ភូមិស្រស់ស្អាតស៊ីចឹងកាងនិងឃុំបុរាណសានហឺក្រុងហឺហ្វីជាទីឋានបរិស្ថានធម្មជាតិដ៏ស្រស់ប្រិមប្រិយ
2017-09-25 16:41:20  cri  Web Editor:Liu

ដំណើរនៅក្រុងហឺហ្វីលើកនេះ ខ្ញុំមានភារកិច្ចចំនួនពីរ ទីមួយគឺស្វែងយល់ពីបច្ចេកវិទ្យាច្នៃប្រឌិតថ្មីរបស់ក្នុងហឺហ្វី និងទីពីរស្វែងយល់វប្បធម៌ប្រពៃណីរបស់ទីក្រុងមួយនេះ ។ ខ្ញុំបានសរសេររួចមកហើយនូវបច្ចេកវិទ្យាវៃឆ្លាត ឧស្សាហកម្មច្នៃប្រឌិតថ្មី​ ក៏ដូចជាវប្បធម៌ប្រពៃណីរបស់ក្រុងហឺហ្វី ដោយឡែកចំពោះទេសភាពធម្មជាតិនៃក្រុងមួយនេះនៅមិនទាន់បានសរសេរនៅឡើយទេ អត្ថបទលើកនេះនឹងនាំលោកអ្នកទៅស្វែងយល់ពីភាពស្រស់ស្អាតនៃក្រុងហឺហ្វីដោយមិនមែនមានត្រឹមតែវិច្ចេកវិទ្យាទំនើបនិងឧស្សាហកម្មជឿនលឿននោះទេ ។

       ប៉ុន្មានថ្ងៃនេះ ក្រុងហឺហ្វីមានភ្លៀងស្រិចៗជាប់ ជាធម្មតា បើមេឃភ្លៀងបែបនេះមិនសូវស័ក្តិសមនឹងចេញទៅដើរកម្សាន្តនោះទេ តែដោយឡែកនៅតំបន់ជាងណាន(តំបន់ស្ថិតនៅភាគខាងត្បូងទន្លេយ៉ង់សេ) ពេលមានភ្លៀងស្រិចៗបែបនេះ នឹងជួយលើកសម្រស់ធម្មជាតិនៅទីនេះឲ្យកាន់តែស្រស់ត្រកាលថែមទៀត ។

      មុនដំបូង ក្រុមការងាររបស់យើងបានមកដល់ភូមិមួយដែលមានឈ្មោះថាភូមស៊ីចឹងកាង ដែលជាភូមិដ៏ស្រស់ស្អាតមួយ ។ គ្រាន់តែចូលទៅដល់ភ្លាម អ្នកភូមិទាំងចាស់ទាំងក្មេងបានចេញមកស្វាគមន៍ដំណើររបស់យើងខ្ញុំ ស្នាមញញឹមពព្រាយលើផ្ទៃមុខរបស់ពួកគាត់បានបញ្ជាក់ពីការរស់នៅប្រកបដោយសេក្តីសុខសុភមង្គល ។ ខ្ញុំយល់ថាស្នាមញញឹមបែបនេះវាគឺជាភាពស្រស់ស្អាតបំផុត ។ នៅលើទ្វារកញ្ចក់នៃអគារស្នាក់នៅមានបិទអក្សរធំៗថាយកចិត្តទុកដាក់ចំពោះមនុស្សចាស់ដែលបានទាក់ទាញចំណាប់អារម្មណ៍របស់ខ្ញុំ ជាការពិតណាស់ លក្ខណៈសម្បត្តិនៃបរិស្ថានវាសំខាន់ក៏ពិតមែន ប៉ុន្តែការផ្តល់សេចក្តីសុខសប្បាយជូនមនុស្សចាស់វាកាន់តែសំខាន់ទៅទៀត ។ ការថែរក្សានិងអភិរក្សអេកូ-បរិស្ថាននៃភូមិមួយនេះក៏ល្អប្រសើរណាស់ដែរ ផ្ទៃក្រឡានៃការដាំដុះដំណាំនិងរុក្ខជាតិគ្រប់ប្រភេទមានដល់ទៅជាង៩០ភាគរយឯណោះ កត្តាផ្សេងៗបានបូកបញ្ចូលគ្នាឲ្យភូមិមួយនេះក្លាយជាភូមិស្រស់ស្អាត ។

