លោកស៊ីជីនភីង​បាន​ថ្លែង​សុន្ទរកថា​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​ជាតិ​និង​អន្តរជាតិ​បន្ទាប់​ពី​ត្រូវ​​ជ្រើសតាំង​​ជា​​អគ្គលេខាធិការ​នៃគណៈកម្មាធិការ​មជ្ឈិមបក្សអាណត្តិ​ថ្មី
2017-10-25 17:49:37  cri  Web Editor:Sun

សួស្តី​ លោក លោកស្រី​  មិត្តភក្តិទាំងឡាយ​!

      កាលពី​ម្សិលមិញ​  សមាជបក្សកុម្មុយនិស្តចិនលើកទី១៩​បាន​បិទបញ្ចប់​​ហើយ​។ ​ក្នុងអំឡុង​ពេល​នៃ​សមាជលើកនេះ ​មាន​មិត្តអ្នកសារព័ត៌មាន​ជាច្រើនរូប​បាន​មក​យកបទ​​សម្ភាសន៍​ពិសេសមាន​អ្នក​មកពី​ប្រទេស​និង​តំបន់​ឆ្ងាយៗជាច្រើន​ផងដែរ។ ​អ្នក​ទាំងអស់​បានធ្វើ​ការ​ផ្ស​ព្វ​ផ្សាយ​​ព័ត៌មាន​អំពី​សមាជដោយ​ពេញលេញ​និងក្នុង​បរិមាណ​ច្រើន​​ ដែល​បាន​ញ៉ាំងឲ្យ​ពិភពលោក​ទាំង​មូល​ផ្តោត​ការ​​យកចិត្តទុកដាក់​ខ្ពស់​។ ​អ្នកទាំងអស់​នឿយហត់ហើយ​! ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ស្មោះ​អស់​ពីដួង​ចិត្ត​ចំពោះ​អ្នកទាំង​អស់​គ្នា​!

      តាំង​ពីពេល​បើក​ធ្វើសមាជ​មក​ ​មានគណបក្ស​សំខាន់ៗចំនួន​៤៥២នៃ​​ប្រទេស​ចំនួន​១៦៥​បាន​ផ្ញើសារ​លិខិត​​ជូនពរ​។ ​ក្នុងនោះ​ មាន​៨១៤ច្បាប់​គឺមកពី​​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល​ ​ថ្នាក់ដឹកនាំគណបក្ស​និង​ស្ថាប័នសំខាន់ៗនៃប្រទេសទាំង​នេះ​។ នៅទីនេះ​ ​ខ្ញុំ​សូម​តាង​នាម​គណៈកម្មាធិការ​មជ្ឈិម​​បក្សកុម្មុយនិស្តចិន​ថ្លែងអំណរគុណដ៏ស្មោះចំពោះ​ថ្នាក់ដឹកនាំ​បរទេស​គ្រប់រូប!

   ក្នុង​សនិ្នសីទ​ពេញ​អង្គ​លើក​ទី​មួយ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណតិ្តទី ១៩ ដែល​ទើប​បើក​ធ្វើ​អម្បាញ់មិញ បាន​ជ្រើស​តាំង​ស្ថាប័ន​ដឹក​នាំ​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្តចិន​អាណត្តិ​ថី្ម សនិ្នសីទ​ពេញ​អង្គ​បាន​ជ្រើស​តាំង​ខ្ញុំឲ្យ​​បន្ត​កាន់​​តំណែង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ជា​បន្ត​ទៀត ។ នេះ​គឺ​ជា​ការ​ទទួល​ស្គាល់​ចំពោះ​រូប​ខ្ញុំ ហើយក៏​​ជា​ការ​ដាស់​តឿន​និងជា​​ការជំរុញ​និង​​លើក​ទឹក​ចិត្ត​ចំពោះ​រូប​ខ្ញុំ​ផង​ដែរ ។

