នេះជាលើកទីមួយហើយដែលខ្ញុំបានដើរចូលទីក្រុងហឺហ្វីទីរួមខេត្តអានហួយប្រទេសចិន ។ មុនពេលធ្វើដំណើរមកដល់ទីនេះ ខ្ញុំធ្លាប់តែឮថានៅហឺហ្វីមានសកលវិទ្យាល័យមួយដែលល្បីឈ្មោះបោះសំឡេងទូទាំងប្រទេសចិនតាមរយៈការអប់រំនិងស្រាវជ្រាវផលិតនូវឧបករណ៍ប្រកបដោយបច្ចេកវិទ្យាខ្ពស់ ។ តែមានពាក្យមួយម៉ាត់គេតែងនិយាយថា ឮមួយរយដងមិនស្មើនឹងឃើញម្តង ដូច្នេះ ការមើលឃើញដោយផ្ទាល់ទើបមានចំណាប់អារម្មណ៍ជ្រាលជ្រៅ ។
ពេលចូលទៅដល់វិទ្យាស្ថានបច្ចេកវិទ្យាជឿនលឿននៃសកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាប្រទេសចិនដែលស្ថិតនៅក្នុងទីក្រុងហឺហ្វី ខ្ញុំក៏បានត្រូវទាក់ទាញដែលឧបករណ៍ជាស្នាដៃវិទ្យាសាស្ត្រដ៏ទំនើបដែលបានដាក់តាំងបង្ហាញនៅទីនោះ ។ ឧបករណ៍ទាំងនេះបូករួមជាច្រើនវិស័យ មានផ្នែកជីវភាព ផ្នែកយោធា ផ្នែកសុខាភិបាលជាដើម ។ យន្តហោះគ្មានមនុស្សបើកជាឧបករណ៍ដ៏លេចធ្លោមួយ នេះជាបច្ចេកវិទ្យាក្នុងសម័យទំនើប ដែលអាចបម្រើការទាំងផ្នែកស៊ីវិលនិងផ្នែកយោធា ។ ផលិតប្លាស្ទីកដែលផលិតតាមបច្ចេកវិទ្យាថ្មី អាចរលាយទៅវិញដោយឯកឯងនៅប្រាំឆ្នាំក្រោយ ដោយមិនបន្សល់ទុកកាកសំណល់ដែលនាំឲ្យប៉ះពាល់បរិស្ថានដូចជាប្លាស្ទីកទូទៅនោះឡើយ ។ រថយន្តដែលដើរដោយថាមពលថ្មីគឺថាមពលអគ្គិសនីដ៏ជាចំណុចទាក់ទាញមួយផងដែរ ព្រោះការប្រើនូវថាមពលថ្មី ថាមពលស្អាត មិនត្រឹមតែងាយស្រួលក្នុងការរកបានអគ្គិសនីដើម្បីសាកថ្មប៉ុណ្ណោះទេ ជាងនេះទៅទៀតគឺជាការការងារបរិស្ថានផងដែរ ដែលទទួលបានការលើកទឹកចិត្តពីសំណាក់ឯកឧត្តមស៊ី ជីនភីងប្រធានរដ្ឋចិនទៀតផង ។
បន្ទាប់ពីមកយើងបានដើរចូលទៅក្នុងសួនឧស្សាហកម្មច្នៃប្រឌិតថ្មីShenggu នៅទីនេះបានប្រមូលផ្តុំទៅដោយសហគ្រាសល្បីៗផ្នែកបច្ចេកវិទ្យាវៃឆ្លាតនិងសិប្បនិមិត្ត ។ ក្នុងចំណោមនោះ ក្រុមហ៊ុនiflytekដែលបង្កើតឡើងដោយនិស្សិតនៃសកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចិនកាលពីឆ្នាំ១៩៩៩ គឺជាក្រុមហ៊ុនធំបំផុតក្នុងប្រទេសចិនផ្នែកផលិតឧបករណ៍បច្ចេកវិទ្យាវៃឆ្លាតនិងសប្បនិមិត្ត ការបញ្ហាគ្រឿងបរិក្ខារទំនើបដោយសំឡេងជាការច្នៃប្រឌិតថ្មីផ្នែកវិទ្យាសាស្ត្រនិងបច្ចេកទេស ។ ក្នុងចំណោមបរិក្ខារទំនើបៗ ឧបករណ៍វៃឆ្លាតដែលអាចបំពាក់ក្នុងរថយន្តត្រូវបានក្រុមហ៊ុនផលិតរថយន្តចិនយកទៅប្រើប្រាស់យ៉ាងទូលំទូលាយ ដែលគ្រាន់និយាយទៅកាន់ឧបករណ៍ទាំងនោះ នឹងអាចបញ្ជាឲ្យធ្វើតាមតម្រូវការរបស់យើងដូចជាបើកម៉ាស៊ីនត្រជាក់ ស្តាប់ចម្រៀងនិងហៅទូរស័ព្ទចេញទៅជាដើម ដែលអាចបើកបរមិនបាច់ប្រើដៃទៅចុចប៊ូតង់ក្នុងឡានឬកាន់ទូរស័ព្ទនោះទេ ដែលអាចសម្រួលដល់ការបើកបរផង កាត់បន្ថយគ្រោះថ្នាក់មួយកម្រិតធំដែលអាចនឹងកើតឡើងដោយសារការបើកឡានលើកទូរស័ព្ទជាដើម ។ កម្មវិធីAppរបស់ក្រុមហ៊ុនមួយនេះក៏បានមុខងារយ៉ាងសំបូរបែបផងដែរ មានការបកប្រែជាភាសាជាច្រើនដែលយើងគ្រាន់តែនិយាយទៅកាន់ទូរស័ព្ទដោយមិនបាច់វាយអក្សរនោះទេ ដែលនឹងចេញជាភាសាដែលយើងនិយាយនិងភាសាដែលយើងត្រូវការបកប្រែ មានភាពងាយស្រួលសម្រាប់ការសិក្សានិងការងារ ។ ដែលអ្វីខ្ញុំចាប់អារម្មណ៍បំផុតគឺឧបករណ៍វៃឆ្លាតដែលបំពាក់ក្នុងគេហដ្ឋាន ពេលដែលយើងចាកចេញឬត្រឡប់ទៅផ្ទះ គ្រាន់តែប្រើសំឡេងរបស់យើងក៏អាចបញ្ចាឧករណ៍ជាច្រើនដូចជាបើកម៉ាស៊ីនត្រជាក់ បើកភ្លើងនិងវាំងននជា ដើម ថ្ងៃអនាគត ពេលដែលឧបករណ៍ទាំងនេះបំពាក់នៅក្នុងគ្រួសារ ជីវភាពនិងមានភាពកាន់តែងាយស្រួលនិងល្អប្រសើរ ហើយសង្ឃឹមថាបច្ចេកវិទ្យាទំនើបបែបនេះនិងអាចយកទៅចែករំលែកជាមួយប្រទេសកំពុងអភិវឌ្ឍន៍តួយ៉ាងដូចជាប្រទេសកម្ពុងជាដើមដែលជាប្រទេសតាមផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១របស់ចិន ដើម្បីប្រជាជនកម្ពុជាក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ដទៃទៀតបានទទួលផលពីភាពជឿនលឿននិងវៃឆ្លាតនៃបច្ចេកវិទ្យាទំនើបនេះ ។