ការរៀបចំយុទ្ធសាស្ត្រ "គ្រប់ជ្រុងជ្រោយចំនួន ៤ "ដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិននាពេលកន្លងទៅនេះបានបណ្តាលអោយសហគមន៍អន្តរជាតិយកចិត្តទុកដាក់យ៉ាងទូលំទូលាយ។ លោកបណ្ឌិត Pierre Picquart អ្នកជំនាញការខាងបញ្ហាប្រទេសចិនរបស់ប្រទេសបារាំងបានថ្លែងនៅពេលទទួលបទសម្ភាសពីអ្នកយកព័ត៌មានវិទ្យុអន្តរជាតិចិនថា ការរៀបចំយុទ្ធសាស្ត្រ "គ្រប់ជ្រុងជ្រោយចំនួន ៤ "នឹងធានាជាក់លាក់អោយប្រទេសចិនអាចបង្កើតបានសង្គមកាន់តែរុងរឿង ហើយធ្វើអោយជនជាតិចិនកាន់តែច្រើនអាចចែករំលែកលទ្ធផលនៃការអភិវឌ្ឍន៍។
យុទ្ធសាស្ត្រ"គ្រប់ជ្រុងជ្រោយចំនួន ៤ " និយាយអោយពឺស្តារគឺសំដៅលើការបង្កើតសង្គមដែលមានជីវភាពរស់នៅក្នុងកម្រិតធូរល្មមដោយគ្រប់ជ្រុងជ្រោយ ធ្វើកំណែទម្រង់អោយស៊ីជម្រៅដោយគ្រប់ជ្រុងជ្រោយ ជំរុញការគ្រប់គ្រងតាមនីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ គ្រប់គ្រងបក្សយ៉ាងម៉ឹងម៉ាត់ដោយគ្រប់ជ្រុងជ្រោយ។ លោក Picquart បានយល់ឃើញថា យុទ្ធសាស្ត្រ"គ្រប់ជ្រុងជ្រោយចំនួន ៤ "បានគ្របដណ្តប់ទៅលើគោលដៅក្នុងអំឡុងពេលខ្លី មធ្យម និងវែងរបស់ប្រទេសចិនដើម្បីសម្រេចការកសាងសង្គមកាន់តែរុងរឿង ចំណែកគោលដៅស្តីពី "ការកសាងបានសង្គមដែលមានជីវភាពរស់នៅក្នុងកម្រិតធូរល្មមដោយគ្រប់ជ្រុងជ្រោយ" បានបង្ហាញនូវក្តីសង្ឃឹមស្តីពីការខិតខំកាត់បន្ថយតម្លាតនៃការវិវឌ្ឍន៍និងកែលម្អជីវភាពរស់នៅរបស់ប្រជាជននៃរដ្ឋាភិបាលចិន។
លោក Picquart បានសម្គាល់ថា ឆ្នាំ ២០១៤ រដ្ឋាភិបាលចិនទទួលបានសមិទ្ធផលធំសម្បើមក្នុងការបណ្តាក់ទុនលើវិស័យដូចជាកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ សេវាសាធារណៈ ការកែសម្រួលរចនាសម្ព័ន្ធឧស្សាហកម្ម និងជំរុញកំណែទម្រង់ខាងហិរញ្ញវត្ថុ សេដ្ឋកិច្ច អប់រំ វិទ្យាសាស្ត្រនិងបច្ចេវិជ្ជា ព្រមទាំងបរិស្ថានជាដើម។ ប៉ុន្តែ បើចង់សម្រេចបានគោលដៅ "កសាងបានសង្គមដែលមានជីវភាពរស់នៅក្នុងកម្រិតធូរល្មមដោយគ្រប់ជ្រុងជ្រោយ" មួយនេះ គឺសេដ្ឋកិច្ចចិនត្រូវរក្សាការអភិវឌ្ឍន៍ដោយល្បឿនមធ្យមនិងខ្ពស់ ធ្វើអោយលទ្ធផលនៃកំណើនសេដ្ឋកិច្ចផ្តល់ផលប្រយោជន៍ដល់ប្រជាជន ដែលនេះក៏ទាមទារអោយបន្តធ្វើការកំណែទម្រង់អោយកាន់តែស៊ីជម្រៅថែមទៀត។
ក្រៅពីនេះ លោក Picquart នៅបានយល់ឃើញថា ទោះជារដ្ឋាភិបាលចិនបានចាត់វិធានការធ្វើកំណែទម្រង់ជាច្រើនក៏ដោយ តែនៅពេលអនាគតត្រូវបន្តខិតខំតទៅទៀត។ លោកសម្គាល់ថា បក្សកម្មុយនិសចិនជាបក្សដឹកនាំរដ្ឋាភិបាល ដូច្នេះហើយ "ការគ្រប់គ្រប់បក្សយ៉ាងម៉ឹងម៉ាត់ដោយគ្រប់ជ្រុងជ្រោយ"អាចជួយធានាជាក់លាក់អោយកំណែទម្រង់គ្រប់ប្រភេទដំណើរការទៅមុខបានដោយរលូន៕