ធុងសំរាម​ស្វ័យប្រវត្តិ​៖អ្នកក្រុងយីនឈួន​នាពេលអនាគត​នឹងមាន​មនសិការ​ការពារ​បរិស្ថាន​កាន់តែខ្លាំង​
2017-09-22 09:04:19  cri  Web Editor:Sun

    ពេលដែល​ដើរចូល​ទៅកាន់​ទីក្រុង​យីនឈួន ​ក្រៅពី​មាន​ការភ្ញាក់ផ្អើល​នឹង​ការវិវឌ្ឍនៃ​ទីក្រុង​នៅ​ភាពពាយព្យ​ប្រទេសចិន​មួយនេះ ​យើងក៏បាន​ឃើញពី​ភាពស្រស់ស្អាត​របស់​ទីក្រុង​មួយនេះ​ផងដែរ ​។ ​ជាធម្មតា ​ភាពស្រស់ស្អាត​នៃ​ទីក្រុងមួយ ​មិនមែន​ស្ថិតលើតែ​ការគ្រប់គ្រង​និង​ការលម្អ​របស់​សាលារដ្ឋបាល​នោះទេ ​ប៉ុន្តែ​វាក៏មាន​ពាក់ព័ន្ធ​យ៉ាង​ជិតស្និទ្ធ​នឹង​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ផងដែរ ​។ ​អាស្រ័យ​ហេតុនេះ ​ក្រៅអំពី​ការចាប់អារម្មណ៍​នូវ​កំណែទម្រង់​ផ្នែក​រដ្ឋបាល​របស់​ទីក្រុង​យីនឈួន ​ដែលបាន​នឹង​កំពុង​អភិវឌ្ឍខ្លួន​ឆ្ពោះទៅរក​ទីក្រុង​វៃឆ្លាត ​ជាគំរូ​សម្រាប់​ទីក្រុង​នានា​នៅ​ប្រទេសចិន ​បញ្ហា​ចាត់ចែង​កាកសំណល់​ទីក្រុង​ក៏ជា​ប្រធានបទ​នៃ​ការយក​បទសម្ភាសន៍​និង​ទស្សនា​របស់ខ្ញុំ​ផងដែរ ។

    អ្វីដែល​គួរឲ្យ​កត់សម្គាល់ ​គឺថា​នៅតាម​ស្ថាប័នធំៗ​និងវិថីធំៗ​នានា ​គេនឹងមាន​ឃើញ​ធុងសំរាម​ប្រភេទថ្មី​ដែលមាន​រូបរាង​ប្លែកចម្លែក​និង​ល្អប្រណីត​ជាងធុងសំរាម​ទូទៅ​នៅប្រទេសចិន ​។ ​បន្ទាប់ពី​ធ្វើ​ការស្វែងយល់ ​ទើបដឹងថា ​នោះគឺជា​ធុងសំរាម​ស្វ័យប្រវត្តិ ​។ ​ពេលយើង​ចង់ចោលសំរាម ​គ្រាន់តែ​ដាក់ដៃ​ទៅក្បែរ ​គម្របធុង​សំរាម​នឹង​បើកដោយ​ស្វ័យប្រវត្តិ ​ពិសេសគឺថា​មិនដូចជា​ធុងសំរាម​ធម្មតា​នោះទេ ​ដែល​ត្រូវ​មាន​អ្នកបោសសម្អាត​ទៅបើកមើលថា​សំរាមពេញធុង​ហើយឬនៅ ​ពោលគឺថា​នៅ​ពេល​ដែល​សំរាម​ពេញ ​ប្រព័ន្ធ​វៃឆា្លត​ដែល​បាន​ភ្ជាប់​ជាមួយ​ធុងសំរាម​នឹង​បញ្ជូល​ទិន្នន័យ​ទៅកាន់​ស្ថាប័ន​ពាក់ព័ន្ធ ​ដែលជា​ការសំចៃ​កម្លាំង​អ្នកបោសសម្អាត​ក្នុង​ការដើរមើល​តាម​ធុងសំរាម​រាប់រយរាប់​ពាន់​ក្នុងទីក្រុង ​។ ​ក្រៅពី​នៅតាម​វិថីធំៗ ​ធុងសំរាម​ក្នុង​បុរីអនាគត​(បុរីវៃឆ្លាត)​មានមុខងារ​កាន់តែ​ពេញលេញ​និង​កាន់តែទំនើប ​។ ​ធុងសំរាម​ប្រភេទនេះ​ក្រៅពី​អាច​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ ​នៅអាច​បែងចែក​សំរាម​តាម​ប្រព័ន្ធ​វៃឆា្លត​ទៀតផង ​ពោលគឺ​ពេលដែល​យើង​ចង់​ចោលសំរាម ​ត្រូវយក​ក្រដាសមាន​លេខកូដស្តីពី​ប្រភេទសំរាម​ទៅស្គេន ​ក្រោយពី​សម្គាប់ពី​ប្រភេទនៃ​សំរាម ​គម្រប់ធុង​នៃ​ប្រភេទសំរាមនោះ​នឹង​បើកឡើង​ដោយ​ស្វ័យប្រវត្តិ ​។ ​អ្វីដែល​គួរឲ្យ​កត់សម្គាល់គឺ ​ប្រសិនជា​យើង​ចោលខុស​ប្រភេទសំរាម ​នឹងត្រូវ​ទទួល​ការពិន័យ​ដោយ​ការកាត់ពិន្ទុ ​ឧទាហរណ៍​ដូចជា​យើងស្គីន​ប្រភេទ​សំរាមក្រដាស ​តែបែរជា​ចោល​ប្រភេទ​ផ្លាស្ទីក​ទៅវិញ ​ប្រព័ន្ធ​វៃឆ្លាត​នឹងធ្វើ​ការវិភាគ​ដឹងភ្លាម ​ហើយនឹង​ធ្វើការកាត់ពិន្ទុ​យើង​ដោយ​ស្វ័យប្រវតិ្ត ​នេះជា​ការដាស់តឿន​ដោយផ្ទាល់​ដល់​ប្រជាពលរដ្ឋ​ឲ្យចូលរួម​ចំណែក​ក្នុង​ការបែងចែក​ប្រភេទសំរាម ​ដែលជា​ការចូលរួម​ចំណែក​ក្នុង​ការការពារ​បរិស្ថាន​ផងដែរ ​។ ​ការលើកទឹកចិត្ត​និង​ការបំផុស​នូវ​មនសិការ​បរិស្ថាន​របស់​ប្រជាពលរដ្ឋ ​នឹង​រួមចំណែក​ច្រើនដល់​ការកាត់បន្ថយ​ភាពលំបាក​ក្នុង​ការបែងចែក​ប្រភេទ​សំរាម​និង​ការចាត់ចែង​កាកសំណល់​ទីក្រុង ។

