李庆莉
Please select the login method

ព័ត៌មាន​សំខាន់​ៗ​

Music Radio

00:00:00 /
00:00:00

កូន​របស់​ទីក្រុង​Xianggelila-រឿងរ៉ាវ​របស់​លោក​Sinadingzhu

2021-11-25 17:34:00

ទីក្រុង​Kunming ​ទីរួម​ខេត្ត​យូណាន​ ​ភាគនិរតី​ប្រទេស​ចិន​។

ម៉ោង​៩​ពេល​ព្រឹក ​នៅ​ក្នុងបន្ទប់​សន្និសីទ​នៃ​វិទ្យាស្ថានស្ទង់មតិ​និង​រចនា​ផ្លូវ​​ថ្នល់​​ខេត្តយូណាន ​បុរសធាត់​មានសម្បុរ​ខ្មៅ​ស្រអែម​បាន​បើកកាបូបរបស់គាត់ ​យកក្រដាស​មួយដុំចេញមក ​ហើយ​ប្រគល់​ជូន​មនុស្ស​គ្រប់គ្នា​ដែលនៅ​ទល់មុខតុ រួច​ក៏​អង្គុយ​ចុះនៅ​កន្លែង​អង្គុយ​របស់គាត់។​

នៅកណ្តាល​ជួរ​នៃមនុស្ស​អង្គុយ​ជាមួយគ្នា​​ ​គឺជាបុរស​ម្នាក់​ដែល​មាន​​អាយុ​៥០​ឆ្នាំ​ហើយ​ពាក់វ៉ែនតា។​គាត់គ្រហែម​បន្តិច​ ​ហើយនិយាយមុនគេថា ​“ថ្ងៃនេះ ​ប្រធានបទ​នៃ​កិច្ច​ប្រជុំ​ ​គឺពិភាក្សាអំពី​គម្រោង​ដែលស្នើឡើង​ដោយ​លោក​Wang ​Haibin ​មកពីភូមិXingfu​ឃុំ​Nixi ​ទីក្រុងXianggelila ​មណ្ឌល​Diqing​ គម្រោង​នេះ​ពាក់​ព័ន្ធ​នឹង​ការ​ជួសជុល​ផ្លូវ​ពី​ភូមិBala​ទៅ​ដល់ផ្លូវ​ថ្នល់​ជាតិ​លេខ​២១៤​។ឥឡូវ ​នេះ ​ខ្ញុំ​ចង់​ស្នើឱ្យលោក​WangHaibinណែនាំពី​ស្ថានការណ៍​នៅ​ក្នុង​តំបន់​ទៅកាន់អ្នកជំនាញដែលមានវត្តមាននៅទីនេះ។”

“ជម្រាប​សួរ​អ្នកទាំងអស់គ្នា​។ ​ខ្ញុំឈ្មោះ​WangHaibin​ ​តាមពិតទៅ ​ខ្ញុំចង់​ឱ្យ​អ្នកគ្រប់​គ្នា​ហៅ​ឈ្មោះខ្ញុំ​​តាម​ភាសាXiZangរបស់ខ្ញុំវិញ​ ​គឺ​Sinadingzhu។ ខ្ញុំជាបុរសតំបន់​Kangbaមកពី​​ភ្នំ​ធំម្នាក់​​។” WangHaibin ចាប់​ផ្ដើម​និយាយ​ ដៃ​កាន់​ក្រដាសព្រាង។

“ស្រុក​កំណើត​របស់​ខ្ញុំ​គឺ​Balakezong។​​ យោងតាមមនុស្សចាស់នៅក្នុងភូមិ ​បុព្វបុរសរបស់​យើង​មាន​ដើមកំណើត​មកពីBatangខេត្តស៊ីឈូន។ ​កាលពី១៣០០​ឆ្នាំមុន ​មេកុលសម្ព័ន្ធ​SinaDuoji​ នឿយហត់​នឹងសង្រ្គាម​ ​ហើយ​បាន​ដឹកនាំ​មនុស្ស​ស្វែងរកឋានសួគ៌​នៅលើផែនដី ​ហើយទី​បំផុត ​គាត់បានមក​តាំងទីលំនៅ​នៅក្នុងជ្រលង​ភ្នំដែល​ព័ទ្ធជុំវិញ​ដោយ​ភ្នំទឹកកក ​និងបាន​រស់នៅបន្ត​​ជាច្រើន​ជំនាន់។