      ឥឡូវ​នេះ ខ្ញុំ​សូម​ឧទេ្ទសនាម​ពី​សមាជិក​គណៈ​អចិន្ត្រៃយ៍នៃការិយាល័យ​នយោបាយ​មជ្ឈិម​​៦​រូប​​ទៀត ។ លោក លី ខឺឈាង លោក លី ចាន់ស៊ូ លោក វ៉ាង​ យ៉ាង លោក វ៉ាង ហ៊ូនីង លោក ចៅ ឡឺជី និង​លោក ហាន ចឹង ។ ក្នុង​នោះ លោក លី ខឺឈាង គឺ​ជា​សមាជិក​គណៈអចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ទី ១៨ ហើយសមាជិក​​៥ រូប​​ទៀត​សុទ្ធ​តែ​ជា​សមាជិក​នៃ​ការិយាល័យ​នយោបាយ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ទី ១៨ លោក​អ្នក​អាច​ស្វែង​យល់​កាន់​តែ​ច្រើន​អំពី​​​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​សមាជិក​គ្រប់​រូប​​តាម​រយៈ​ប្រព័ន្ធ​សារព័ត៌មាន ។ ពេល​នេះ ខ្ញុំ​សូម​តាង​នាម​សមាជិក​ថ្នាក់​​ដឹក​នាំ​នៃ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​អាណត្តិ​ថី្ម ថ្លែង​អំណរគុណ​យ៉ាង​ស្មោះ​ចំពោះ​​សមាជិក​បក្ស​​គ្រប់​រូប​​​ដែល​បាន​ផ្តល់ទំនុក​ចិត្ត​​ដល់​យើង​ខ្ញុំ ។ យើង​ខ្ញុំ​នឹងខំ​​ព្យាយាម​​អស់​ពី​សមត្ថភាព ​ដើម្បី​បំពេញ​ភារកិច្ច​ស្រប​តាម​តួនាទី​​របស់ខ្លួនឲ្យ​បាន​ល្អ​ប្រសើរ​  មិន​ធ្វើ​ឲ្យ​បក្ស​និង​ប្រជាជន​អស់​សង្ឃឹម​ឡើយ ។

ក្នុង​រយៈពេល​៥​ឆ្នាំ​កន្លង​ទៅ​នេះ យើង​បាន​ធ្វើ​ការ​ងារ​ជា​ច្រើន ក្នុង​នោះ មាន​មួយ​ចំនួន​បាន​សម្រេច មាន​មួយ​ចំនួន​ទៀត​នឹង​បន្ត​ធ្វើ​តទៅ​ទៀត។សមាជ​បក្ស​កុម្មុយនិស្ត​ចិន​បាន​លើក​ឡើង​នូវ​ទិស​ដៅ​ថ្មី​និង​ភារកិច្ច​ថ្មី យើង​ត្រូវ​អនុវត្ត​ឲ្យ​បាន​ល្អ។

      ឆ្លង​តាម​រយៈការ​ខិត​ខំ​ប្រឹង​ប្រែង​អស់​ពេល​ជា​យូរ​មក សង្គម​និយម​មាន​លក្ខណៈ​ពិសេស​នៃ​ប្រទេស​ចិន​បាន​ឈាន​ចូល​យុគសម័យ​ថ្មី។ក្នុង​យុគសម័យថ្មី​ត្រូវ​តែ​មាន​មុត​មាត់​ថ្មី​សន្លាង ហើយ​កាន់​តែ​ត្រូវ​មាន​សមិទ្ធផល​ថ្មី​ថែម​ទៀត។រយៈពេល​៥​ឆ្នាំ​ចន្លោះ​ពី​សមាជ​បក្ស​លើក​ទី​១៩​ដល់​សមាជ​បក្ស​លើក​ទី​២០​គឺ​ជា​រយៈពេល​ជា​ប្រវត្តិសាស្រ្ត​សម្រាប់​សម្រេច​គោល​ដៅ​ធ្វើ​ការ​តស៊ូ​ស្តី​ពី​សតវត្សរ៍​ចំនួន​២ គោល​ដៅ​នៃ​សតវត្សរ៍​ទី​១​ត្រូវ​ធ្វើ​ឲ្យ​បាន​សម្រេច ​ហើយ​គោល​ដៅ​នៃ​ការ​តស៊ូ​សតវត្សរ៍​ទី​២​ក៏ត្រូវ​មាន​ការ​ចាប់​ផ្តើម​ដ៏ល្អ​ផង​ដែរ។ក្នុង​នោះមាន​ដំណាក់កាល​សំខាន់​មួយ​ចំនួន​ដែល​បង្ហាញ​ពី​ដំណើរ​វិវឌ្ឍ​រីក​ចម្រើន​នៃ​ការ​ងារ​របស់​យើង។

