ថ្ងៃស្អែកនេះ ខ្ញុំនឹងធ្វើដំណើរទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីចូលរួមសន្និសីទពាក់ព័ន្ធមួយចំនួននៃថ្នាក់ដឹកនាំអង្គការសហប្រតិបត្តិការអាស៊ីបូព៌ាឆ្នាំនេះ ។ ថ្នាក់ដឹកនាំនៃប្រទេសចំនួន ១៨ នឹងជួបជុំគ្នានៅក្រុងណៃពីដោ ដើម្បីរួមគ្នាពិភាក្សាអំពីមាគ៌ាសហប្រតិបត្តិការនៃការអភិវឌ្ឍន៍ដោយសន្តិភាពរបស់អាស៊ីបូព៌ា ដែលញ៉ាំងឲ្យមជ្ឈដ្ឋានខាងក្រៅផ្តោតក្រសែចក្ខុយ៉ាងខ្លាំង ។ ខ្ញុំរំពឹងទុកថា តាមរយៈកិច្ចប្រជុំលើកនេះ កិច្ចសហប្រតិបត្តិការមេត្រីភាពរវាងចិននិងអាស៊ាននឹងបោះជំហានរឹតតែរឹងមាំ ហើយទទួលបានសមិទ្ធផលកាន់តែគាប់ចិត្ត ។
ប្រទេសចិននិងប្រទេសអាស៊ានបានតភ្ជាប់គ្នាទាំងដែនគោកនិងសមុទ្រ ដែលមានខ្សែបន្ទាត់ព្រំដែនលើគោកសរុបជាង ៤ ពាន់គីឡូម៉ែត្រ ។ រាប់រយពាន់ឆ្នាំកន្លងមកនេះ យើងមានវប្បធម៌ប្រហាក់ប្រហែលគ្នា និងមានសាច់ឈាមផ្សារភ្ជាប់គ្នា គឺជាគំរូក្នុងប្រវត្តិសាស្រ្តនៃអរិយធម៌អាស៊ីបូព៌ាដែលមានជនជាតិ សាសនា និងវប្បធម៌ទីទៃគ្នងធ្វើការផ្លាស់ប្តូរនិងរៀនសូត្របទពិសោធន៍រវាងគ្នានិងគ្នា ព្រមនិងរួមគ្នាអភិវឌ្ឍន៍ ។ ចលនាទាមទារឯករាជ្យប្រជាជាតិក្នុងសម័យថ្មីដែលប្រែប្រួលឥតឈប់បានផ្សារភ្ជាប់នូវជោគវាសនារបស់យើងឲ្យមានភាពកាន់តែស្អិតល្មួត ។ បន្ទាប់ពីទសវត្សរ៍ឆ្នាំ ៧០ និង ៨០ នៃសតវត្សរ៍មុន "អច្ឆរិយអាស៊ី" បានទាក់ទាញក្រសែភ្នែកពិភពលោក ដែលក្នុងនោះគុណបំណាច់របស់ប្រទេសចិននិងអាស៊ានគឺធំធេងពុំអាចកាត់ថ្លៃបាន ។ រាប់សិបឆ្នាំកន្លងទៅនេះ តាមរយៈការខិតខំតស៊ូឥតស្រាកស្រាន្តនៃភាគីទាំងពីរ យើងបានចាប់ផ្តើមពីការចងចំណងការទូតនិងបានកា្លយជាដៃគូយុទ្ធសាស្រ្ត ហើយបាននិងកំពុងជំរុញជាបន្តបន្ទាប់នូវការកសាងទំនុកចិត្តលើគ្នា ត្រួសត្រាយកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយ សំដៅផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃបណ្តាប្រទេសនានា ហើយក៏ជំរុញដល់ស្ថិរភាពនិងភាពរុងរឿងនៃតំបន់អាស៊ីបូព៌ាផងដែរ ។
ប្រទេសចិនជាកម្លាំងស្នូលសម្រាប់គាំពារសន្តិភាពនៅអាស៊ីបូព៌ា ហើយក៏គាំទ្រអាស៊ានដើរតួនាទីយ៉ាងសកម្មក្នុងការគាំពារស្ថិរភាពក្នុងតំបន់នេះផងដែរ ។ រយៈពេលជាង ២០ ឆ្នាំបន្ទាប់ពីសង្រ្គាមត្រជាក់ មូលហេតុចម្បងដែលអាស៊ីបូព៌ាបានងើបឡើងយ៉ាងឆាប់រហ័សគឺដោយសារតែយើងបានឃ្លាតឆ្ងាយអំពីសង្រ្គាមនិងភាពរង្គោះរង្គើ ។ យើងសុទ្ធតែបានជឿជាក់ថា