ក្រុង ​Yin ​chuan៖​ពីទីក្រុង​បុរាណ​ដល់​ទីក្រុង​ទំនើប​និងវៃឆ្លាត​
2017-09-22 09:44:01  cri  Web Editor:Sun

    ទីក្រុងYin chuan​បច្ចុប្បន្ន​ជាទីរួមខេត្ត​Ning xia ​គឺជាទីកន្លែង​រស់នៅ​ដ៏ចំណាស់​ដែល​ស្ថិតនៅ​ភាគពាយ័ព្យ​ប្រទេសចិន​បាន​ឆ្លងកាត់​ដំណើរ​វិវឌ្ឍន៍​រាប់ពាន់ឆ្នាំ​ក្រោម​ការស្រោចស្រព​នៃ​ទន្លេលឿង​ដែលជា​ទន្លេមាតា​របស់​ប្រទេសចិន ​។ ​បច្ចុប្បន្ន ​ទីក្រុង​ដែលពីមុន​ធ្លាប់ជា​កន្លែង​មានផ្ទះ​សង់ពី​ដីភក់ ​រស់នៅ​បែបបុរាណ ​ប្រជាពលរដ្ឋ​ប្រកប​តែរបរដាំ​ដំណាំ​ស្រែចំការ​និង​ចិញ្ចឹមសត្វ​បន្តិចបន្តួច ​បាននិង​កំពុង​វិវឌ្ឍ​ទៅជា​ទីក្រុងទំនើប ​និងជា​ទីក្រុងគំរូ​សម្រាប់​ក្រុងវៃឆ្លាត​នៅទូទាំង​ប្រទេសចិន​ទៀតផង ​។ ​ក្នុងសកម្មភាព​"ដំណើរ​ទស្សនកិច្ច​នៅ​ប្រទេសចិន​របស់​អ្នកប្រើ​វេបសាយ​CRIonline​ជាជនបរទេស​នៃ​ប្រទេស​តាមផ្លូវសូត្រ"​សម្រាប់​ថ្ងៃទី១៨​កញ្ញានេះ ​យើងបាន​ទៅដក​បទពិសោធន៍​និង​ទទួល​អារម្មណ៍ពី​ភាពវៃឆ្លាតនៃ​ទីក្រុងYin ​chuan ​ក្នុងពេល​ដើរចូល​ទៅ​ក្នុង​សាលអ្នកក្រុង ​ផ្ទាំងអេក្រង់​ដ៏ធំមួយ​បាន​ទាក់ទង​ក្រសែភ្នែក​របស់​អ្នកទាំងឡាយ ​លើផ្ទាំងអេក្រង់​យក្សមាន​ចាក់បញ្ចាំង​ពីរូបភាព​របស់​ថ្នាក់ដឹកនាំចិន​ដែលបាន​ចុះត្រួតពិនិត្យ​ការងារ​នៅសាលនេះ ​ដែលជា​ការសបង្ហាញពី​ការយកចិត្តទុកដាក់​របស់​ថ្នាក់ដឹកនាំ​ចំពោះ​កំណែទម្រង់​ផ្នែករដ្ឋបាល​របស់​ក្រុងYin ​chuan ​។ ​នៅពី​ចំហៀងនៃ​ផ្ទាំងអេក្រង់​យក្សនេះ ​មានទូរកញ្ចក់​មួយដែល​ដាក់តាំង​នូវ​ត្រាជាង៥០ ​ដែល​កាលពីមុន​ផ្នែករដ្ឋបាល​នៃ​ក្រុង​Yin ​chuan​ បាន​ប្រើសម្រាប់​ប្រដាប់ត្រាលើ​ទម្រង់ការផ្សេងៗ ​យើង​គ្រាន់តែ​គិតក៏ដឹងដែរថា ​ការបោះត្រា​តាម​ស្ថាប័ននីមួយៗ​យើងត្រូវ​រត់​ការយូរប៉ុណ្ណា ​យ៉ាងតិចក៏មួយ​ខែឬពីរខែដែរ ​។ ​ឯក្រោយ​ការកំណែទម្រង់រួច ​ត្រាជាង​៥០ប្តូរ​មកតែ​មួយប៉ុណ្ណោះ ​ការពិនិត្យ​ទម្រង់​ការផ្សេងៗ​ត្រូវការតែ​ពេលពី​មួយ​សប្តាហ៍​ទៅដប់ថ្ងៃ ​ដែលបាន​កាត់បន្ថយ​ពេលវេលា​យ៉ាងច្រើន ​កាត់បន្ថយ​ទាំងថ្ងៃរត់ការ ​ចំណេញទាំង​ពេលវេលា ​។ ​ជាធម្មតា ​មិនថា​ប្រជាជននៃ​ប្រទេស​ណាមួយទេ ​ជាពិសេស​គឺនៅប្រទេស​កំពុងអភិវឌ្ឍន៍ ​គឺតែងតែ​ជួបការលំបាក​ក្នុង​ការរត់ឯកសារ​និង​បំពេញ​ទម្រង់ការ​ផ្សេងៗ ​។ ​ឯក្រុងYin ​chuan ​ក្នុងនាម​ជាទីក្រុង​គំរូទីមួយ​សម្រាប់​ឆ្ពោះទៅរក​ទីក្រុង​វៃឆ្លាតនៅ​ភាគពាយព្យ​ប្រទេសចិន ​បាន​ចាប់ផ្តើម​ធ្វើ​កំណែទម្រង់​ពីការងារ​រដ្ឋបាលទៅ​ដោយ​ផ្តល់​ភាពងាយស្រួល​ដល់​ប្រជាជន​និង​ពាណិជ្ជករ​គ្រប់រូប ​។ ​ជាការពិត​ណាស់​ ​នៅពេល​ដែលយើង​ដើរចូល​ទៅកាន់​សាលអ្នកក្រុង ​មាន​ពលរដ្ឋជាច្រើន​កំពុង​បំពេញ​ទម្រង់​ការប្រកប​ដោយ​របៀបរៀបរយ ​។ ​មន្ត្រី​ការងារក៏មាន​ភាពរាក់ទាក់​ក្នុង​ការពន្យល់​ណែនាំ​ដល់​ពលរដ្ឋ​ដែល​ចម្ងល់​ផ្សេងៗ ​។ ​អ្វីដែលគួរឲ្យ​ចាប់អារម្មណ៍​គឺថា ​ក្រៅពី​ការបំពេញ​ការងារ​ដោយ​មន្ត្រី​ការងារ ​អ្នកក្រុង​ក៏អាច​ទៅបំពេញ​ទម្រង់ការ​មួយចំនួន​នៅលើ​កុំព្យូទ័រផង​ដែរ ​ឬមួយ​សឹងតែ​មិនបាច់​ទៅដល់​កន្លែងផង ​គ្រាន់តែ​បំពេញ​ពេញ​បណ្តាញអ៊ីនធើណេត ​ដល់​ពេញ​ស្ថាប័ន​ពាក់ព័ន្ធ​ពិនិត្យ​ផ្ទៀងផ្ទាត់រួច​និង​ចេញជា​ឯកសារ​អេឡិចត្រូនិច​ដែលអាច​ប្រើប្រាស់​បាន​ដូច​ឯកសារ​ទូទៅ​ផងដែរ ។

