ថ្ងៃទី ៨ ខែមីនា លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិនបានថ្លែងនៅក្រុងប៉េកាំងថា ពាក្យគន្លឹះនៃការទូតប្រទេសចិនសម្រាប់ឆ្នាំ ២០១៥ គឺ "ចំណុចសំខាន់មួយ ខ្សែសំខាន់ពីរ"។ "ចំណុចសំខាន់មួយ"គឺផ្តោតទៅលើការជំរុញដោយគ្រប់ជ្រុងជ្រោយនូវ "ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ" "ខ្សែសំខាន់ពីរ"គឺត្រូវធ្វើអោយបានល្អនូវកិច្ចការពីរមុខគឺសន្តិភាពនិងវិឌ្ឍនៈភាព។
មហាសន្និបាតលើកទី ៣ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១២ បានបើកធ្វើសន្និសិទប្រកាសព័ត៌មាននៅថ្ងៃទី ៨ ខែមីនា លោក វ៉ាង យី បានឆ្លើយទៅនឹងសំនួររបស់អ្នកកាសែតថា ឆ្នាំ ២០១៤ ជាក់ស្តែងជាឆ្នាំបានសមទិ្ធផលច្រើនសម្រាប់ការទូតរបស់ប្រទេសចិន ហើយក៏ជាឆ្នាំបើកទំព័រថ្មី និងជាឆ្នាំច្នៃប្រឌិតថ្មីផងដែរ។
លោកបានថ្លែងថា ក្រោមការដឹកនាំរបស់មជ្ឈឹមបក្សកម្មុយនិសចិនដែលមានលោក ស៊ី ជីនភីង ជាអគ្គលេខាធិការបក្ស យើងបានរៀបចំធ្វើជាម្ចាស់ផ្ទះប្រកបដោយជោគជ័យនៃកិច្ចការការទូតដ៏ធំសំនាន់ពីរ គឺ កិច្ចប្រជុំកំពូលសហការនិងវិធានការទំនុកចិត្តទ្វីបអាស៊ីសៀងហៃ និងកិច្ចប្រជុំ APEC ប៉េកាំង ដែលបានបើកទំព័រប្រវត្តិសាស្ត្រចិនយ៉ាងស៊ីជម្រៅ។ យើងបានសកម្មចូលរួមក្នុងការដោះស្រាយបញ្ហាចំណុចក្តៅលើពិភពលោក បានដើរតួនាទីចិនក្នុងកិច្ចការតំបន់និងអន្តរជាតិ។
លោក វ៉ាង យី បានថ្លែងទៀតថា យើងបាននិងកំពុងខិតខំពង្រីកកិច្ចសហប្រតិបត្តិការជាមួយបរទេស សេចក្តីស្នើរនៃ "ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ"ទទួលបានការឆ្លើយតបយ៉ាងទូលំទូលាយ។ អ្វីគួរអោយលើកឡើងជាពិសេសគឺ យើងបានផ្តោតសំខាន់ទៅលើការបង្កើតទំនាក់ទំនងអន្តរជាតិបែបថ្មីដែលចាត់ទុកកិច្ចសហប្រតិបត្តិការនិងការឈ្នះ-ឈ្នះជាស្នូល ហើយយើងក៏កំពុងដើរតាមផ្លូវថ្មីដើម្បីធ្វើទំនាក់ទំនងការទូតជាមួយបរទេសដែលចងមិត្តតែមិនចងសម្ព័ន្ធជាមួយយើង។
ពេលនិយាយដល់អនាគតនៃការងារការទូតចិនឆ្នាំ ២០១៥ លោក វ៉ាង យី បានថ្លែងថា យើងនឹងរក្សានិន្នាការឈានឆ្ពោះទៅមុខ ពង្រីកអោយកាន់តែធំនូវការងារការទូតគ្រប់ជ្រុងជ្រោយ ព្រមនិងគាំពារផលប្រយោជន៍ជាតិដោយម៉ឹងម៉ាត់ នឹងបន្តពង្រីកផលប្រយោជន៍រួមគ្នាជាមួយបណ្តាប្រទេសលើពិភពលោក។ ពាក្យគន្លឹះការទូតចិនសម្រាប់ឆ្នាំ ២០១៥ គឺ "ចំណុចសំខាន់មួយ ខ្សែសំខាន់ពីរ"។
"ចំណុចសំខាន់មួយ គឺជំរុញដោយគ្រប់ជ្រុងជ្រោយនូវតំបន់ខ្សែក្រវ៉ាត់មួយនិងផ្លូវមួយ"។ លោក វ៉ាង យី បានពន្យល់ថា យើងនឹងបង្កើនការទាក់ទងខាងនយោបាយជាមួយប្រទេសនានាអោយថែមមួយកម្រិតទៀត បន្តពង្រីកចំណុចសមស្របខាងផលប្រយោជន៍រវាងគ្នានិងគ្នា។ យើងនឹងសិក្សាស្វែងរកវិធីដ៏មានប្រសិទ្ធិភាពក្នុងការធ្វើកិច្ចសហប្រតិបត្តិការមានប្រយោជន៍ដូចគ្នា សំខាន់នឹងជំរុញការកសាងខាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ទំនាក់ទំនងគ្នា ច្រកសេដ្ឋកិច្ចលើដែនគោក និងក្រុងជាចំណុចសំខាន់ខាងសហការលើសមុទ្រ។
"ខ្សែសំខាន់ពីរគឺត្រូវធ្វើអោយបានល្អនូវកិច្ចការពីរខាងសន្តិភាពនិងវឌ្ឍនភាព។" លោក វ៉ាង យី បានពន្យល់ថា យើងនឹងរួមជាមួយសហគមន័អន្តរជាតិ រៀបចំធ្វើអោយបានល្អនូវសកម្មភាពរំលឹកខួបឆ្នាំទី ៧០ នៃជ័យជំនះសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក យកប្រវត្តិសាស្ត្រជាមេរៀន បើកទំព័រអនាគត ធ្វើអោយប្រទេសចិនក្លាយទៅជាកម្លាំងខ្លាំងសំខាន់ក្នុងការគាំពារសន្តិភាព៕