ការគោរពគ្នានិងការរួមរស់នៅដោយសុខដុមរមនាគឺជាលក្ខខណ្ឌជាអាទិភាពនៃការរក្សាទំនាក់ទំនងល្អប្រសើររវាងប្រទេសនិងប្រទេស ។ ហើយការស្វែងរកមតិឯកភាពរក្សាទុកមតិខុសគ្នានិងពិគ្រោះពិភាក្សាដោយសមភាពគឺជាវិធីសាស្រ្តដ៏សមហេតុផលសម្រាប់ដោះស្រាយការខ្វែងគំនិតគ្នា ។ នៅក្នុងចំណោមដៃគូសន្ទនារបស់អាស៊ាន ប្រទេសចិនបានចូលរួម "សន្ធិសញ្ញាសហប្រតិបត្តិការមិត្តភាពអាស៊ីអាគ្េនយ៍" មុនគេ បានកសាងទំនាក់ទំនងដៃគូយុទ្ធសាស្រ្តជាមួយអាស៊ានមុនគេ ហើយក៏បានផ្តួចផ្តើមឲ្យមានការចុះហត្ថលេខាលើ "សន្ធិសញ្ញាសហប្រតិបត្តិការដោយសុខដុមរមនានិងមានមេត្រីភាព"ជាមួយអាស៊ានមុនគេបង្អស់ផងដែរ ។ មានតែបង្កបង្កើតនូវបរិយាកាសក្នុងតំបន់ដែលប្រកបដោយសន្តិសុខនិងមានស្ថិរភាពប៉ុណ្ណោះទេ ទើបប្រទេសចិននិងអាស៊ានអាចផ្តោតសំខាន់ទៅលើការអភិវឌ្ឍន៍នៃប្រទេសរៀងៗខ្លួន ដែលសម្រេចបាននូវការធ្វើឲ្យប្រទេសជាតិមានភាពរុងរឿង ។
ទំនាក់ទំនងរវាងចិននិងអាស៊ានជាកម្លាំងចលករសម្រាប់ជំរុញការអភិវឌ្ឍន៍និងភាពរុងរឿងថ្កុំថ្កើងក្នុងតំបន់ ។ ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំបំផុតរបស់អាស៊ាន ហើយក៏ជាប្រទេសវិនិយោគទុនធំទីបីរបស់អាស៊ានផងដែរ ។ តាំងពីឆ្នាំ ២០០២ រៀងមក ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរបានកើនឡើង ៧ ដង ឯការវិនិយោគបានកើនឡើង ៤ ដង ។ ឆ្នាំ ២០១៣ ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរបានកើនដល់ ៤ សែន ៤ ម៉ឺន ៣ ពាន់ ៦រយ លាន (៤៤៣៦០០ លាន) ដុល្លារអាមេរិក ទំហំវិនិយោគសរុបបានកើនដល់ ១ សែន ២ ម៉ឺន លានដុល្លារអាមេរិក ។ ការផ្លាស់ប្តូរគ្នារវាងបុគ្គលិកភាគីទាំងពីរបានកើនដល់ ១៨ លាននាក់ ។ ទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មដ៏ស្អិតល្មួតនិងសក្តានុពលដ៏ធំធេងនៃទីផ្សាររបស់យើងបានជំរុញការអភិវឌ្ឍន៍តំបន់យ៉ាងខ្លាំង ធ្វើអោយអាស៊ីបូព៌ាក្លាយទៅជាតំបន់ដែលមានល្បឿននៃកំណើនសេដ្ឋកិច្ចលឿនបំផុត និងមានកម្លាំងរស់រវើកក្នុងការអភិវឌ្ឍន៍ខ្លាំងបំផុតលើពិភពលោកនាពេលបច្ចុប្បន្ននេះ ។
ទំនាក់ទំនងរវាងចិននិងអាស៊ានជាគំរូនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ ។ ជាច្រើនឆ្នាំកន្លងមក ប្រទេសចិននិងអាស៊ានហ៊ានសាកល្បងទៅធ្វើអ្វីៗមុនគេ ដែលបាននូវលេខ ១ ជាច្រើនលើពិភពលោក ។ ក្នុងចំណោមដៃគូសន្ទនារបស់អាស៊ាន ប្រទេសចិនបានចូលរួមក្នុង «អនុសញ្ញានៃកិច្ចសហប្រតិបត្តិការដោយមេត្រីភាពនៅអាស៊ីអាគ្នេយ៍» មុនគេ បង្កើតទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រជាមួយអាស៊ានមុនគេ ព្រមទាំងសម្តែងការគាំទ្រមុនគេសម្រាប់ការដែលចុះហត្ថលេខាលើពិធីសារ «តំបន់គ្មានអាវុធនុយគ្លេអ៊ែរនៅអាស៊ីអាគ្នេយ៍» ជាមួយអាស៊ាន នាំមុខចាប់ដំណើរការកិច្ចពិគ្រោះពិភាក្សាអំពីតំបន់ពាណិជ្ជកម្មសេរីជាមួយអាស៊ាន និងបានបង្កើតជាតំបន់ពាណិជ្ជកម្មសេរីនៃប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុតលើពិភពលោក ។ ទំនាក់ទំនងរវាងចិននិងអាស៊ានមិនគ្រាន់តែបានជួយជំរុញដល់ការវិវឌ្ឍន៍ទំនាក់ទំនងរវាងអាស៊ាននិងដៃគូផ្សេងទៀតប៉ុណ្ណោះទេ ថែមទាំងបានបំពេញបន្ថែមនូវកម្លាំងចលករដ៏ខ្លាំងសម្រាប់ដំណើរវិវឌ្ឍន៍នៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ាទៀតផង ។
"សាច់ញាតិសង្ឃឹមសាច់ញាតិល្អ អ្នកជិតខាងសង្ឃឹមអ្នកជិតខាងល្អ" ។ ប្រទេសចិនយកចិត្តទុកដាក់ខ្ពស់ចំពោះអាស៊ាន ហើយបានចាត់ទុកអាស៊ានជាទិសដៅអទិភាពនៃកិច្ចការទូតជាមួយប្រទេសជិតខាងរបស់ប្រទេសចិន ។ យើងគាំទ្រយ៉ាងមុតមាំចំពោះសាមគ្គីភាពនិងការរីកចំរើនរបស់អាស៊ាន គាំទ្រការកសាងសហគមន៍អាស៊ានតែមួយ និងគាំទ្រឋានៈដឹកនាំរបស់អាស៊ានក្នុងកិច្ចសហប្រតិបត្តិការតំបន់ ។ ក្នុងចំណោមដៃគូសន្ទនារបស់អាស៊ាន ប្រទេសចិនយកចិត្តទុកដាក់ចំពោះអាស៊ានបំផុត គាំទ្រអាស៊ានបំផុត ហើយបានធ្វើវិនិយោគច្រើនបំផុតនៅអាស៊ាន និងបានលើកឡើងនូវគំនិតផ្តួចផ្តើមសម្រាប់កិច្ចសហប្រតិបត្តិការច្រើនបំផុតផងដែរ ។ មិត្តភ័ក្តិអាស៊ានជាច្រើនសុទ្ធតែថ្លែងថា ទំនាក់ទំនងរវាងចិននិងអាស៊ានជាទំនាក់ទំនងមួយដែលខ្លាំងបំផុតនិងពោរពេញទៅដោយភាពរស់រវើកបំផុតក្នុងចំណោមដៃគូសន្ទនារបស់អាស៊ាន ។
ក្នុងសន្និសីទថ្នាក់ដឹកនាំចិននិងអាស៊ាននៅឆ្នាំទៅ ខ្ញុំបានលើកឡើងនូវ "ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការ ២ បូក ៧" ដែលរួមមានមតិឯកភាពផ្នែកនយោបាយពីរចំណុច និងកិច្ចសហប្រតិបត្តិការលើ ៧ វិស័យធំៗស្តីអំពីការអភិវឌ្ឍន៍នៃទំនាក់ទំនងរវាងភាគីទាំងពីរ ។ មួយឆ្នាំកន្លងមក ទំនាក់ទំនងរវាងចិននិងអាស៊ានទទួលបានការវិវឌ្ឍន៍ដ៏ធំនិងសំខាន់ ។ នៅ ៩ ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរមានចំនួន ៣៤៦៦០០ លានដុល្លារអាមេរិក បានកើនឡើង ៧,៥ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ ។ យើងបានឈានដល់មតិឯកភាពគ្នាអំពីការលើកកម្ពស់លំដាប់ថ្នាក់នៃតំបន់ពាណិជ្ជកម្មសេរីចិននិងអាស៊ាន