អ្នកសិក្សា​ស្រាវជ្រាវ​នៅ​កម្ពុជា​រំពឹងថា ​មហាសន្និបាត​សភាទាំងពីរ​នៃ​ប្រទេសចិន​ឆ្នាំ២០១៧​នឹង​ផ្តោតសំខាន់​លើ​ការជំរុញ​សេដ្ឋកិច្ចចិន​ឲ្យ​កាន់តែ​រីកចម្រើន​
2017-03-06 09:27:12  cri  Web Editor:Sun Lingling

      អ្នកសិក្សា​ស្រាវជ្រាវ​នៅក្នុង​ប្រទេសកម្ពុជា​បានមាន​ប្រសាសន៍​រំពឹងទុកថា ​មហាសន្និបាត​សភាទាំងពីរ​នៃ​ប្រទេសចិន​នៅ​ឆ្នាំ២០១៧​នឹង​ផ្តោតសំខាន់​លើ​ការជំរុញ​សេដ្ឋកិច្ចចិន​ឲ្យ​កាន់តែ​រីកចម្រើន ​ខណៈ​ដែល​កម្ពុជា​និង​បណ្តា​ប្រទេស​ផ្សេងៗ​លើ​ពិភពលោក​កំពុង​ទទឹង​រងចាំមើល​ពី​គោលនយោបាយ​កំណែទម្រង់​សេដ្ឋកិច្ច​របស់​ប្រទេសចិន​ដើម្បី​ត្រៀមខ្លួន​ឆ្លើយតប។

      លោក ​គង់ ​ភោគ ​នាយក​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការសិក្សា​យុទ្ធសាស្ត្រ​បាន​ផ្តល់​កិច្ចសម្ភាសន៍​ដល់​វិទ្យុមិត្តភាព​កម្ពុជា-ចិន​ថ្មីៗនេះថា ​ប៉ុន្មានឆ្នាំ​ចុងក្រោយ​នេះ ​ប្រទេសចិន​កំពុងធ្វើ​កំណែទម្រង់​ជា​រចនាសម្ពន្ធ​ទៅលើ​ផ្នែក​ផ្គត់ផ្គង់​ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា​ឲ្យ​ការកើនឡើង​នៃ​សេដ្ឋកិច្ចចិន​មានចីរភាព​មិនមានផលប៉ះពាល់ដល់បរិស្ថាន​ ក៏ដូចជា​ផ្តល់​ផលប្រយោជន៍​ទៅដល់​ប្រជាពលរដ្ឋ​ទូទៅ ​មានន័យថា ​កាត់បន្ថយ​គម្លាត​រវាង​អ្នកទទួល​បាន​ផលច្រើន​និង​អ្នកទទួលបាន​ផលតិច ​ក៏ដូចជា​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​សេដ្ឋកិច្ចចិន​មួយចំនួន ​ជាពិសេស​គឺ​ការផ្លាស់ប្តូរ​ពី​ការពឹងផ្អែក​លើ​ការនាំចេញ​មក​ការពឹងផ្អែក​លើ​ការប្រើប្រាស់​ក្នុង​ស្រុក ​ដើម្បី​ទ្រទ្រង់​ការកើនឡើង​នៃ​សេដ្ឋកិច្ច។ ​ដូច្នេះ ​លោកគង់ ​ភោគ ​រំពឹងថា ​របៀបវារៈ​៥០ភាគរយ​នៃ​មហាសន្និបាត​សភា​ប្រទេសចិន​ឆ្នាំ២០១៧​ដែល​ថ្នាក់ដឹកនាំ​កំពូលៗ​របស់​បក្ស​កម្មុយនីសចិន​និង​មន្ត្រី​ពាក់ព័ន្ធ​មកពី​គ្រប់ខេត្ត​ក្រុង​ទូទាំង​ប្រទេស​នោះ​ត្រូវ​ជជែកគ្នា​នោះ ​គឺ​ពាក់ព័ន្ធ​ជាមួយនឹង​អ្វីទៅ​ជា​ដំណើរ​ឆ្ពោះ​ទៅមុខ​នៃ​សេដ្ឋកិច្ចចិន។

