លោក​ស៊ីជីនភីង​ប្រកាសពី​វិធានការ​ធំៗ​ទាំង ៤ ស្តីពី​ការពង្រីក​ការបើកទូលាយ​
2018-04-10 16:01:14  cri  Web Editor:Sun

    ព្រឹក​ថ្ងៃទី ១០ ខែមេសា សន្និសីទ​ប្រចាំឆ្នាំ ២០១៨ នៃវេទិកា​អាស៊ី​ក្រុងប៉អៅ​បានបើកធ្វើ​នៅ​ក្រុងប៉អៅ​ខេត្តហៃណាន​ប្រទេសចិន ។ ថ្លែង​ក្នុងសុន្ទរកថា​គន្លឹះ​ក្នុងពិធី​សម្ពោធបើក លោកស៊ីជីនភីង ប្រធានរដ្ឋចិន​បានប្រកាសពី​វិធានការ​ធំៗ​ទាំង ៤ ស្តីពី​ការពង្រីក​ការបើកទូលាយ​របស់ចិន គឺ​បន្ធូរបន្ថយ​ក្នុង​កម្រិតខ្ពស់​សម្រាប់​ការអនុញ្ញាតឲ្យ​ចូល​ទីផ្សារ បង្កបង្កើត​បរិយាកាស​វិនិយោគ​ដែល​កាន់តែ​មានកម្លាំង​ទាក់ទាញ បង្កើន​ការការពារ​កម្មសិទ្ធិបញ្ញា ពង្រីក​ការនាំចូល​ដោយ​ម្ចាស់ការ ព្រមទាំង​បានបង្ហាញពី​ការជឿជាក់ថា ការបើកទូលាយ​ចំពោះ​ក្រៅប្រទេស​នៃប្រទេសចិន​មុខជា​នឹងអាច​បើកនូវ​សភាពការណ៍​ដ៏ថ្មីសន្លាងមួយ​ជាមិនខាន ។

    ឆ្នាំនេះ​គឺជា​ខួបឆ្នាំ​ទី ៤០ នៃកំណែទម្រង់​និង​ការបើកទូលាយ​របស់​ប្រទេសចិន ។ ថ្លែង​ក្នុងសុន្ទរកថា​គន្លឹះ លោកស៊ីជីនភីង​បាន​បូកសរុប​នូវ​សមិទ្ធផល​ដ៏អស្ចារ្យ​និង​បទពិសោធន៍​ដ៏សំខាន់​នៃប្រទេសចិន​ក្នុង​កំណែទម្រង់​និង​ការបើកទូលាយ ហើយបាន​បង្ហាញថា កំណែទម្រង់​និង​ការបើកទូលាយ​ដែលជា​បដិវត្តន៍​លើកទី ២ នៃប្រទេសចិន មិនគ្រាន់តែ​បាន​កែប្រែ​ប្រទេសចិន​ដោយស៊ីជម្រៅ​���៉ុណ្ណោះទេ ថែមទាំង​ជះឥទ្ធិពល​យ៉ាងជ្រាលជ្រៅ​លើពិភពលោក​ផងដែរ ។

សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី​១៩​ដែល​បាន​ធ្វើ​ឡើង​នៅ​ខែ​តុលា​ឆ្នាំ​២០១៧​បាន​ប្រកាស​ថា​សង្គម​និយម​ដែល​ប្រកប​ដោយ​លក្ខណៈ​ពិសេស​របស់​ចិន​បាន​ឈាន​ចូល​ក្នុង​យុគសម័យ​ថ្មី។​លោក​ស៊ីជីនភីង​បាន​ថ្លែង​ថា​ ក្នុង​យុគសម័យ​ថ្មី ​ប្រជាជនចិននឹងបន្តពង្រឹងសមត្ថភាពរបស់ខ្លួនឥតឈប់ឈរនិងការធ្វើច្នៃប្រឌិតថ្មីដោយខ្លួនឯងតទៅទៀត។បន្តធ្វើការច្នៃប្រឌិតថ្មីដោយក្លាហាននិងជំរុញការអភិវឌ្ឍទៅទៀត។បន្តពង្រីកការបើកទូលាយនិងបង្កើនកិច្ចសហប្រតិបត្តិការទៅទៀត។បន្តដើរទន្ទឹមនឹងពិភពលោកដើម្បីរួមចំណែកកាន់តែច្រើនចំពោះមនុស្សជាតិទៅទៀត។

      លោក​ស៊ីជីនភីង​បាន​រំលឹក​ឡើង​វិញ​ម្តង​ទៀត​ថា ​មិន​ថា​ប្រទេស​ចិន​អភិវឌ្ឍ​ដល់​កម្រិត​ណា​ក្តី​ សុទ្ធ​តែ​មិន​បង្ក​ជា​ការ​គំរាម​កំហែង​ដល់​អ្នក​ណា​នោះ​ឡើយ ​មិន​ធ្វើ​វិទ្ធង្សនា​លើ​ប្រព័ន្ធ​អន្តរជាតិ​ដែល​កំពុង​អនុវត្ត​ក្នុង​ពេល​បច្ចុប្បន្ន​នោះ​ទេ ​ហើយ​ក៏​មិន​រិះរក​មធ្យោបាយ​ដើម្បី​បង្កើត​ក្រប​ខ័ណ្ឌ​អំណាច​របស់​ខ្លួន​នោះ​ដែរ។ជា​និច្ចកាល​ប្រទេស​ចិន​គឺ​ជា​ស្ថាបនិក​នៃ​​សន្តិភាព​ពិភពលោក​ ជា​អ្នក​រួម​ចំណែក​ក្នុង​ការ​អភិវឌ្ឍ​ពិភពលោក​និង​ជា​អ្នក​គាំពារ​នៃ​របៀបរៀប​រាយ​និង​សណ្តាប់​ធ្នាប់​អន្តរជាតិ​។

