ព្រឹកថ្ងៃទី ១៧ ខែមីនា មហាសន្និបាតលើកទី ១ នៃសភាតំណាងប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ បានបើកធ្វើកិច្ចប្រជុំពេញអង្គ ដោយបានបោះឆ្នោតសម្រេចអនុម័តលើគម្រោងកំណែទម្រង់ស្ថាប័ននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ។
សូមបញ្ជាក់ថា កំណែទម្រង់ស្ថាប័ននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនលើកនេះមានគោលបំណងកែសម្រួលនិងធ្វើឲ្យមានភាពល្អប្រសើរនូវតួនាទីស្ថាប័នក្នុងវិស័យអាទិភាពនិងគន្លឹះនៃប្រព័ន្ធរដ្ឋាភិបាល ដើម្បីបង្កបង្កើតប្រព័ន្ធគ្រប់គ្រងរដ្ឋាភិបាលដែលមានតួនាទីជាក់ច្បាស់និងអភិបាលកិច្ចជាតិតាមច្បាប់ លើកកម្ពស់សមត្ថភាពអនុវត្តនៃរដ្ឋាភិបាល កសាងសេវាកម្មរដ្ឋាភិបាលដែលប្រជាជនពេញចិត្ត ។ អនុលោមតាមគម្រោងនេះ ក្រោយពីកំណែទម្រង់លើកនេះ ក្រៅពីខុទ្ទកាល័យក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ស្ថាប័នក្រោមឱវាទរបស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនសរុបមានចំនួន ២៦ ស្ថាប័ន ៕