      លោក ​គង់ ​ភោគ ​បានបន្តទៀតថា ​កម្ពុជា​និងចិន​គឺជា​មហាមិត្តនឹងគ្នា ​ហើយ​បច្ចុប្បន្ន​គឺជា​ដៃគូ​សហប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ ​ក្នុងនោះ​រួមមាន​ទាំង​លើ​វិស័យ​សេដ្ឋកិច្ច​និង​នយោបាយ​ជាដើម។ ​លោក​រំពឹងថា ​ព័តមានថ្មីៗ ​ពាក់ព័ន្ធនឹង​សេដ្ឋកិច្ចចិន​ក្នុង​មហាសន្និបាត​សភា​ទាំងពីរនេះ​គឺ​ពិតជា​មាន​សារៈសំខាន់​សម្រាប់​កម្ពុជា​ដោយសារតែ​សេដ្ឋកិច្ច​កម្ពុជា ​បច្ចុប្បន្ន ​គឺ​ពឹងផ្អែក​លើ​ការវិនិយោគ​របស់​ក្រុមហ៊ុនចិន​និង​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​របស់ចិន​ដែល​កំពុង​មាន​វត្តមាន​នៅក្នុង​ប្រទេសកម្ពុជា ​ជាពិសេស​នោះ​គឺ​ការសហការ​របស់ចិន​ជាមួយ​កម្ពុជា​ក្នុង​កម្រិត​តំបន់។ ​ដូច្នេះ ​បច្ចុប្បន្ន​ភាពព័តមាន​ស្តីពី​ការរីកចម្រើន​សេដ្ឋកិច្ចចិន​គឺជា​អ្វីដែល​កម្ពុជា​ត្រូវ​ត្រៀមខ្លួន​ឆ្លើយតប ​មិនថា​បញ្ហា​ប្រឈម​ឬ​ឱកាសថ្មីៗ​ទៀត ​​តាមរយៈ​ការធ្វើ​កំណែទម្រង់​នានា​ពាក់ព័ន្ធនឹង​សេដ្ឋកិច្ច​របស់​ចិន។

      លោក ​គង់ ​ភោគ ​បន្ថែមទៀត​ថា ​ការដាក់ចេញ​នូវ​គោលនយោបាយ​និង​វិធានការ​ថ្មីៗ​របស់ចិន​លើ​គំនិត​ផ្តួចផ្តើម​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ​ដែល​នឹង​ជជែកគ្នា​ក្នុង​មហាសន្និបាត​សភា​ទាំងពីរ​ផងដែរ​នោះ​ក៏ជា​ព័តមាន​ដែល​កម្ពុជា​ទទឹង​រងចាំ​ផងដែរ ​ព្រោះថា​កម្ពុជា​ស្ថិតក្នុង​ច្រក​របៀង​ខាងត្បូង​ជា​ផ្នែកមួយ​នៃ​គម្រោង​ផ្លូវមួយ​ខ្សែក្រវ៉ាត់មួយ ​ក្នុងនោះ ​គម្រោង​មួយ​ដែល​កំពុង​ទទួល​បាន​ការចាប់អារម្មណ៍​ច្រើននោះ ​គឺ​ប្រព័ន្ធ​ផ្លូវ​រថភ្លើង​ក្នុងតំបន់​អាស៊ី​ដែល​នឹង​ភ្ជាប់ពី​ខេត្តគុនមីង​រហូតដល់​ប្រទេស​សិង្ហបុរី ​ហើយ​កម្ពុជា​ក៏ជា​ផ្នែកមួយ​ក្នុង​ប្រព័ន្ធ​អយស្មយយានថ្មី​នេះ​ដែរ។

      លោក ​គង់ ​ភោគ ​ក៏ជឿជាក់ថា ​ក្រៅពី​បញ្ហាសេដ្ឋកិច្ច​ មហាសន្និបាត​សភា​ទាំងពីរ​ក៏នឹង​ជជែកគ្នា​អំពី​កំណែទម្រង់​ប្រឆាំង​អំពើ​ពុករលួយ ​សារៈសំខាន់​នៃ​សកលភាវូបនីយកម្ម ​សន្តិសុខ ​ព្រមទាំង​របៀបវារៈ​សំខាន់ៗ​ជាច្រើន​ទៀត ​ហើយ​ទាំងនេះ​សុទ្ធតែ​ជាអ្វី​ដែល​បណ្តា​ប្រទេស​លើ​ពិភពលោក​កំពុងតែ​ចាប់អាម្មណ៍​ខ្លាំង៕

ទាក់ទង​ជាមួយ​យើង​ខ្ញុំ