郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖ ផ្សព្វផ្សាយស្មារតីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជំរុញឱ្យប្រជាជនបណ្តាប្រទេសនានារួមគ្នាឆ្ពោះទៅមុខ

2022-04-11 10:37:55 cri

      ថ្ងៃទី​៨ ខែ​មេសា លោក​ Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​ថ្លែង​សុន្ទរកថា​គន្លឹះ​ក្នុ​ង​មហា​សន្និបាតបូកសរុបលទ្ធផលការងារនិងសម្តែងការកោតសរសើរចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ដោយ​បាន​ប្រកាស​ថា ប្រទេស​ចិន​បាន​បំពេញ​ពាក្យ​សន្យា​យ៉ាង​ម៉ឺង​ម៉ាត់ចំពោះសហគមន៍អន្តរជាតិ​ដោយ​គ្រប់ជ្រុងជ្រោយ ហើយ​បាន​ផ្តល់​ព្រឹត្តិការណ៍កីឡាអូឡាំពិកប្រកប​ដោយភាព​សាមញ្ញ​ សុវត្ថិភាព​និង​មានភាពអស្ចារ្យ​ជូន​ពិភពលោក ។

      “ការ​រៀប​ចំ​ការ​ប្រកួត​ដោ​យ​រលូន​គឺបាន​ទទួលភាពជោគជ័យ” ។ ក្នុ​ងនាម​ជា​ព្រឹតិ្តការណ៍​​កីឡា​ចម្រុះ​ដ៏មាន​លក្ខណៈសកលទីមួយ​ដែល​បាន​រៀប​ចំតាម​ពេល​កំណត់​បន្ទាប់​ពី​ផ្ទុះ​ការ​រីក​រាលដាល​នៃជំងឺកូវីដ​១៩ មិនថា​​ការងារ​ត្រៀម​រៀបចំនិង​ដំណើរ​ការ​​ប្រកួត​ ឬមួយ​ក៏​​ការ​វាយ​តម្លៃ​យ៉ាង​សកម្ម​ពីសំណាក់​អត្តពលិក​និង​សហគមន៍អន្តរជាតិ​ រហូត​ដល់​អត្រា​​ទូរទស្សនិកជនខ្ពស់​បំផុត​ដែលមាន​ទូរទស្សនិកជន​រាប់ពាន់លា​ន​នាក់​នៅទូទាំង​ពិភពលោកចូលរួមទស្សនា ​​ហើយ​​បាន​បំបែក​កំណត់ត្រា​ក្នុង​ប្រវត្តិសាស្ត្រ អាច​និយាយបាន​ថាព្រឹត្តិការណ៍កីឡាអូឡាំពិកនិងប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំងបាន​បង្កើត​ភាពអស្ចារ្យ​មួយ​ដែល​អាច​កត់ត្រា​ក្នុង​ប្រវតិ្តសាស្ត្រ​នៃ​ការ​ប្រកួត​កីឡាអូឡាំពិក ថែមទាំង​ក៏បាន​បំពេញ​បន្ថែម​ជំនឿចិត្ត ​និង​កម្លាំងដល់​ពិភពលោកដែ​ល​បាន​និង​កំពុង​រង​ការ​រំខាន​ពីការ​រីក​រាល​ដាល​​នៃជំងឺកូវីដ​១៩ ។

      ក្នុង​អំឡុង​ពេល​រៀប​ចំធ្វើ​ការ​ប្រកួត​កីឡា​អូឡាំពិក​និង​ប៉ារ៉ាឡាំពិក​រដូវ​រងា​ក្រុង​ប៉េកាំង​ ក្នុង​​បរិវេណបិទខ្ទប់ អត្រា​រកឃើញករណីវិជ្ជមានជំងឺកូវីដ១៩មានតែ​០.៤៥​ភាគ​រយ​ប៉ុណ្ណោះ ​អ្នក​ដែល​ត្រូវ​រកឃើញវិជ្ជមានជំងឺកូវីដ១៩ទាំង​អស់ទទួល​បាន​ការ​ព្យាបាលដ៏មាន​ប្រសិទ្ធភាព​និង​ការ​ថែទាំដ៏​ល្អប្រសើរ មិន​កើត​មាន​​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​ជា​ក្រុម ​និង​រាយ​បាយ​ សម្រេចបាននូវ​ការ​គ្រប់គ្រងនិង​ទប់ស្កាត់ករណីឆ្លងនៅត្រឹមសូន្យ ។  ការងារ​បង្ការ​និង​គ្រប់​គ្រង​ជំងឺកូវីដ​១៩​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ដោយ​ចំគោលដៅ​និង​មាន​ប្រសិទ្ធិភាព បាន​ផ្តល់​​បទពិសោធន៍​ដ៏​មាន​តម្លៃ​ដល់​ការ​ងារ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺកូវីដ១៩​ជា​សកល​ និង​ការ​រៀប​ចំ​សកម្មភាព​អន្តរជាតិ​ធំៗ ហើយ​ក៏បាន​បង្ហាញពី​ស្មារតី​របស់​ប្រជាជន​ចិន​ដែល​មិន​ចុះ​ញ៉ម ពុះពារ​ឧបសគ្គ​និង​យកឈ្នះលើហានិភ័យ​យ៉ាង​អង់អាច​ក្លាហាន ។