      ឆ្នាំ ២០១៨  ​គឺ​ជា​ខួប​​​ទី ៤០ ​នៃ​ការធ្វើ​កំណែទម្រង់​និង​បើក​ចំហ​របស់​ប្រទេស​ចិន។ ​ការធ្វើ​កំណែ​ទម្រង់​និង​បើក​ចំហ​ជា​វិធីសាស្ត្រ​ជា​គន្លឹះ​មួយ​ដែល​សម្រេច​ដល់​ជោគវាសនា​របស់​ប្រទេស​ចិន​ក្នុង​​សម័យ​នេះ​  ​​​រយៈពេល​ ៤០ ​ឆ្នាំ​នៃ​ការធ្វើ​កំណែទម្រង់​បាន​ជំរុញ​ឲ្យ​ជីវភាព​​ប្រជាពលរដ្ឋ​ចិន​មាន​ភាពធូរធារ​បង្គួរ ​និង​បាន​ឈាន​ចូល​ភាព​សម្បូរ​សម្បាយ​​ជា​លំដាប់​។ ​យើង​​នឹង​បូកសរុប​បទពិសោធន៍​ ​បន្ត​​ពុះពារ​ទៅ​មុខ​​  ​ដើម្បី​បន្ត​ជំរុញ​ការធ្វើ​ទំនើបកម្ម​លើ​ប្រព័ន្ធ​​និង​សមត្ថភាព​​​អភិបាលកិច្ច​ជាតិ  ​ធ្វើ​ការ​កែទម្រង់​លើ​គ្រប់​វិស័យ​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ថែម​ទៀត​ដោយ​មិន​ងាករេ ​ពង្រីក​ការបើក​ចំហ​តទៅទៀត​ដោយ​មិន​ងាករេ​ ​ដើម្បី​ឲ្យ​កំណែទម្រង់​និង​ការបើក​ចំហ​បំពេញ​បន្ថែម​​គ្នា​ទៅវិញ​ទៅមក​ ​សម្រប​សម្រួល​គ្នា​ទៅវិញ​ទៅមក ​និង​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញ​ទៅមក។ ​ខ្ញុំ​ជឿជាក់​យ៉ាង​មុតមាំ​ថា  ​ការស្តារ​ឡើងវិញ​នូវ​ភាព​រុងរឿង​ដ៏​មហិមា​របស់​ប្រជាជាតិ​ចិន​មុខជា​អាច​សម្រេច​បាន​ក្នុង​ដំណើរ​កំណែទម្រង់​និង​បើក​ចំហ​ជាក់ជា​មិនខាន។

      នៅ​ឆ្នាំ ២០១៩ ​គឺ​ជា​ខួប​ឆ្នាំ​ទី ៧០ ​នៃ​ការបង្កើត​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ​យើងនឹង​អនុវត្ត​ទស្សនៈ​អភិវឌ្ឍ​ថ្មី​ ​​ជំរុញ​សេដ្ឋកិច្ច​ចិន​ឲ្យ​វិវឌ្ឍ​​រីកចម្រើន​​​ដោយ​រឹងមាំ​ ​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​ចិន​និង​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា។​  ​យើង​​​នឹង​បន្ត​អនុវត្ត​ជាក់ស្តែង​នូវ​ភារកិច្ច​គ្រប់​យ៉ាង​ដែល​បាន​កំណត់​ក្នុង​ផែនការ​​ អភិវឌ្ឍ​ជាតិ​ប្រាំ​ឆ្នាំ​ទី​ ១៣​ ​ហើយ​ក៏​នឹង​គ្រោង​ផែនការ​ថ្មី​សម្រាប់​ការអភិវឌ្ឍ​នា​ពេល​អនាគត​ផង​ដែរ ​ដើម្បី​បន្ត​ជំរុញ​ឲ្យ​គ្រប់​វិស័យ​មាន​ការវិវឌ្ឍ​រីក​ចម្រើន​​គ្រប់​ជ្រុងជ្រោយ​ ​ក្នុង​ន័យ​កសាង​ឲ្យ​សាធារណរដ្ឋ​រ���ស់​យើង​​មាន​ភាពថ្កុំថ្កើង​រុងរឿង​​ថែម​ទៀត។