Sinadingzhu​ ដាក់​ក្រដាសព្រាងចុះ​ ​ហើយ​មើលទៅ​លើ​ស្មារបស់មនុស្សនៅ​ខាង​មុខ​ខ្លួន​ ដោយ​និយាយ​ថា​ ​"តើអ្នក​ជំនាញ​នៅទីនេះ​បានអាន​ប្រលោមលោក"ជើង​មេឃដែលបាត់បង់​"​របស់​អ្នកនិពន្ធជនជាតិអង់គ្លេសJames Hilton​ដែរឬទេ?

អ្នកជំនាញនៃវិទ្យាស្ថានរចនាបានមើលមុខ​គ្នាទៅវិញទៅមក។

ប្រសិនបើអ្នកទាំងអស់គ្នា​​បានទៅ​Balagezong​របស់ពួក​យើង ​អ្នកទាំងអស់គ្នា​នឹងឃើញថា ​ទេសភាពទាំងអស់​ដែល​បាន​ពិពណ៌នានៅក្នុងរឿង​​"ជើង​មេឃដែលបាត់បង់"​គឺមាននៅទីនោះ​ទាំងអស់! ​ភ្នំ​ទឹកកក ​ជ្រលងភ្នំ ​អូរ ​ស្វារោមមាសនៅ​ក្នុង​ព្រៃ​ដ៏ក្រាស់ឃ្មឹក​ហ្វូងគោរោមវែងកំពុង​ដើរលេងយ៉ាងសប្បាយនៅ​លើវាលស្មៅ...” Sinadingzhu​បើកការ​និយាយ​សន្ទនា ​កាន់​តែ​និយាយ​កាន់​តែ​លឺ​ឡើង​ថា ​“ស្រុកកំណើត​របស់​​ខ្ញុំ​មាន​ទេសភាពធម្មជាតិ ​ខ្យល់អាកាសបរិសុទ្ធ​និងទឹកហូរថ្លា។​ វាជាហេតុផលដែលថា ​នៅក្នុងក្រសែភ្នែករបស់អ្នកទីក្រុង ​អ្នកភូមិBalagezong​រស់នៅក្នុងឋានសួគ៌ ហើយ​ពួក​យើង​រស់​នៅ​ទីនេះ​ម្នាក់​ៗ​ប្រៀបដូច​ជា​ទេវតា ​មែនទេ? "

Sinadingzhu​ឈប់និយាយ​ត្រឹម​នេះ​ ​ហើយមើលទៅ​អ្នកជំនាញដែលអង្គុយនៅ​ខាង​មុខ​។

"លោក​Sinadingzhu សូមលោក​និយាយ​ពី​ចំណុច​សំខាន់​មក​។ " នាយកMa នៅខាងមុខបាន​រំលឹកគាត់​។

