ថ្ងៃទី ២០ ខែមីនា មហាសន្និបាតលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបិទបញ្ចប់នៅក្រុងប៉េកាំង ។លោកស៊ី ជីនភីងបានឡើងថ្លែងសុន្ទរកថាជាលើកដំបូងបន្ទាប់ពីលោកបានជាប់ឆ្នោតបន្តអាណាត្តិជាប្រធានរដ្ឋចិនដោយលើកឡើងថា លោកនឹងបន្តអនុវត្តតួនាទីរបស់ខ្លួនដែលកំណត់ដោយរដ្ឋធម្មនុញ្ញប្រកបដោយភាពស្មោះត្រង់ដូចពេលមុនៗដែរ ដើម្បីបម្រើដល់ប្រជាជន និងទទួលការពិនិត្យអង្កេតពីសំណាក់ប្រជាជន ។ លោកគូសបញ្ជាក់ថា យុគសម័យថ្មីនៃសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនគឺជារបស់ប្រជាជនចិនគ្រប់រូប ឲ្យតែសាមគ្គីគ្នាជាធ្លុងមួយ និងធ្វើការតស៊ូជាមួយគ្នា នោះនឹងគ្មានកម្លាំងណាមួយដែលអាចរារាំងប្រជាជនចិនក្នុងការបោះជំហានទៅសម្រេចសុបិនរបស់ខ្លួននោះឡើយ ។
ថ្លែងក្នុងសុន្ទរកថានេះផងដែរ លោកស៊ី ជីនភីង បានលើកឡើងទៀតថា ប្រជាជនគឺជាគោលចម្បងតាំងពីដើមដល់ចប់ ។ លោកផ្តល់អនុសាសន៍ឲ្យមន្រ្តីនៃស្ថាប័នរដ្ឋទាំងអស់ មិនថាខ្លួនមានឋានៈខ្ពង់ខ្ពស់ប៉ុនណា ក៏ត្រូវចងចាំថាប្រទេសខ្លួនជាសាធារណរដ្ឋប្រជាមានិតចិន ត្រូវទុកប្រជាជនក្នុងឋានៈខ្ពស់ជាងគេបង្អស់ក្នុងក្រអៅដួងចិត្តរបស់ខ្លួនជាប់រហូត ត្រូវបម្រើដល់ប្រជាជនដោយស្មោះត្រង់ជាប់រហូត ត្រូវខិតខំប្រឹងប្រែងធ្វើការងារដើម្បីផលប្រយោជន៍និងសុខសុភមង្គលរបស់ប្រជាជន ។
លោកស៊ី ជីនភីងបានគូសបញ្ជាក់ទៀតថា សិទ្ធិអំណាចគ្រប់យ៉ាងរបស់ជាតិគឺរបស់ប្រជាជន ។ ទាល់តែប្រជាជនមានទំនុកចិត្ត ទើបប្រទេសជាតិមានអនាគតដ៏ល្អប្រសើរ និងមានកម្លាំងខ្លាំងក្លា ។
លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ការគាំពារអធិបតេយ្យភាពនិងបូរភាពដែនដី សម្រេចការបង្រួបបង្រួមទាំងស្រុងរបស់មាតុប្រទេស ជាក្តីបំណងរួមរបស់កុកបុត្រកុលធីតាជនជាតិចិនគ្រប់រូប និងជាផលប្រយោជន៍ជាមូលដ្ឋាននៃជនជាតិចិន។ នៅចំពោះមុខសច្ចធម៌ជនជាតិនិងចរន្តប្រវត្តិសាស្រ្ត ទង្វើនិងឧបាយកលទាំងអស់ដែលប៉ុនប៉ងធ្វើអបគមន៍មាតុប្រទេសសុទ្ធតែនឹងត្រូវទទួលបរាជ័យទាំងអស់។
លោកស៊ីជីនភីងបានរំលឹកឡើងវិញថា ប្រទេសចិននឹងមិនធ្វើឲ្យមានការពលីផលប្រយោជន៍នៃប្រទេសដទៃដើម្បីជាថ្នូរនឹងការអភិវឌ្ឍរបស់ប្រទេសខ្លួនជាដាច់ខាត ការអភិវឌ្ឍរបស់ប្រទេសចិននឹងមិនកកើតទៅជាការគំរាមកំហែងដល់ប្រទេសណាមួយនោះទេ ប្រទេសចិននឹងមិនធ្វើអនុត្តរភាពជាដរាបហើយក៏មិនវាតទីជារៀងរហូត។
លោកស៊ីជីនភីងបានថ្លែងទៀតថា បក្សកុម្មុយនិស្តចិនត្រូវតែរ៉ាប់រងបន្ទុកប្រវត្តិសាស្រ្តដែលដឹកនាំប្រជាជនឲ្យធ្វើបដិវត្តន៍សង្គមដ៏មហិមា ប្រកាន់ខ្ជាប់ការគ្រប់គ្រងបក្សដោយយុត្តិធម៌និងកាន់អំណាចដើម្បីប្រជាជន រួមសុខទុក្ខជាមួយប្រជាជនព្រមនិងសាមគ្គីរួបរួមកម្លាំងជាមួយប្រជាជនដើម្បីធ្វើការតស៊ូប្រយុទ្ធជាមួយគ្នា៕