    ឆ្នាំ ២០២០ ប្រទេសចិន​នឹង​សម្រេចបាន​នូវការកសាងសង្គម​ដែល​ប្រជាជន​មានជីវភាព​ធូរធារបង្គួរ​ដោយគ្រប់ជ្រុងជ្រោយ  ការកសាង​សង្គម​ដែល​ប្រជាជន​​មានជីវភាព​ធូរធារបង្គួរ​និង​ការដើរលើ​ផ្លូវ​សម្បូរសប្បាយ មិនអាច​បោះបង់ចោល​នរណា​ម្នាក់​នោះឡើយ  ប្រទេសចិននឹង​ចំណាយកម្លាំង​បក្ស​និងរដ្ឋ​ទាំងមូល ដើម្បី​សម្រេច​ភារកិច្ច​យកជ័យជម្នះ​លើឧបសគ្គ​នៃការ​ចាកផុតពី​ភាពក្រីក្រ ធានាថា​នឹងបំពេញតាម​ពាក្យសន្យា​របស់យើង​ជាមិនខាន  យើង​ត្រូវ​ចងចាំថា សេចក្តីសង្ឃឹម​ចំពោះ​ជីវភាព​ល្អបវរ​របស់​ប្រជាជន​គឺជា​គោលដៅ​តស៊ូ​របស់យើង ហេតុនេះ​ត្រូវប្រកាន់ខ្ជាប់​នូវទស្សនៈ​អភិវឌ្ឍ​ដែលទុក​ប្រជាជន​ជាស្នូល ខិតខំ​ធ្វើការងារ​គាំពារ​និង​កែសម្រួល​ជីវភាព​ប្រជាជន​ឲ្យបាន​ល្អ បង្កើន​អារម្មណ៍​ទទួលបានផល អារម្មណ៍សុភមង្គល​និង​អារម្មណ៍សន្តិសុខ​របស់ប្រជាជន​ដោយ​ឥតឈប់ឈរ សំដៅ​ជំរុញឲ្យ​ប្រជាជន​មានភាពសម្បូរសប្បាយ​ទាំងអស់គ្នា  ខ្ញុំជឿជាក់ថា ជីវភាព​របស់ប្រជាជនចិន​មុខជានឹង​កាន់តែល្អប្រសើរ​ពីមួយឆ្នាំ​ទៅ​មួយឆ្នាំ 

 ឆ្នាំ​​ ២០២១ ជា​ខួបទី ១០០ នៃ​ការបង្កើត​គណបក្សកុម្មុយនិស្ត​ចិន​   បក្សកុម្មុយនិស្ត​ចិនបាន​តាំង​ចិត្ត​ប្តេជ្ញា​លើការ​សម្រេចឲ្យ​​បាន​នូវ​បុព្វហេតុ​ដ៏មហិមាដែលនាំ​មក​នូវ​ផល​ប្រយោជន៍ជូន​​ប្រជាជន​​ចិនគ្រប់ជំនាន់​  បច្ចុប្បន្ននេះ​គឺ​ជា​ពេលដ���ល​បក្ស​​មាន​កម្លាំងខ្លាំងក្លា​សម្រាប់​បំពេញ​​ភារកិច្ចមួយ​នេះ​  បក្សកុម្មុយនិស្ត​ចិន​ជា​បក្សនយោបាយ​ធំ​បំផុត​លើ​ពិភពលោក  គណបក្ស​ធំ​គឺ​ត្រូវ​ទទួល​បន្ទុក​ធំ​  ការអនុវត្ត​ជាក់ស្តែង​បាន​បញ្ជាក់​យ៉ាង​ពេញ​លេញ​ថា​ បក្សកុម្មុយនិស្ត​ចិន​អាច​ដឹកនាំ​ប្រជាជន​ចិនក្នុងការ​​ធ្វើ​បដិវត្តន៍​សង្គម​ដ៏​មហិមា​ ហើយ​ក៏​អាច​ធ្វើ​បដិវត្ត​ន៍​លើ​ខ្លួនឯង​ដ៏មហិមា​ផងដែរ  យើង​ត្រូវមាន​ភាព​ក្លៀវក្លា​ជានិច្ច​  ​ធ្វើ​ជា​អ្នក​បម្រើ​របស់​​ប្រជាជន​ អ្នក​ដើរ​ជួរមុខនៃ​​យុគសម័យ​និង​ជា​អ្នក​ទ្រទ្រង់​​​ប្រជាជាតិ​  ការគ្រប់គ្រង​បក្ស​យ៉ាង​តឹងរ៉ឹង​ដោយ​គ្រប់ជ្រុងជ្រោយ​គឺ​គ្មាន​ទី​បញ្ចប់​ឡើយ​ យើង​មិន​ត្រូវ​មាន​គំនិតគិត​ចង់​អង្គុយ​​សម្រាកនោះ​ឡើយ​​    យើង​នឹង​បន្ត​បោសសំអាត​មេរោគ​ទាំង​ឡាយ​ដែល​អាច​បំពុល​ដល់​ភាព​ស្អាតស្អំ​នៅ​​ផ្ទៃក្នុង​បក្ស​  ខិតខំប្រឹងប្រែង​ដើម្បី​បង្កបង្កើត​ទៅ​ជា​បរិយាកាស​នយោបាយ​ដែល​ប្រកបដោយ​ភាព​ស្អាតស្អំ​  ក្នុង​ន័យ​ធ្វើ​ឲ្យ​កម្លាំង​វិជ្ជមានដ៏​​ខ្លាំងក្លា​របស់​​​បក្ស​​អាច​ជំរុញ​ដល់​ការបណ្តំ​ថាមពល​ដ៏​ផុលផុសពី​​ក្នុង​សង្គម​ទាំងមូល​ដើម្បី​ជំរុញ​ដល់​​ការអភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសចិន​ 