       បន្ទាប់ពីការចូលទៅស្វែងយល់ពីជីវភាពរបស់នៅរបស់អ្នកភូមិស៊ីចឹងកាង យើងបានបន្តដំណើរទៅដល់បឹងឈូកដែលដាំលើផ្ទៃដីជិត២០០០ហិតា ការដាំឈូកបែបនេះ ក្រៅពីជួយបន្ថែមភាពស្រស់ស្អាតដល់ធម្មជាតិ ក៏អាចជួយទប់ស្កាត់ការបំពុលបរិស្ថានទឹកផងដែរ ម៉្យាងទៀតឈូកជាកសិផលដែលមានតម្លៃផ្នែកសេដ្ឋកិច្ច ដែលអាចយកទៅផលិតជាផលិតផលយ៉ាងច្រើន ជាការបង្កើនប្រាក់ចំណូលដល់អ្នកភូមិនៅទីនោះ ។ ពិតមែនតែផ្កាឈូកក្នុងរដូវស្លឹកឈើជ្រុះភាគច្រើនរោយអស់ហើយក្តី ប៉ុន្តែស្លឹកឈូកនិងដើមឈូកដែលនៅសេសសល់ក៏មានភាពទាក់ទាញប្លែកម៉្យាងដែរ ។

       ចាកចេញពីការទស្សនាផ្កាឈូក រថយន្តក្រុងបានដឹកក្រុមការងារយើងទៅដល់ឃុំបុរាណសានហឺដែរជាចំណតចុងក្រោយក្នុងដំណើរទស្សនាចរណ៍លើកនេះ ។ ពេលចូលទៅដល់ក្នុងឃុំភ្លាម ក៏បានឃើញសំណង់ដែលមានរចនាបថពិសេសនៅ​ឈរតម្រៀបគ្នាយ៉ាងមានសណ្តាប់ធ្នាប់ សំណង់នេះជារចនាបថរបស់ខេត្តអានហួយដែលមានជញ្ជាំងពណ៌ស ដំបូលប្រក់ក្បឿងពណ៌ប្រផេះ និងមានរូបក្បាលសេះដែលអាចកង្ការអគ្គីភ័យ ។ ក្រុមការងារយើងបានចូលទៅទស្សនាផ្ទះចាស់របស់អ្នកល្បីឈ្មោះជាច្រើនដែលបានរួមវិភាគទានយ៉ាងធំធេងចំពោះឃុំសានហឺដែលជាស្រុកកំណើតរបស់ពួកគាត់ ។ ឆ្លងតាមរយៈការស្តាប់នូវប្រវត្តិរបស់ពួកគាត់ យើងអាចដឹងថាមានបុគ្គលល្បីៗជាច្រើនដែលប្រសូត្រចេញពីឃុំមួយនេះ ប្រវិត្តតស៊ូទាំងជូរចត់ ទាំងគិតស្មានមិនដល់បានបន្ថែមភាពអាថ៌កំបាំងសម្រាប់ឃុំបុរាណមួយនេះ ។

       ទេសភាពនៅជាំងណានពេលមេឃស្រឡះគឺស្រស់ស្អាត ឯពេលភ្លៀងគឺកាន់តែស្រស់ស្អាតថែមទៀត ។ យើងបាននាំគ្នាធ្វើដំណើរតាមទូកកម្សាន្តដើម្បីទស្សនាទេសភាពតាមដងទន្លេនៃឃុំសានហឺក្រោមតំណត់ទឹកភ្លៀងស្រិចៗ ។ ទឹកថ្លាឈ្វង់ក្រោមតំណត់ទឹកភ្លៀងកើតជាកង្កាញ់តូចៗបានបន្ថែមសម្រស់ដល់ឃុំលើផ្ទៃទឹកមួយនេះ ដែលបាននាំឲ្យអ្នកដើរទស្សនាកម្សាន្តទទួលបាននូវភាពរ៉ូម៉េនទិចនិងភាពលន្លង់លន្លោចទៅតាមការច្នៃប្រឌិតនៃធម្មជាតិ ។

        ពិតមែនតែក្រុងហឺហ្វីបានអភិវឌ្ឍទៅជាក្រុងឧស្សាហកម្មជឿនលឿនហើយក្តី ប៉ុន្តែរដ្ឋបាលក្រុងមួយនេះក៏បានយកចិត្តទុកដាក់ខ្ពស់លើការការពារនិងអភិរក្សអេកូ-បរិស្ថានផងដែរ ដោយប្តេជ្ញានឹងកសាងទីក្រុងនេះទៅជាទីក្រុងទំនើបផងនិងជាទីក្រុងដែលប្រកបដោយអេកូ-បរិស្ថានដ៏ល្អប្រសើរដែលសមស្របនិងការរស់នៅផង ។ ទីក្រុងមួយដែលមានទាំងភាពទំនើប និងបរិស្ថានធម្មជាតិដ៏ល្អប្រសើរ នឹងនាំឲ្យជីវភាពរស់នៅរបស់ប្រជាជនពលរដ្ឋមានភាពកាន់តែល្អបវរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