យប់ថ្ងៃទី ៣០ ខែកញ្ញា ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំពិធីបដិសណ្ឋារកិច្ចអបអរសាទរខួបទី ៦៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិននៅវិមានសភាប្រជាជន ។ នៅក្នុងពិធីនោះមានអ្នកដឹកនាំបក្សនិងរដ្ឋ ដូចជាលោក Xi Jinping លោក Li Keqiang លោក Zhang Dejiang លោក Yu Zhengsheng លោក Liu Yunshan លោក Wang Qishanនិងលោក Zhang Gaoli ជាដើមព្រមនិងឥស្សរជនទាំងក្នុងនិងក្រៅប្រទេសចំនួនជាង ៣ ពាន់រូបបានមកជួបជុំគ្នាដើម្បីអបអរសាទរបុណ្យជាតិចិន ។
លោក Xi Jinpingបានថ្លែងសុន្ទរកថាគូសបញ្ជាក់ថា ប្រឈមមុខនឹងពេលអនាគត យើងត្រូវប្រកាន់ខ្ជាប់នូវការរួមចិត្តរួមថ្លើមជាមួយប្រជាជន បំពេញភារកិច្ចក្នុងគោលបំណងបំរើប្រជាជននិងពឹងផ្អែកទៅលើប្រជាជន ចាត់ទុកការសម្រេចឲ្យបានល្អ គាំពារឲ្យល្អនិងអភិវឌ្ឍន៍ឲ្យបានល្អនូវផលប្រយោជន៍ជាមូលដ្ឋាននៃប្រជាជនទូទៅ ជាចំណុចចាប់ផ្តើមនិងជាគោលបំណងនៃភារកិច្ចដែលត្រូវធ្វើ ។ យើងត្រូវប្រកាន់ខ្ជាប់នូវការអភិវឌ្ឍន៍ឲ្យបានល្អដែលជាភារកិច្ចចម្បង ត្រួសត្រាយផ្លូវអភិវឌ្ឍន៍ប្រកបដោយអរិយធម៌ដែលអាចបង្កើនការបង្កបង្កើនផលនិងការអភិវឌ្ឍន៍ លើកកម្ពស់ជីវភាពរស់នៅឲ្យបានធូធារនិងមានអេកូ-បរិស្ថានដ៏ល្អប្រសើរ ខំប្រឹងប្រែងជាប់ជានិច្ចដើម្បីសម្រេចជីវភាពធូធាររបស់ប្រជាជននៅទូទាំងប្រទេស ។ យើងត្រូវប្រកាន់ខ្ជាប់នូវកំណែទម្រង់និងការច្នៃប្រឌិតថ្មី ដើម្បីសមស្របនឹងតម្រូវការនៃការវិវឌ្ឍន៍របស់ប្រវត្តិសាស្រ្ត ត្រូវប្រកាន់ខ្ជាប់ដោយឥតងាករេនូវការធ្វើកំណែទម្រង់ដោយមានភាពស៊ីជម្រៅគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឲ្យប្រទេសចិនដើរនៅជួរមុខជាប់ជានិច្ចក្នុងសម័យបច្ចុប្បន្ននេះ ។ យើងត្រូវប្រកាន់ខ្ជាប់នូវការដើរលើផ្លូវអភិវឌ្ឍន៍ដោយសន្តិភាព ប្រកាន់ខ្ជាប់នូវយុទ្ធសាស្ត្របើកចំហដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ដើម្បីគាំពារយុត្តិធម៌និងសច្ចធម៌អន្តរជាតិ ព្រមនិងជំរុញសន្តិភាពនិងការអភិវឌ្ឍន៍លើពិភពលោក ។