    បច្ចុប្បន្ន ​នៅលើ​ពិភពលោក​ទាំងមូល ​មិនថា​ប្រទេស​កំពុង​អភិវឌ្ឍឬក៏​ប្រទេស​អភិវឌ្ឍន៍ ​គឺសុទ្ធតែ​ប្រឈមនឹង​បញ្ហាពិបាល​ដោះស្រាយ​កាកសំណល់​ទីក្រុង ​។ ថ្វីត្បិតតែ​គ្រាន់តែ​ជា​កាកសំណល់​ក្នុងជីវភាព​ធម្មតា ​ដែល​ការដោះស្រាយ​មិនមែន​ងាយដូចជា​ការដែល​យើង​យកសំរាម​ទៅចោល​នោះទេ ​។ ​ការដោះស្រាយ​មាន​ការលំបាក​ដូចជា​ទាក់ទងនិង​ការបែងចែក​ប្រភេទសំរាម ​ទាក់ទិន​មនសិការ​និង​សីលធម៌​របស់​ប្រជាជន​ថាតើឲ្យ​តម្លៃទៅ​លើ​ការការពារ​បរិស្ថានឬអត់ ​តើមាន​ទឹកចិត្ត​រួមចំណែក​ក្នុង​ការពារ​បរិស្ថាន​ឬអត់ ​។ ​កាកសំណល់​ទីក្រុង​ដែលមិន​បាន​ចាត់ចែងឲ្យ​បានល្អ ​មិនត្រឹមតែ​បង្កឲ្យ​ប៉ះផលដល់​បរិស្ថាន​ប៉ុណ្ណោះទេ ​ប៉ុន្តែ​ថែមទាំង​នាំឲ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាជន​ទៀតផង ​ការច្នៃប្រឌិត​ថ្មី​របស់​ទីក្រុង​យីនឈួន​ដែលបាន​លើកទឹកចិត្ត ​ក៏ដូចជា​បំផុត​ស្មារតីនិង​មនសិការ​របស់​ប្រជាពលរដ្ឋ​តាម​រយៈការបែងចែក​ប្រភេទ​សំរាម​ដោយខ្លួនឯង ​នឹងអាច​ជំរុញឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ចំណែក​ដល់​ការការពារ​បរិស្ថាន ​ទីក្រុងយីនឈួន​នាពេលអនាគត​នឹង​កាន់តែ​ស្រស់ប្រិមប្រិយ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