ព្រឹកថ្ងៃទី ១៤ ខែវិច្ឆិកាតាមម៉ោងតំបន់ លោក Li Keqiang នាយករដ្ឋមន្ត្រីចិនបានធ្វើជំនួបពិភាក្សាជាមួយលោក U Thein Sein ប្រធានាធិបតីមីយ៉ាន់ម៉ានៅក្រុងណៃពីដោ ។ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់និងដើរដល់មតិឯកភាពគ្នាជាទូទៅស្តីពីការជំរុញទំនាក់ទំនងរវាងចិននិងមីយ៉ាន់ម៉ាថែមមួយកម្រិតទៀត និងពង្រីកកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រក្នុងគ្រប់ជ្រុងជ្រោយដោយស៊ីជម្រៅជាដើម ។
លោក Li Keqiang បានពាំនាំការផ្តាំផ្ញើរសាកសួរសុខទុក្ខយ៉ាងជិតស្និតរបស់លោក Xi Jinping ប្រធានរដ្ឋចិនជូនចំពោះលោកប្រធានាធិបតី U Thein Sein ។ លោក Li Keqiang បានថ្លែងថា តាំងពីប្រទេសទាំងពីរបានចងសម្ព័ន្ធផ្លូវទូត ៦៤ ឆ្នាំរៀងមក ប្រទេសទាំងពីរបានគោរពគ្នាទៅវិញទៅមកនិងរាប់អានគ្នាដោយស្មោះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការដោយមេត្រីភាពរវាងទ្វេភាគីបានទទួលការវិវឌ្ឍន៍យ៉ាងខ្លាំងក្លានៅលើមូលដ្ឋានគោលការណ៍ ៥ ចំណុចនៃការរាប់អានគ្នាដោយសន្តិភាព ។ ភាគីចិនរីករាយចិត្តរួមជាមួយប្រទេសមីយ៉ាន់ម៉ា លើកកម្ពស់កម្រិតនៃកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្ររវាងចិននិងមីយ៉ាន់ម៉ា ប្រទេសទាំងពីរនឹងធ្វើជាប្រទេសជិតខាងល្អ មិត្តភ័ក្តល្អ និងដៃគូល្អជានិច្ចកាល ។
លោក Li Keqiang បានបញ្ជាក់ថា ភាគីទាំងពីរត្រូវរក្សាការទៅមករកគ្នារវាងថ្នាក់ដឹកនាំ ពង្រីកការជឿទុកចិត្តគ្នា និងបើកធ្វើកិច្ចសហប្រតិបត្តិការក្នុងគម្រោងធំៗ ។ ភាគីចិនរីករាយចិត្តរួមជាមួយមីយ៉ាន់ម៉ាជំរុញការកសាងមានពាក់ព័ន្ធនៃរបៀងសេដ្ឋកិច្ចរវាងបង់ក្លាដេស ចិន ឥណ្ឌានិងមីយ៉ាន់ម៉ា ជំរុញការតភ្ជាប់គ្នារវាងមីយ៉ាន់ម៉ានិងតំបន់ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គម ។
លោក U Thein Sein តំណាងអោយរដ្ឋាភិបាលនិងប្រជាជនមីយ៉ាន់ម៉ាថ្លែងការស្វាគមន៍យ៉ាងរាក់ទាក់កក់ក្តៅចំពោះលោកនាយករដ្ឋមន្ត្រី Li Keqiang ដែលបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាបន្ទាប់ពីចូលរួមសន្និសីទមួយចំនួននៃថ្នាក់ដឹកនាំកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ។ លោក បានថ្លែងថា ភាគីមីយ៉ាន់ម៉ាថ្លែងអំណរគុណដល់ការគាំទ្រនិងជំនួយរបស់ភាគីចិន ។ ទោះបីដំណើរទស្សនកិច្ចរបស់លោក Li Keqiang លើកនេះមានរយៈពេលខ្លីក៏ដោយ ប៉ុន្តែទទួលបានលទ្ធផលដ៏គាប់ប្រសើរដែលនឹងមានកម្លាំងជំរុញយ៉ាងខ្លាំងដល់កិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងមិត្តភាពរវាងប្រជាជនប្រទេសទាំងពីរ ។ ភាគីមីយ៉ាន់ម៉ារីករាយចិត្តឆ្លៀតប្រើឱកាសនៃដំណើរទស្សនកិច្ចលើកនេះ បង្កើនកិច្ចសហប្រតិបត្តិការនិងការផ្លាស់ប្តូរជាមួយភាគីចិនថែមមួយកម្រិតទៀតដោយធ្វើការគាំទ្រ ហើយនឹងសកម្មចូលរួមការកសាងរបៀងសេដ្ឋកិច្ចបង់ក្លាសដេស ចិន ឥណ្ឌា និងមីយ៉ាន់ម៉ា តំបន់សេដ្ឋកិច្ចនៃផ្លូវស្រូតនិងផ្លូវសូត្រលើសមុទ្រនៃសតវត្សរ៍ទី ២១ និងធនាគារវិនិយោគអាស៊ី ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរទទួលបានការវិវឌ្ឍន៍ថ្មី ។