ហើយបានចាប់ផ្តើមធ្វើការចរចាជាផ្លូវការ ។ សួនឧស្សាហកម្មក្រុងស៊ូចូវ និងក្រុងអេកូ-បរិស្ថានធានជីនរវាងចិននិងសិង្ហបុរីបានដំណើរការដោយរលូន ភាគីទាំងពីរកំពុងពិគ្រោះពិភាក្សាបង្កើតកម្មវិធីកិច្ចសហប្រតិបត្តិការរវាងអន្តររដ្ឋាភិបាលទីបីនៃប្រទេសទាំងពីរក្នុងតំបន់ភាគខាងលិចនៃប្រទេសចិន ។ កម្មវិធីនៃកិច្ចសហប្រតិបត្តិការ"សួនឧស្សាហកម្មពីរនៃប្រទេសពីរ"រវាងចិននិងម៉ាឡេស៊ី ការកសាងតំបន់កិច្ចសហប្រតិបត្តិការឆ្លងដែនរវាងចិននិងមីយ៉ាន់ម៉ា ចិននិងវៀតណាមជាដើមបានវិវឌ្ឍន៍ដោយនឹងនរ ហើយកិច្ចសហប្រតិបត្តិការលើសមុទ្ររវាងចិននិងឥណ្ឌូនេស៊ីក៏ទទួលបានប្រសិទ្ធផលដ៏សម្បូរបែបផងដែរ ។
យើងរួមគ្នាជំរុញការតភ្ជាប់គ្នាក្នុងតំបន់ ហើយបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់អំពីការគ្រោងផែនការកសាងធនាគារវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធអាស៊ីនៅក្រុងប៉េកាំងនាខែតុលាឆ្នាំនេះ ប្រទេសអាស៊ានទាំង ១០ សុទ្ធតែបានយល់ព្រមចូលរួមក្នុងនាមជាសមាជិកអ្នកផ្តួចផ្តើម ។ ប្រទេសចិនបានបង្កើតមូលនិធិសហប្រតិបត្តិការលើសមុទ្ររវាងចិននិងអាស៊ាន និងមូលនិធិសហប្រតិបត្តិការផ្នែកវិនិយោគរវាងចិននិងអាស៊ាន សម្រាប់ប្រើប្រាស់ក្នុងការគាំទ្រកម្មវិធីកសាងហេដ្ឋារចនាសម្ព័ន្ធរបស់ភាគីទាំងពីរជាដើម ។ ក្រៅពីនេះ ប្រទេសចិនកំពុងសកម្មធ្វើការពិគ្រោះពិភាក្សាជាមួយប្រទេសពាក់ព័ន្ធដើម្បីជំរុញការកសាងផ្លូវដែកកាត់ទ្វីបអាស៊ី ។ ឆ្នាំនេះជាឆ្នាំផ្លាស់ប្តូរវប្បធម៌រវាងចិននិងអាស៊ាន យើងបានធ្វើសកម្មភាពដ៏សម្បូរបែប ធ្វើអោយប្រជាជននៃភាគីទាំងពីរចាប់អារម្មណ៍យ៉ាងពេញលេញនូវកម្លាំងទាក់ទាញនៃវប្បធម៌បូព៌ា ដើម្បីសម្រេចការផ្សារភ្ជាប់គ្នារវាងចិត្តនិងចិត្ត ។
បច្ចុប្បន្ននេះ នយោបាយតាមតំបន់លើពិភពលោកបានប្រឈមមុខនឹងការប្រែប្រួលថ្មី បញ្ហាជាចំណុចក្តៅបានកើតឡើងម្តងហើយម្តងទៀត ការគំរាមកំហែងផ្នែកសន្តិសុខមិនមែនប្រពៃណីបានផុសចេញជាបន្តបន្ទាប់ ។ ស្ថិតនៅក្រោមបរិបទថ្មី ជោគវិសនារបស់យើងបានផ្សារភ្ជាប់គ្នាកាន់តែជិតស្និទ្ធជាងអតីតកាលទៅទៀត យើងកាន់តែត្រូវការបរិយាកាសប្រកបដោយសន្តិភាពនិងស្ថិរភាពជាងពេលណាៗទាំងអស់នៅអតីតកាល ។ ក្នុងនាមជាប្រទេសជិតខាង ការកើតមានជម្លោះគឺមិនអាចចៀសវាងបានទេ ។ ទោះបីប្រទេសចិននិងប្រទេសអាស៊ីអាគ្នេយ៍មួយភាគតូចមានការខ្វែងគំនិតក្នុងបញ្ហាសមុទ្រចិនខាងត្បូងក្តី