      ឆ្លង​តាម​រយៈការ​ប្រកួត​កីឡាអូឡាំពិក​ និង​ប៉ារ៉ាឡាំពិករដូវរងាក្រុងប៉េកាំង ពិភពលោក​បាន​មើលឃើញ​ប្រទេស​ចិន​ដែលប្រកបដោយ​ភាពបើក​ទូលាយ បរិយាប័ន្ននិង​ស្វែង​រក​ឧត្តមភាព។ ទាំង​កីឡដ្ឋាន​ការ​ប្រកួតកីឡាអូឡាំពិករដូវរងា​ដែល​ប្រកបដោយ​វប្បធម៌ចិន​និង​បែប​បទ​ដ៏​ពិសេស និង​ពិធីបើក​និង​ពិធីបិទ​ដែល​ប្រកប​ដោយ​ទស្សនៈចិន​ស្តីពី​ភាព​ចុះ​សម្រុង​គ្នា​និង​ស្មើគ្នា ទាំង​ម្ហូប​អាហារ​ឆ្ងាញ់ៗ​និង​ក្បាច់​គុនកុងហ្វូចិន​ដែល​ទទួល​ប្រជាប្រិយ​ភាព​ក្នុង​ភូមិ​អូឡាំពិក និង​ស្នាមញញឹម​របស់​អ្នក​ស្ម័គ្រចិត្ត​ដែល​ប្រកប​ដោយ​ភាព​កក់ក្តៅ​និង​ភាពស្មោះត្រង់​ ការ​ប្រកួតកីឡាទាំង​ពីរ​នេះបាន​បង្ហាញយ៉ាង​ពេញលេញនូវ​ភាពទាក់ទាញ​របស់​វប្បធម៌ចិន​ និងភាព​​រួសរាយរាក់​ទាក់ចំពោះ​ភ្ញៀវរបស់​ប្រជាជន​ចិន​ ក៏ដូច​ជា​បាន​ជំរុញ​ការ​យល់ដឹង​ពីគ្នា​និង​មិត្តភាព​រវាង​ប្រជាជន​នៃ​បណ្តា​ប្រទេសនានា​លើ​ពិភពលោកផង​ដែរ​ ។​​

      គួររំលឹកផងដែរថា​ ​ការ​រៀប​ចំ​ដោយ​ជោគជ័យ​នៃ​ការ​ប្រកួតកីឡាប៉ារ៉ាឡាំពិក​រដូវរងា​ក្រុង​​ប៉េកាំង ក៏បាន​ក្លាយ​ជា​បង្អួច​មួ​យដែល​អាច​បង្ហាញពី​ទស្សនៈ​និង​ស្នាដៃ​នៃ​បុព្វហេតុ​សិទ្ធិ​មនុស្ស​របស់​ប្រទេស​ចិន ក៏ដូច​ជា​សមិទ្ធផល​របស់​ប្រទេស​ចិន​ក្នុង​ការ​គោរ​ព​និង​គាំពារ​សិទ្ធិ​និង​ផល​ប្រយោជន៍​របស់​ជនពិការ​ផង​ដែរ ។ លោក Andrew Parsons ប្រធាន​គណៈកម្មាធិការ​កីឡាប៉ារ៉ាឡាំពិក​អន្តរជាតិ​បាន​វាយ​តម្លៃ​ថា “​ការ​ប្រកួតកីឡាប៉ារ៉ាឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​ឆ្នាំ​២០២២​ជា​ពន្លឺ​ថ្មី​នៃ​ការ​ប្រកួតកីឡាប៉ារ៉ាឡាំពិក​រដូវរងា” ។

      ប្រការដែល​សំខាន់​ជាង​ទៀត គឺ​នៅលើ​ពិភពលោក​ដែល​បាន​និង​កំពុង​មាន​ភាព​ច្របូក​ច្របល់ ស្មារតី​កីឡាអូឡាំពិក​រដូវរងា​ក្រុង​ប៉េកាំង​បាន​ជំរុញ​ការរៀន​សូត្រ​ពី​វប្បធម៌​រវាង​គ្នា​និង​គ្នា និង​បាន​សាបព្រោះគ្រាប់ពូជ​សាមគ្គីភាពនិង​មិត្តភាព ហើយ​បាន​ជំរុញឱ្យ​ប្រជាជន​នៃ​បណ្តា​ប្រទេសនានា​រួម​គ្នាឆ្ពោះ​ទៅអនាគត ៕

#CCFR Comment#បទវិភាគ៖ ផ្សព្វផ្សាយស្មារតីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជំរុញឱ្យប្រជាជនបណ្តាប្រទេសនានារួមគ្នាឆ្ពោះទៅមុខ_fororder_04111

#CCFR Comment#បទវិភាគ៖ ផ្សព្វផ្សាយស្មារតីការប្រកួតកីឡាអូឡាំពិករដូវរងាក្រុងប៉េកាំង ជំរុញឱ្យប្រជាជនបណ្តាប្រទេសនានារួមគ្នាឆ្ពោះទៅមុខ_fororder_04112

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស