ថ្ងៃទី១៥ខែឧសភា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាជាមួយលោកបានគីមូនប្រធានក្រុមប្រឹក្សាភិបាលនៃវេទិកាអាស៊ីក្រុងប៉អៅនៅវិមានសភាប្រជាជនក្រុងប៉េកាំង។
ក្នុងកិច្ចជំនួប លោកស៊ីជីនភីងបានបញ្ជាក់ថា វេទិកាអាស៊ីក្រុងប៉អៅបានបង្កើតឡើងនៅដើមសតវត្សរ៍នេះក្នុងគោលបំណងដើមគឺជំរុញបណ្តាប្រទេសអាស៊ីនានាមានភាពរុងរឿងនិងខ្លាំងក្លាជាមួយគ្នា ដើម្បីរួមគ្នាប្រឈមនិងបញ្ហានិងលើកកម្ពស់ឥទ្ធិពលរបស់ទ្វីបអាស៊ី។បេសកកម្មនិងកម្មវត្ថុរបស់វេទិកាមួយនេះគឺជំរុញសមាហរណកម្មសេដ្ឋកិច្ចអាស៊ី ក៏ដូចជាជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្នុងតំបន់និងប្រទេសនានាលើពិភពលោកផងដែរ ដើម្បីសម្រេចបាននូវការផ្តល់ផលប្រយោជន៍ដល់គ្នានិងឈ្នះ–ឈ្នះ។ការបង្កើតឡើងនិងការអភិវឌ្ឍនៃវេទិកានេះមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយដំណើរកំណែទម្រង់និងបើកទូលាយរបស់ប្រទេសចិន។រំពឹងថា វេទិកាមួយនេះអាចវិវឌ្ឍរីកចម្រើនស្របតាមយុគសម័យដែលផ្តោតសំខាន់ទៅលើអាស៊ីនិងអង្គភាពសេដ្ឋកិច្ចនៃទីផ្សារងើបឡើងថ្មី យកចិត្តទុកដាក់ដល់បញ្ហាជាក់ស្តែងសំខាន់ៗអំពីការអភិវឌ្ឍនៃពិភពលោក ហើយផ្តល់ជាទស្សនៈថ្មី គំនិតថ្មីនិងវីធីសាស្រ្តថ្មីសម្រាប់ការដោះស្រាយបញ្ហាក្នុងការអភិវឌ្ឍ កែលម្អការគ្រប់គ្រងសេដ្ឋកិច្ចនិងសម្រេចការអភិវឌ្ឍជានិរន្តរភាព ក៏ដូចជាដើរតួនាទីវិជ្ជមានក្នុងការជំរុញការអភិវឌ្ឍនិងវិបុលភាពរួមនៃប្រទេសចិននិងពិភពលោកផងដែរ៕