ក៏ប៉ុន្តែការខ្វែងគំនិតទាំងនេះមិនបានប៉ះពាល់ដល់ស្ថិរភាពជាទូទៅនៃប្រទេសអាស៊ីអាគ្នេយ៍ឡើយ ការធ្វើនាវាចរណ៍លើសមុទ្រចិនខាងត្បូងដោយសេរីនិងមានសុវត្ថិភាពគឺទទួលបានធានា ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រទេសចិននិងអាស៊ានបានរួមគ្នាខិតខំប្រឹងប្រែងដើម្បីអនុវត្ត «សេចក្តីប្រកាសប្រតិបត្តិសមុទ្រចិនខាងត្បូង» ដោយគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ធភាព កាលពីឆ្នាំទៅ បានចាប់ផ្តើមការពិគ្រោះពិភាក្សាអំពី "ក្រមប្រតិបត្តិសមុទ្រចិនខាងត្បូង" ហើយទទួលបានការវិវឌ្ឍន៍ជាវិជ្ជមាន ។ យើងបានកំណត់ជាក់លាស់នូវ "គំនិតគន្លងទាំងពីរ" ដើម្បីដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូង ពោលគឺ ជម្លោះមានពាក់ព័ន្ធត្រូវអោយប្រទេសពាក់ព័ន្ធផ្ទាល់ឆ្លងតាមរយៈការចរចានិងពិគ្រោះពិភាក្សាទៅដោះស្រាយដោយសន្តិវិធី ប្រទេសចិននិងប្រទេសអាស៊ានរួមគ្នាគាំពារសន្តិភាពនិងស្ថិរភាពនៃសមុទ្រចិនខាងត្បូង ។ អោយតែប្រកាន់ខ្ជាប់លើផ្លូវដ៏ត្រឹមត្រូវជាប់ជានិច្ច រក្សានិន្នាការសន្ទនានិងពិគ្រោះពិភាក្សា បង្កើនកិច្ចសហប្រតិបត្តិការដោយជាក់ស្តែងលើសមុទ្រ យើងមានជំនឿយ៉ាងមុតមាំថា យើងមានសមត្ថភាពក្នុងការដោះស្រាយបញ្ហាសមុទ្រចិនខាងត្បូងបានយ៉ាងសមរម្យ ។
ក្នុងអំឡុងពេលនៃសន្និសីទលើកនេះ ខ្ញុំរំពឹងរួមជាមួយថ្នាក់ដឹកនាំប្រទេសនានាផ្លាស់ប្តូរយោបល់ដោយស៊ីជម្រៅអំពីការបង្កើនកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខនយោបាយ ។ ប្រទេសចិនរីករាយរួមសហការជាមួយអាស៊ាន បន្តពិគ្រោះពិភាក្សាអំពីការចុះហត្ថលេខាលើ "សន្ធិសញ្ញានៃកិច្ចសហប្រតិបត្តិការដោយសុខដុមរមនានិងមានមេត្រីភាពជាមួយប្រទេសជិតខាងរវាងចិននិងអាស៊ាន" ដើម្បីផ្តល់ការធានាផ្នែកច្បាប់និងរបបសម្រាប់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រភាគីទាំងពីរ ។ យើងនឹងរួមសហការជាមួយអាស៊ានសម្រាប់តាក់តែងផែនការប្រតិបត្តិការឯកសារទីបីនៃ «សេចក្តីប្រកាសរួមស្តីពីទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រឆ្ពោះទៅរកសន្តិភាពនិងភាពរុងរឿងរវាងចិននិងអាស៊ាន» គ្រោងផែនការទីបង្ហាញផ្លូវសម្រាប់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការដោយគ្រប់ជ្រុងជ្រោយរវាងភាគីទាំងពីរ ។ កិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាវិធីសាស្ត្រដ៏សំខាន់ដើម្បីជំរុញទំនុកចិត្តលើគ្នា ។ ប្រទេសចិនស្វាគមន៍រដ្ឋមន្ត្រីក្រសួងការពារជាតិប្រទេសអាស៊ានធ្វើដំណើរទៅកាន់ប្រទេសចិននៅឆ្នាំក្រោយដើម្បីធ្វើកិច្ចជំនួបក្រៅផ្លូវការ ហើយរីករាយបង្កើនកិច្ចសហប្រតិបត្តិការជាមួយអាស៊ានលើវិស័យបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន បង្ការនិងព្យាបាលជំងឺឆ្លង និងប្រឆាំងភេរវកម្មជាដើម ។
ការអភិវឌ្ឍន៍របស់ចិននិងអាស៊ានបានទទួលផលប្រយោជន៍ពីដំណើរការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ ។ យើងត្រូវបើ្រប្រាស់អោយបានល្អនូវវេទិកាសំខាន់ៗដូចជាពិព័រណ៍ចិនអាស៊ានជាដើម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងភាគីទាំងពីរអោយវិវឌ្ឍន៍ជាបន្តបន្ទាប់ ។ យើងត្រូវខំប្រឹងប្រែងសម្រេចការចរចាផ្នែកពាណិជ្ជកម្មសេរីក្នុងតំបន់តាមពេលកំណត់ ដូចជាលើកកម្ពស់លំដាប់ថ្នាក់នៃតំបន់ពាណិជ្ជកម្មសេរីចិននិងអាស៊ាននិងទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចដោយគ្រប់ជ្រុងជ្រោយ ព្រមនិងលើកកម្ពស់កម្រិតធ្វើសេរីភាវូបនីយកម្មនិងភាពងាយស្រួលនៃការវិនិយោគនិងធ្វើពាណិជ្ជកម្មក្នុងតំបន់ ។
ការរួមគ្នាកសាងផ្លូវសូត្រលើសមុទ្រប្រចាំសតវត្សរ៍ទី ២១ បានបង្កើតជាកាលានុវត្តភាពសម្រាប់ប្រទេសចិននិងប្រទេសអាស៊ានទទួលបន្តនិងផ្សាយទូលាយនូវមិត្តភាពប្រពៃណី និងសម្រេចភាពរុងរឿងថ្កុំថ្កើងជាមួយគ្នា ។ ប្រទេសចិនផ្តួចផ្តើមអោយសន្មតយកឆ្នាំក្រោយជា "ឆ្នាំសហប្រតិបត្តិការផ្នែកមហាសមុទ្ររវាងចិននិងអាស៊ាន" ។ ឆ្លងតាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ចមហាសមុទ្រ វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាមហាសមុទ្រ កិច្ចការពារបរិស្ថានមហាសមុទ្រ និងការតភ្ជាប់គ្នាលើមហាសមុទ្រជាដើម ដើម្បីសម្រេចភាពរ៉ុងរឿងផ្នែកសេដ្ឋកិច្ចជាមួយគ្នា ពាណិជ្ជកម្មបំពេញបន្លែមគ្នា និងដួងចិត្តប្រជាជនផ្សារភ្ជាប់គ្នា ។ យើងត្រូវបន្តសកម្មគ្រោងផែនការកសាងធនាគារវិនិយោគផ្នែកហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីផ្តល់ការគាំទ្រដ៏មានកម្លាំងសម្រាប់ការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ ជាពិសេសនៅក្នុងប្រទេសអាស៊ាន ។
ឆ្នាំក្រោយ អាស៊ាននឹងបង្កើតជាសហគមន៍បីផ្នែកសន្តិសុខនយោបាយ សេដ្ឋកិច្ច និងវប្បធម៌សង្គម ។ នេះគឺជាលើកដំបូងហើយដែលបង្កើតបាននូវសហគមន៍តំបន់ក្នុងប្រវត្តិសាស្ត្រអាស៊ី គឺមានអត្ថន័យសំខាន់ណាស់ ។ ប្រទេសចិនរីករាយពង្រីកការវិនិយោគចំពោះប្រទេសមិនសូវអភិវឌ្ឍន៍របស់អាស៊ាន បង្កើនការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសមហាអនុតំបន់ទន្លេមេគង្គក្នុងវិស័យកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍន៍សង្គមជាដើម គាំទ្រអាស៊ានបង្រួញគម្លាតអភិវឌ្ឍន៍ផ្ទៃក្នុង ជំរុញការកសាងសហគមន៍អាស៊ាន ។ ការអភិវឌ្ឍន៍និងស្ថិរភាពរបស់អាស៊ីបូព៌ាគឺសមស្របនឹងផលប្រយោជន៍របស់ភាគីនានា ប្រទេសចិនរីករាយបន្តគោរពតាមស្មារតីតំបន់និយមដែលបើកទូលាយក្នុងន័យបង្កើនការប្រាស្រ័យទាក់ទងគ្នាដ៏មានលក្ខណៈល្អជាមួយប្រទេសក្រៅតំបន់និងនៅក្នុងតំបន់ ដើម្បីរួមគ្នារួមវិភាគទានសម្រាប់ការអភិវឌ្ឍន៍ក្នុងតំបន់ ។
តាំងពីចូលឆ្នាំនេះរៀងមក សេដ្ឋកិច្ចចិនបានប្រឈមមុខនឹងសម្ពាធធ្លាក់ចុះដ៏ធំបង្គួរ ប៉ុន្តែយើងប្រកាន់ខ្ជាប់គោលការណ៍ទូទៅនៃការងារដែលស្វែងរកការវិវឌ្ឍន៍ពីក្នុងភាពនឹងនរ រក្សាការអត់ធ្មត់ សកម្មអនុវត្ត មិនធ្វើការរំញោចខ្លាំង មិនបន្ធូរអត្រាការប្រាក់នៃធនាគារ គឺបានជំរុញការកែទម្រង់យ៉ាងខ្លាំង សម្របសម្រួលរចនាសម្ព័ន្ធយ៉ាងខ្លាំង ខំប្រឹងកែសម្រួលជីវភាពរស់នៅរបស់ប្រជាជន ទោះបីសន្ទស្សន៍សេដ្ឋកិច្ចខ្លះបានលេចចេញការកើនឡើងនិងធ្លាក់ចុះតិចតួចក្តី ប៉ុន្តែការដំណើរការនៃសេដ្ឋកិច្ចនៅតែឋិតក្នុងក្របខ័ណ្ឌសមហេតុផល ហើយប្រសិទ្ធភាពនៃគុណភាពរបស់កំណើនសេដ្ឋកិច្ចក៏បានកើនឡើងផងដែរ ។ បរិមាណនៃអង្គភាពសេដ្ឋកិច្ចរបស់ចិនមានច្រើន ការបំរុងទុករូបិយប័ណ្ណបរទេសមានច្រើន ទំហំទីផ្សារគឺទូលំទូលាយ យើងមានជំនឿចិត្តនិងមានសមត្ថភាពអាចរក្សាកំណើនសេដ្ឋកិច្ចជានិរន្តរភាព ជឿជាក់ថា សេដ្ឋកិច្ចប្រទេសចិននៅតែមានសក្តានុពលអភិវឌ្ឍន៍ដ៏ធំធេងក្នុងពេលអនាគត ។
ការអភិវឌ្ឍន៍របស់ប្រទេសចិនមិនអាចឃ្លាតឆ្ងាយពីអាស៊ានទេ ហើយការអភិវឌ្ឍន៍របស់អាស៊ានក៏មិនអាចខណ្ឌចែកពីប្រទេសចិនដែរ ។ ទូទាំងពិភពលោកសុទ្ធតែផ្តោតការយកចិត្តទុកដាក់ទៅលើអាស៊ីបូព៌ា សុទ្ធតែបានផ្តោតការយកចិត្តទុកដាក់ចំពោះចិននិងអាស៊ាន ។ នេះជាតំបន់ដែលពោរពេញទៅដោយសេចក្តីសង្ឃឹមមួយ ។ ប្រទេសចិននឹងឈរលើគោលជំហរជាមួយអាស៊ានដោយម៉ឺងម៉ាត់ រួមចិត្តរួមថ្លើម បង្កើតសហគមន៍ជោគវិសនាចិននិងអាស៊ានដែលកាន់តែស្អិតល្មួត ឆ្ពោះទៅរកសហគមន៍អាស៊ីបូព៌ាដោយជំហាននឹងនរ រួមគ្នាបង្កើតអនាគតថ្មីនៃកិច្ចសហប្រតិបត្តិការអាស៊ីបូព៌ា ៕