ឧស្សាហកម្មច្នៃប្រឌិតថ្មីរួមចំណែកក្នុងការទ្រទ្រង់សេដ្ឋកិច្ចក្រុងហឺហ្វី
2017-09-24 16:04:36  cri  Web Editor:Liu

នៅក្រុងហឺហ្វីទីរួមខេត្តអានហួយក្រៅអំពីមានសហគ្រាសដែលផ្តោតការស្រាវជ្រាវនិងផលិតឧបករណ៍វៃឆ្លាតនិងសិប្បនិមិត្តដែលបានលើកកម្ពស់មុខមាត់និងតួនាទីរបស់ទីក្រុងមួយនេះឲ្យក្លាយជាទីក្រុងប្រកបដោយបច្ចេកទេសខ្ពស់និងទំនើបនៅទូទាំងប្រទេសចិននៅមានសហគ្រាសមួយជាច្រើនទៀតបានរួមគ្នាបង្កើតជាមូលដ្ឋានអភិវឌ្ឍនៃបណ្តុំឧស្សាហកម្មច្នៃប្រឌិតថ្មីហើយឧស្សាហកម្មប្រពៃណីដែលទទួលបានផលតិចនិងមានភាពទន់ខ្សោយបានត្រូវជម្រុះចោលជាបណ្តើរៗដោយត្រូវបានជំនួសដោយឧស្សាហកម្មច្នៃប្រឌិតថ្មីទាំងនេះ។ប្រកបដោយភាពវៃឆ្លាតស្វ័យប្រវតិ្តនាំមកនូវប្រសិទ្ធភាពខ្ពស់គុណភាពល្អគឺជាចំណុចលេចធ្លោនិងជាគុណសម្បត្តិដែលមិនអាចប្រកែកបាននៃឧស្សាហកម្មច្នៃប្រឌិតថ្មីបើធៀបនឹងឧស្សាហកម្មប្រពៃណី ។

នៅក្នុងសួនអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់យើងឃើញមានបណ្តុំទៅដោយក្រុមហ៊ុនជាច្រើនដែលផ្តោតលើផលិតកម្មច្នៃប្រឌិតថ្មីផ្នែកអ៊ីនធើណេតនៃវត្ថុ(Internet of Things)ដែលបានសិក្សាលើការផលិតអេក្រង់បន្ទះICនិងការកែខៃបន្ថែមនូវបន្ទះICជាដើមដែលបង្កើតបានជាខ្សែសង្វាក់ផលិតកម្មមួយ​​សម្រាប់ផ្គត់ផ្គង់គ្រឿងរឹងឬក៏បន្ទះICដល់ក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចក្រុមហ៊ុនពាក់ព័ន្ធយកទៅដំឡើងជាផលិតផលរបស់ខ្លួន។អេក្រង់​OLEDដែលបានផលិតឡើងនៅក្នុងសួនសួនអភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ក្រុងហឺហ្វីមានរូបភាព4k​ដែលភ្លឺច្បាស់ដូចជាពណ៌ធម្មជាតិពិតៗនិងកាន់តែមានលក្ខណៈដូចជាស៊្រីឌីគួបផ្សំជាមួយបន្ទះICដែលមានគុណភាពល្អស្របតាមស្តង់ដារអន្តរជាតិបាននាំឲ្យគុណភាពបរិក្ខារអេឡិចត្រូនិចដែលផលិតក្នុងក្រុងហឺហ្វីមិនចាញ់បរទេសឡើយ។អ្វីដែលគួរឲ្យចាប់អារម្មណ៍គឺបរិក្ខារអេឡិចត្រូនិចដែលផ្តល់ភាងាយស្រួលដល់ជីវភាពប្រចាំថ្ងៃដូចជាទូរទឹកកកដែលអាចគ្រប់គ្រងដោយអេក្រង់ថាច់ស្គ្រីនវៃឆ្លាតដែលមានបង្ហាញពីធាតុអាកាសពីថ្ងៃខែដាក់របស់របរក្នុងទូរទឹកកកសម្រាប់ក្លាសេជាដើមដែលបានបង្ហាញឲ្យយើងដឹងថារបស់នោះខូចគុណភាពហើយឬនៅជាពិសេសគឺនៅលើអេក្រង់យើងអាចសរសេរពាក្យចំណាំដោយមិនបាច់ប្រើក្រដាសសម្រាប់សរសេរហើយយកទៅបិទលើទូរទឹកកកដូចជាទូរទឹកកកធម្មតានោះទេ ​ដូចពាក្យគេថាបច្ចេកវិទ្យាខ្ពស់កែប្រែជីវភាពបច្ចេកវិទ្យាខ្ពស់នាំឲ្យជីវភាពរឹតតែល្អប្រសើរ។