មួយ​រយៈកាល​កន្លងទៅនេះ​ អំពី​គោលនយោបាយ​បើកទូលាយ​ចំពោះ​បរទេស​របស់​ប្រទេសចិន​ សហគមន៍​អន្តរជាតិ​បានលេចចេញ​សំឡេង​ខុសគ្នា​មួយចំនួន​ ។  ​លោក​ស៊ីជីនភីង​ធ្លាប់​បាន​គូសបញ្ជាក់​ក្នុង​របាយការណ៍នៃ​សមាជ​បក្សកុម្មុយនិស្តចិន​លើកទី១៩​ថា​ ប្រទេសចិន​ប្រកាន់ខ្ជាប់​គោលនយោបាយជាតិ​ជាមូលដ្ឋានគឺ​បើកទូលាយ​ចំពោះ​បរទេស ​និង​ប្រកាន់ខ្ជាប់​ការបើកទ្វារ​ដើម្បី​កិច្ចកសាង​ ។ ​ក្នុង​សុន្ទរកថា​នៅក្រុងប៉អៅ ​លោក​ស៊ីជីនភីង​បាន​បញ្ជាក់​ម្តងទៀតថា​ ទ្វារបើក​ទូលាយ​ចំពោះ​បរទេស​របស់​ប្រទេសចិន​នឹងកាន់តែធំ​ឡើងៗ ហើយ​ក៏បានប្រកាស​ពីវិធានការ​ធំៗ​ទាំង៤​សម្រាប់​ពង្រីក​ការបើកទូលាយ​ដូចជា ​ការបន្ធូរ​បន្ថយ​យ៉ាង​ខ្លាំងនូវ​ការ​អនុញ្ញាត​ឲ្យ​ចូល​ក្នុង​ទី​ផ្សារចិន ​បង្កើត​បរិយាកាស​វិនិយោគទុន​ដែលមាន​កម្លាំង​ទាក់ទាញ​កាន់តែធំ ​បង្កើន​ការការពារ​កម្មសិទ្ធិបញ្ញា​និង​ពង្រីក​​ការនាំចូល​ដោយ​ម្ចាស់ការ ។

    នៅខែវិច្ឆិកា​ ឆ្នាំនេះ​ ប្រទេសចិននឹងរៀបចំពិព័រណ៍នាំចូលចិនអន្ដរជាតិលើកដំបូងនៅក្រុងសៀងហៃ។លោកស៊ីជីនភីង​ បានថែ្លងថា​ ព្រឹត្តិការណ៍នេះមិនមែនជាពិពណ៌តាំងបង្ហាញផលិតជាទូទៅនោះទេ​ តែគឺជាការប្រកាសពីគោលនយោបាយនិងសកម្មភាពសំខាន់ៗរបស់ប្រទេសចិនដើម្បីបើកទូលាយទីផ្សាររបស់ខ្លួនដោយម្ចាស់ការ។កាលពីឆ្នាំមុន​ លោកស៊ីជីនភីងបានលើកឡើងនូវការរួមគ្នាកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយនិងផ្លូវមួយ ​បច្ចុប្បន្ននេះ​ ប្រទេសនិងអង្គការអន្តរជាតិ​ ចំនួនជាង៨០បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយប្រទេសចិន។លោកស៊ីជីនភីងបានគូសបញ្ជាក់នៅចុងបញ្ចប់នៃសុន្ទរកថាយ៉ាងដូច្នេះថា​ គំនិតផ្តួចផ្តើមខែ្សក្រវាត់មួយនិងផ្លូវមួយមានប្រភពដើមនៅប្រទេសចិន​ ប៉ុន្តែឱកាសនិងសមិទ្ធផលវាជារបស់ពិភពលោក​ ប្រទេសចិនមិនបង្ខិតបង្ខំឲ្យអ្នកណាទិញលក់នោះឡើយ។​    យើងត្រូវតែកសាងឲ្យគំនិតផ្តួចផ្តើមខែ្សក្រវាត់មួយនិងផ្លូវមួយទៅជាវេទិកាសហប្រតិបត្តិការអន្តរជាតិដ៏ទូលំទូលាយបំផុតដែលស្របតាមចរន្តនៃសកលភាវូបនីយកម្មសេដ្ឋកិច្ចដើម្បីធ្វើឲ្យការរួមគ្នាកសាងគំនិតផ្តួចផ្តើមខែ្សក្រវាត់មួយនិងផ្លូវមួយអាចផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃបណ្តាប្រទេសនានាឱ្យបានកាន់តែល្អប្រសើរថែមទៀត៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