ថ្ងៃទី ១៥ ខែវិច្ឆិកា សន្និសិទកំពូលលើកទី ៩ នៃថ្នាក់ដឹកនាំក្រុមប្រទេស G20 បានបើកធ្វើនៅក្រុង Brisbane ប្រទេសអូស្ត្រាលី។ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ចើញចូលរួមក្នុងសន្និសិទហើយបានឡើងថ្លែងសន្ទរកថាដ៏មានអត្ថន័យសំខាន់ក្រោមចំណងជើងថា « ជំរុញការអភិវឌ្ឍន៍ខាងការច្នៃប្រឌិតថ្មី សម្រេចការកើនឡើងជាមួយគ្នា » ដោយផ្តួចផ្តើមអោយធ្វើជាដៃគូអភិវឌ្ឍន៍រួមគ្នាដើម្បីជំរុញកំណែទម្រង់សេដ្ឋកិច្ច សម្រេចយុទ្ធសាស្ត្រកើនឡើងដោយគ្រប់ជ្រុងជ្រោយ ជំរុញអោយសេដ្ឋកិច្ចពិភពលោកក្លាយពីការងើបឡើងវិញក្នុងលក្ខណៈរយៈពេលខ្លីកែប្រែទៅជាកំណើនបែបនិរន្តរភាព។ លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា ប្រទេសចិននឹងបន្តរក្សានិន្នាការកំណើនសេដ្ឋកិច្ច ដើម្បីផ្តល់វិភាគទានកាន់តែច្រើនដល់ការជំរុញកំណើនសេដ្ឋកិច្ចពិភពលោក។
លោក ស៊ី ជីនភីង បានវែកញែកក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ សេដ្ឋកិច្ចពិភពលោកបានចេញផុតពីសភាពអនថយ វិវឌ្ឍន៍ទៅរកទិសដៅកាន់តែល្អដោយឥតឈប់ឈរ។ ភារកិច្ចដំបូងសម្រាប់យើងនាពេលបច្ចុប្បន្ននេះគឺសម្របសម្រួលគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច រួមគ្នាដោះស្រាយបញ្ហាលំបាកនៃការអភិវឌ្ឍន៍ កាត់បន្ថយហានិភ័យសេដ្ឋកិច្ច ដើម្បីសម្រេចភាពរុងរឿងនៃសេដ្ឋកិច្ច ស្ថិរភាពនៃហរិញ្ញវត្ថុ ការអភិវឌ្ឍន៍ខាងពាណិជ្ជកម្ម ការមានការងារធ្វើនិងកែលម្អជីវភាពរស់នៅរបស់ប្រជាជន។
លោក ស៊ី ជីនភីង បានបន្តទៀតថា នៅពេលថ្មីៗនេះ អង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកបានធ្វើផែនការដើម្បីជំរុញកំណើនក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមប្រទេស G20 ក៏កំពុងធ្វើការខិតខំផងដែរ ដើម្បីកំណត់យុទ្ធសាស្ត្រកំណើនដោយគ្រប់ជ្រុងជ្រោយ។
លោក ស៊ី ជីនភីង បានស្នើអោយក្រុមប្រទេស G20 ធ្វើការខិតខំទៅលើវិស័យមួយចំនួនដូចជា៖ ទីមួយ ការច្នៃប្រឌិតថ្មីនូវវិធីអភិវឌ្ឍន៍។ ទីពីរ ការបង្កើតសេដ្ឋកិច្ចពិភពលោកបែបបើកចំហ។ ទីបី កែសម្រួលការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកអោយបានល្អ។
លោក ស៊ី ជីនភីង បានសង្កត់ធ្ងន់ថា កំណើនសេដ្ឋកិច្ចចិនគឺជាកម្លាំងចលការដ៏សំខាន់មួយនៃកំណើនសេដ្ឋកិច្ចពិភពលោក។ បើយោងតាមការប៉ាន់ប្រមាណពីអង្គការអន្តរជាតិបានអោយដឹងថា ប្រទេសចិនគឺជាអ្នកផ្តល់វិភាគទានដ៏ធំបំផុតមួយក្នុងយុទ្ធសាស្ត្រកំណើនដោយគ្រប់ជ្រុងជ្រោយនៃក្រុមប្រទេស G20 ។ សេដ្ឋកិច្ចចិននឹងបន្តរក្សានិន្នាការដ៏មានកម្លាំង ជានិរន្តរភាព និងកើនឡើងដោយតុល្យភាព។ ប្រទេសចិននឹងផ្តល់តម្រូវការកាន់តែច្រើនដល់សេដ្ឋកិច្ចពិភពលោក ព្រមទាំងនឹងបង្កើតឱកាសកាន់តែច្រើនខាងទីផ្សារ វិនិយោគទុន និងកំណើន។
លោក ស៊ី ជីនភីង បានគូសបញ្ជាក់នៅចុងក្រោយថា សមាជិកក្រុមប្រទេស G20 ត្រូវមានស្មារតីសហគមន៍រួមផលប្រយោជន៍និងរួមវាសនា ខិតខំបង្កើតសភាពការណ៍សហការនិងឈ្នះ-ឈ្នះដែលកំណើននៃបណ្តាប្រទេសអាចជំរុញគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ដល់ទៅវិញទៅមក ដើម្បីធ្វើអោយក្រុមប្រទេស G20 ក្លាយទៅជាម៉ាស៊ីនរក្សាស្ថិរភាពសេដ្ឋកិច្ចពិភពលោក ម៉ាស៊ីនកាតាលីកនៃកំណើនពិភពលោក និងម៉ាស៊ីនជំរុញការគ្រប់គ្រងសេដ្ឋកិច្ចពិភពលោកយ៉ាងពិតប្រាកដ។
អ្នកដឹកនាំមកពីបណ្តាប្រទេសជាសមាជិកបានវាយតម្លៃយ៉ាងខ្ពស់ដល់ប្រទេសចិនដែលសកម្មកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ច កែប្រែវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច ហើយជឿជាក់ថាការដែលប្រទេសចិនធ្វើអោយកំណែទម្រង់កាន់តែស៊ីជម្រៅនឹងជំរុញអោយសេដ្ឋកិច្ចចិនវិវឌ្ឍន៍យ៉ាងល្អប្រសើរនិងដោយនិរន្តរភាព ហើយក៏នឹងផ្តល់វិភាគទានកាន់តែច្រើនដល់ការអភិវឌ្ឍន៍ពិភពលោកផងដែរ៕