាងនៃប្រទេសBRICSបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការបង្កើតធនាគារអភិវឌ្ឍន៍ថ្មី ។ ការនេះបានបង្ហាញឲ្យឃើញថា ការរៀបចំការបង្កើតធនាគារប្រទេសBRICSបានទទួលការវិវឌ្ឍនជាដំណាក់កាលដ៏សំខាន់ ៕