បក្ស​កុម្មុយនិស្តចិន​និង​ប្រជាជនចិន​គឺបាន​ដើរ​ចេញ​មកពី​ភាពលំបាក​វេទនា​ ដូច្នេះហើយ​ គឺ​ជ្រួតជ្រាប​អំពី​តម្លៃ​នៃ​សន្តិភាព​និង​តម្លៃនៃ​ការអភិវឌ្ឍ​  ​ជនជាតិចិន​ដែលមាន​ជំនឿចិត្ត​​និង​គោរព​ចំពោះ​ខ្លួនឯង​ នឹង​គាំពារ​យ៉ាង​មុតមាំ​នូវ​អធិបតេយ្យភាព​ សន្តិសុខ​និងផលប្រយោជន៍​នៃ​ការអភិវឌ្ឍ​របស់​ជាតិ​ ព្រម​​ជាមួយនេះ​ ក៏នឹង​រួម​សហការ​ជាមួយ​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​ សកម្ម​ជំរុញ​ការបង្កើត​សហគមន៍​រួមវាសនា​តែមួយ​របស់​មនុស្សជាតិ​ ក្នុង​ន័យ​រួម​វិភាគទាន​កាន់តែ​ធំធេង​ចំពោះ​បុព្វហេតុ​ដ៏ឧដុង្គឧត្តម​នៃ​សន្តិភាព​និង​ការអភិវឌ្ឍ​របស់​មនុស្សជាតិ​ជាបន្ត​បន្ទាប់ 

ប្រវត្តិសាស្ត្រ​គឺ​សរសេរ​ឡើង​ដោយ​ប្រជាជន ​ហើយ​សមិទ្ធផល​ទាំងអស់​ក៏ត្រូវ​បង្កើត​ឡើង​ដោយ​ប្រជាជន​ផងដែរ​  ​មានតែ​យើង​ចូលចុះ​ក្នុង​ចំណោម​​ប្រជាជន​និង​ពឹងផ្អែក​​លើ​ប្រជាជន​ នោះ​ទើប​អាច​ទទួល​បាន​ថាមពល​ឥតព្រំដែន ​ដើម្បី​ទៅ​​ពុះពារ​រាល់​ឧបសគ្គ​និងដើរឆ្ពោះ​ទៅមុខ​ដោយ​អង់អាច​ក្លាហាន 

ប្រទេសចិន​មាន​សុភាសិត​មួយ​បាន​និយាយថា​ ស្តាប់​ឮ​មួយ​រយ​ដង​​មិន​ស្មើ​នឹង​មើល​ឃើញ​ម្តង​​ ។ ប្រទេស​ចិន​សូម​ស្វាគមន៍​អ្នក​សារ​ព័ត៌មាន​គ្រប់​រូប​អញ្ជើញ​មកកម្សាន្ត​​នៅប្រទេស​ចិន និង​បន្ត​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ប្រែប្រួល​នៃ​ការអភិវឌ្ឍ​របស់​ប្រទេសចិន​បន្ទាប់​ពី​ការ​បើក​ធ្វើ​សមាជ​បក្ស​កុម្មុយនិស្ត​ចិន​លើក​ទី ១៩ សំដៅស្វែង​យល់​និង​ផ្សព្វផ្សាយ​ពី​ប្រទេស​ចិនឲ្យ​​បាន​កាន់​តែ​គ្រប់​ជ្រុង​ជ្រោយថែម​ទៀត​ ។ យើងខ្ញុំ​​មិន​ត្រូវ​ការ​ពាក្យ​សម្តី​កោត​សរសើរ​អ្វី​ទៀត​ទេ​ យើង​ខ្ញុំ​ស្វាគមន៍ជានិច្ច​នូវ​រាល់​ការ​ផ្សព្វ​ផ្សាយ​ប្រកប​ដោយ​សត្យានុម័តិនិង​សំណើដែលមាន​ប្រយោជន៍ ​ ដូចជា​ពាក្យ​គេ​និយាយ​ថា​ បុបា្ភ​មិន​បាច់​គេ​កោត​សរសើរពណ៌​ស្រស់​ឆើត​ ឲ្យ​តែ​អាច​​បន្សល់​ទុក​ក្លិន​ក្រអូប​ឈ្ងុយ​ឈ្ងប់​ក្នុង​លោកិយ​ ៕
ទាក់ទង​ជាមួយ​យើង​ខ្ញុំ