ភ្នំពេញ៖បណ្ឌិតជំនាញវិទ្យាសាស្រ្តសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាបានបង្ហាញការយល់ឃើញថា ស្ថេរភាពសេដ្ឋកិច្ចរបស់ចិនបានជះឥទ្ធិពលវេជ្ជមានដល់ការអភិវឌ្ឍកម្ពុជានិងបណ្តាប្រទេសនានាក្នុងតំបន់តាមរយៈការតភ្ជាប់សម្ព័ន្ធសេដ្ឋកិច្ចរវាងប្រទេសចិននិងប្រទេសក្នុងតំបន់ពោលគឺគោលនយោបាយផ្លូវមួយខ្សែរក្រវ៉ាតមួយរបស់ចិនបានចែករំលែកផលប្រយោជន៍យ៉ាងច្រើនទៅអោយប្រទេសផ្សេងៗ។ ក្នុងឱកាសអញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកិច្ចពិភាក្សាពិសេសស្តីអំពីមហាសន្និបាតសភាទាំងពីរឆ្នាំ២០១៧ ក្រោមប្រធានបទការអភវិឌ្ឍនៃកិច្ចសហប្រតិបត្តិការក្នុងតំបន់ដែលរៀបចំឡើងដោយវិទ្យុមិត្តភាពកម្ពុជាចិនកាលពីល្ងាចថ្ងៃទី៥មីនានេះ លោកសាស្ត្រាចារ្យ គី សេរីវឌ្ឍន៍ បណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជានិងជាសាស្ត្រាចារ្យនៃសាលាCamEd Business Schoolបានមានប្រសាសន៍ថា គោលនយោបាយផ្លូវមួយខ្សែរក្រវ៉ាតមួយរបស់ចិនគឺជាគោលនយោបាយប្រមូលផ្តុំសេដ្ឋកិច្ចពិភពលោកភ្ជាប់ជាមួយនឹងសេដ្ឋកិច្ចរបស់ចិន។ លោកបណ្ឌិតបន្តថា ប្រទេសចិនគឺជាដៃរគូល្អ មិត្តល្អ បងប្អូនល្អ និងជាអ្នកជិតខាងល្អរបស់កម្ពុជា ដូច្នេះ ចិនរីកចំរើនកម្ពុជា ក៏មានការរីកចំរើនផងដែរ៖«ដៃរគូល្អគឺផ្តល់ផលប្រយោជន៍អោយគ្នាទៅវិញទៅមក មានន័យថា ចិនមានអ្វីញ៉ាំ នោះកម្ពុជាក៏មានរបស់នោះញ៉ាំដែរ។ កម្ពុជាទទួលបានជំនួយនិងប្រាក់កច្ចីក្នុងអត្រាកាប្រាក់ទាបពីចិនសម្រាប់យកមកអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន។ ចំណែកចិនបាននាំចូលនូវផលិតផលរបស់ខ្លួនមកប្រទេសក្នុងអាស៊ាន ចិនក៏បានផលប្រយោជន៍ដែរ»។
លោកសាស្រ្តាចារ្យបន្ថែមថា ការភ្ជាប់នូវពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាជាមួយចិនធ្វើឲ្យប្រទេសយើងមានឱកាសនាំចេញផលិតផលរបស់ខ្លួនទៅកាន់ចិនដោយមានការអនុគ្រោះពន្ធនាំចូលដូចអង្ករ គ្រឿងសង្ហារឹម ផលិតផលកសិកម្ម និងផលិតផលឧស្សហកម្មជាច្រើនទៀត។ ជាមួយគ្នានេះដែរ លោកសាស្ត្រាចារ្យ គី សេរីវឌ្ឍន៍ បណ្ឌិតផ្នែកវិទ្យាសាស្ត្រសេដ្ឋកិច្ច ជាមន្ត្រីស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា ក៏បានរំពឹងថា មហាសន្និបាតទាំងពីរមហាសន្និបាតសភាទាំងពីរនៃប្រទេសចិន ឆ្នាំ២០១៧ដែលកំពុងចាប់ផ្តើមនៅដើមខែមីនានេះ នឹងដាក់ចេញនូវគោលនយោបាយថ្មីៗដើម្បីជំរុញឲ្យសេដ្ឋកិច្ចចិនឲ្យកាន់តែរីកចម្រើន ជាពិសេសសភាទាំងពីររបស់ប្រទេសចិន និងអនុម័តផែនការបន្តជួយគាំទ្រដល់សេដ្ឋកចិ្ចកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ផងដែរ៕