ប៉ុន្មានឆ្នាំចុងក្រោយនេះថាមពលស្អាតបានក្លាយជាប្រធានបទដែលតែងតែត្រូវលើកយកមកពិភាក្សាព្រោះតែការអភិវឌ្ឍកន្លងទៅបានបន្សល់ទុកនូវផលប៉ះពាល់ជាច្រើនបរិស្ថានធម្មជាតិ​ ដូច្នេះការអភិវឌ្ឍថាមពលថ្មីឬថាមពលស្អាតគឺជារឿងដ៏ចាំបាច់មិនអាចបង្អង់បាន។ក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តដែលល្បីឈ្មោះនៅក្នុងខេត្តអានហួយក្រុមហ៊ុនJACអាចនិយាយថាជាក្រុមហ៊ុននាំមុខមួយក្នុងការធ្វើការច្នៃប្រឌិតថ្មីផ្នែកឧស្សាហកម្មដែលបានផលិតរថយន្តតាមបច្ចេកវិទ្យា​ស្វ័យប្រវតិ្តនិងបានផលិតនូវរថយន្តដើរដោយថាមពលអគ្គិសនីដែលជាថាមពលស្អាតនិងបំពាក់ដោយឧបករណ៍បច្ចេកវិទ្យាទំនើបនេះជានិន្នាការអភិឌ្ឍន៍ទាំងក្នុងបច្ចុប្បន្នក៏ដូចជាពេលអនាគត។

ពេលនិយាយដល់ម៉ាកកុំព្យូរទ័រដែលផលិតក្នុងប្រទេសចិនមនុស្សជាច្រើនសុទ្ធតែនឹកឃើញដល់ម៉ាកល្បីឈ្មោះមួយគឺLenovo។ឆ្នាំ២០១១ក្រុមហ៊ុនLCFCដែលត្រូវបានបង្កើតឡើងក្រោមការបណ្តាក់ទុននៃក្រុមហ៊ុន​Lenovoជាមួយក្រុមហ៊ុនCompal​​របស់ចិនតៃវ៉ាន់បានបង្កើតមូលដ្ឋានឧស្សាហកម្មរបស់ខ្លួននៅក្រុងហឺហ្វីមានបរិមាណផលិតកុំព្យូទ័រយួរដៃដល់ទៅ៣០លានគ្រឿងក្នុងមួយឆ្នាំ។ក្រុមហ៊ុននេះបានធើ្វការច្នៃប្រឌិតថ្មីនូវផលិតផលរបស់ខ្លួនជាប់រហូតដែលបានផ្គត់ផ្គង់ផលិតផលថ្មីទំនើបនិងមានស្តង់ដារខ្ពស់ទៅកាន់ពិភពលោកទាំងមូល។

ឧស្សាហកម្មច្នៃប្រឌិតថ្មីនៅក្រុងហឺហ្វីមិនត្រឹមតែបានចូលរួមចំណែកក្នុងការលើកស្ទួយសេដ្ឋកិច្ចក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានផងដែរដែលស៊ីសង្វាក់គ្នាជាមួយទស្សនៈអភិវឌ្ឍន៍បៃតងនិងប្រកបដោយនិរន្តរភាព។តាមរយៈនេះផងដែរយើងអាចសម្លឹងឃើញពីអនាគត៥ឆ្នាំឬ១០ឆ្នាំខាងមុខក្រុងហឺហ្វីមិនត្រឹមតែក្លាយជាទីក្រុងទំនើបប្រកបដោយបច្ចេកវិទ្យាខ្ពស់និងសំបូរទៅដោយឧបករណ៍វៃឆ្លាតក៏ដូចជាមានសេដ្ឋកិច្ចរីកចម្រើនយ៉ាងខ្លាំងប៉ុណ្ណោះតែក៏ជាទីក្រុងដែលមានការការពារបរិស្ថានបានយ៉ាងល្អប្រសើរផងដែរ ៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