    ងាក​មកមើល​ពីសាល​អ្នកក្រុងនេះ​វិញ ​បាន​ប្រមូលផ្តុំនូវ​មុខងារ​ស្ទើរទាំងអស់​សម្រាប់​ការបំពេញ​បែបប​ទផ្សេងៗ​ដោយ​មិនបាច់រត់​ទៅ​ស្ថាប័ន​ផ្សេងៗ​ដូចមុននោះ​ឡើង ​តាមរយៈ​ស្នាមញញឹម​របស់​ប្រជាពលរដ្ឋ​ដែលបាន​ទៅ​បំពេញ​បែបបទ​រួចយើង​អាចដឹងថា ​ការផ្តល់​សេវារដ្ឋបាល​ដ៏ងាយស្រួល​បែបនេះ​ដល់​ពួកគាត់​បាន​នាំឲ្យ​ពួកគាត់​មាន​ការពេញចិត្ត​យ៉ាងខ្លាំង ​ហើយ​តាមរយៈ​ស្នាមញញឹម​ដ៏សាមញ្ញ​និង​កើតចេញ​ដោយ​ឯកឯងនេះ​ផងដែរ ​យើងក៏បាន​ដឹងថា ​កំណង់ទម្រង់​ផ្នែករដ្ឋបាល​របស់​ក្រុង​Yin ​chuan ​គឺជា​កំណែទម្រង់​ក៏ជោគជ័យ​មួយលើក ​។ ​ហើយ​ការបំពេញ​ការងារ​រដ្ឋបាល​ដោយ​គួបផ្សំជាមួយ​បច្ចេសទេស​ទំនើបនិង​ថ្មីបែបនេះ ​ជាកម្លាំង​ចលករ​ដ៏សំខាន់​សម្រាប់​ជំរុញឲ្យ​ទីក្រុង ​Yin ​chuan ​ដើរឆ្ពោះ​ទៅរក​ទីក្រុងវៃឆ្លាត ​។

    បន្ទាប់ពី​ការស្វែងយល់ពី​សាលអ្នកក្រុង​ដែលជា​កន្លែងផ្តល់​សេវាផ្នែក​រដ្ឋបាល​ផ្សេងៗ​ដល់​អ្នកក្រុង​ទាំងមូល ​យើងក៏បាន​ទៅស្វែងយល់​ពីកន្លែងមួយ​ទៀត​ដែល​ផ្តល់​សេវាបម្រើ​ប្រជាពលរដ្ឋ​២៤ម៉ោង​លើ២៤ម៉ោង ​នោះគឺ​សេវា​ទូរស័ព្ទ12345 ​។ ​សេវាទូរស័ព្ទនេះ​គឺសម្រាប់​ជួយ​ស្រាយ​ចម្ងល់​របស់​ប្រជាពលរដ្ឋ ​ក៏ដូចជា​ស្វែងយល់ពី​ទុក្ខលំបាក​របស់​ប្រជាពលរដ្ឋ ​តើប្រជាពលរដ្ឋ​លោកមាន​តម្រូវការអ្វី? ​មានតែស្វែង​យល់ឲ្យ​បានច្បាស់​ទើបអាច​ដោះស្រាយ​បញ្ហា​ជូនប្រជាពលរដ្ឋ​ដោយ​ទាន់ពេល​វេលា ​ការប្រាស័្រយ​ទាក់ទង​ផ្ទាល់ជាមួយ​ប្រជាពលរដ្ឋ​បែបនេះ ​ទើបអាច​លើកកម្ពស់​ប្រសិទ្ធភាព​និង​ស័ក្តិសិទ្ធភាព​នៃ​ការងារ​រដ្ឋបាល ។

    នៅឯ​មជ្ឈមណ្ឌល​បញ្ហាការវិញ ​យើង​ឃើញ​មានផ្ទាំង​អេក្រង់ដ៏ធំ​ដែល​បង្ហាញពី​ទ័ន្នន័យ​ផ្សេងៗ ​ពិសេស​គឺបាន​បង្ហាញពី​រូបភាព​នៅតាម​វិថីសំខាន់ៗ​ដែល​ចាប់បានពី​កាមេរ៉ា​សុវត្ថិភាព​មានរូបភាព​ភ្លឺច្បាស់​ដែលអាច​សម្គាល់ពី​រូបរាងនិង​ភិនភាគរបស់​អ្នកធ្វើដំណើរ​ឆ្លងកាត់​យ៉ាងច្បាស់ ​នេះជា​ការងាយស្រួល​ដឹងពី​សភាពការណ៍នៅ​តាម​កន្លែងសំខាន់ៗ​នានា ​ប្រសិនជា​មាន​គ្រោះថ្នាក់​ចរាចរណ៍​ឬមាន​ហេតុភេទអ្វី​កើតឡើង ​នឹងអាច​ដោះស្រាយ​ដោយ​ទាន់ពេលវេលា ​កាត់បន្ថយ​ការខាតបង់ឲ្យ​ដល់​កម្រិតអប្បរមា ​។ ​ការគ្រប់គ្រង​សណ្តាប់ធ្នាប់​និង​របៀបរៀបរយ​សង្គមតាម​បច្ចេកទេស​ខ្ពស់បែបនេះ ​មាន​ភាពជឿលឿ​ប្រហាក់​ប្រហែលនឹង​ប្រទេស​អភិវឌ្ឍន៍​ទៅហើយ ​ដែលនេះ​ពិតជា​គំរូមួយ​សម្រាប់​ការផ្សព្វផ្សាយ​ទូទាំង​ភូមិភាគស្វយ័ត​ជនជាតិ​ហួយនីងស៊្យា ​ក៏ដូចជា​ទូទាំងប្រទេស ​និងចែករំលែក​ជាមួយ​បណ្តា​ប្រទេស​នានា​ផងដែរ ​។ ​ជាការពិតណាស់ ​ការអភិឌ្ឍ​របស់​ទីក្រុង ​មិនអាច​មើលតែ​លើ​បច្ចេកវិទ្យាឬ​តួលេខនោះទេ ​តែត្រូវ​មើលពី​លទ្ធផល​នៃ​ការបម្រើ​ប្រជាពលរដ្ឋ ​ព្រោះថា​ប្រជាពលរដ្ឋ​លោក​ជា​អ្នកវិនិច្ឆយ​ដោយផ្ទាល់ថា ​ការងាររដ្ឋបាល​នៅទីក្រុង​ដែល​លោក​រស់នៅ​បាន​ផ្តល់ពី​ងាយស្រួល​និង​សុភមង្គលដល់​លោកប៉ុណ្ណា ​។ ​និយាយចំពោះ​ទីក្រុងមួយ​ដែល​ស្ថិតនៅ​ភាគពាយ័ព្យ​ប្រទេសចិន ​ទាំងពី​អតីតកាល​សឹងតែ​ក្នុងពេល​បច្ចុប្បន្ន ​ក្នុងផ្នត់គំនិត​មនុស្ស​ជាច្រើន​ទាំងជនជាតិចិន​និង​បរទេស​តែងនឹក​ឃើញ​ដល់​រូបភាព​ដែល​ទីណាៗ​សុទ្ធសឹងតែជា​វាលខ្សាច់ ​ជាទីកន្លែង​ដែលមាន​សេដ្ឋកិច្ច​ទន់ខ្សោយ ​និងមាន​មធ្យោបាយ​ធ្វើដំណើរ​ដ៏អន់ថយ ​។ ​ពលរដ្ឋក្នុង​តំបន់​ស្នាក់នៅ​ក្នុងផ្ទះ​ធ្វើពីដីភក់ ​គ្មាន​ប្រដាប់ប្រដា​ប្រើប្រាស់​ទំនើប ​គ្មាន​គ្រឿង​អេឡិចត្រូនិច...​ប៉ុន្តែ ​បើយើង​ដើរចូល​ទីក្រុង​Yin ​chuan ​ទីរួមខេត្ត​នីងស៊្យា​ភូមិភាគស្វយ័ត​ជនជាតិ​ហួយ​បច្ចុប្បន្ន ​គំនិត​ទាំងឡាយ​ដែលបាន​ពិពណ៌នា​ខាងលើ​នឹង​សាបរលាប​ទៅដោយ​ឯកឯង ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