“បាទ មិនអីទេ” Sinadingzhuញញឹមតិចៗ។ "ប៉ុន្តែអ្វីដែលខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នា​គឺ ​តើអ្នកទាំងអស់គ្នា​ដឹង​ទេ អ្នក​ភូមិ​ផ្សេងទៀត​នៅក្នុងឃុំNixi​អប់រំកូន​​របស់ពួកគេដោយរបៀបណា? ​ពួកគេតែងតែ​ប្រាប់ក្មេងៗថា ​"ប្រសិនបើឯងមិនស្តាប់បង្គាប់ទេ យើង​នឹងបញ្ជូនឯងទៅBalagezong!' ហេតុអី? ​ព្រោះ​កន្លែងយើងក្រណាស់​ គ្មានផ្លូវ ​យើងអាចចេញពីភ្នំបានដោយដើរលើផ្លូវ​ភ្នំ​តូច​ៗ​។អ្នកភូមិ​​ត្រូវ​ចំណាយ​ពេល​ទាំង​យប់​ទាំង​ថ្ងៃ​ទៅ​ខាង​ក្រៅ​ដើម្បីយក​​នំធ្វើពីទឹក​ដោះ​គោទៅ​លក់​ ហើយ​ល្មមទៅ​ដល់​ផ្សារ​ នំបានបែក​អស់​តាម​ផ្លូវ​ លក់​លែង​កើត​បាត់​ទៅហើយ​។​”

Sinadingzhuឈប់​បន្តិច​ ហើយ​និយាយ​បន្ត​ថា​ ​"នេះមិនមែនជាបញ្ហាធំបំផុត​ទេ។ ​ប្រជាជននៅស្រុកយើង​មិនអាចឈឺបានទេ! បើមានជំងឺ​តូចតាច ​អាច​ទ្រាំ​​ដោយខ្លួនឯងបាន។ ​ប្រសិន​បើក​អ្នក​ណាមានជំងឺ​ធ្ងន់ធ្ងរ​ មាន​តែ​ឱ្យ​មនុស្ស​សែង​ ​ហើយ​ដើរ​តាម​ផ្លូវ​ភ្នំ​ទៅ​ស្រុក​ ភាគច្រើន​ដើរ​ដល់​ពាក់​កណ្ដាលផ្លូវ អ្នក​ជំងឺ​ស្លាប់​បាត់​ទៅហើយ​… ​អត់​មាន​​ផ្លូវ​ធំ ​ឡានចូល​មិន​រួច​ទេ​។”

អ្នកជំនាញបាន​ស្តាប់ ការ​និយាយ​របស់ Sinadingzhuដោយយកចិត្តទុកដាក់ ដោយ​ទឹក​មុខ​ប្រែទៅជាមាំជាង​មុន​។

"លោក​ប្អូន​Sina ​ខ្ញុំបានអានឯកសារ​របស់ឯង​ហើយ។​យោងតាមបទពិសោធន៍របស់ខ្ញុំ ​ភូមិ​Balagezong​របស់ឯងមិនមានលក្ខខណ្ឌភូមិសាស្ត្រសម្រាប់ការសាងសង់ផ្លូវទេ។”

បន្ទាប់ពីអ្នកជំនាញ​បញ្ចេញមតិរបស់ខ្លួនគ្រប់​ៗគ្នា​ហើយ​ នាយកMa​ដែលអង្គុយនៅ​កណ្តាល​បែរទៅរក Sinadingzhu ហើយ​និយាយ​ថា​ "លោក​Sinadingzhu​អ្នក​ទាំង​អស់គ្នា​ដែល​កំពុងអង្គុយនៅទីនេះ គឺសុទ្ធ​តែ​ជាអ្នកជំនាញ​ដែល​មានឯកទេស​បំផុតក្នុងការគ្រោង​និងរចនាផ្លូវ​ថ្នល់​ក្នុងខេត្ត។​ ឯង​បាន​ស្តាប់​រាល់​មតិរបស់ពួកគាត់​ហើយ​ ​អញ្ចឹង​ឯង​ ... "

SinaDingzhuស្ដាប់​រួច​ ក៏​មាន​កង្វល់​ក្នុង​ចិត្ត​ ហើយ​និយាយ​ថា​​"ខ្ញុំចេញមក​ពីមណ្ឌល​Diqingដ៏ឆ្ងាយ​ ​ដើម្បីមក​សុំឱ្យអ្នកទាំងអស់គ្នា​ជួយពួក​យើងក្នុងការវាស់ស្ទង់​និងរចនាផ្លូវ។​អ្នកទាំងអស់គ្នា​មិនទាន់​បានទៅមើល​កន្លែង​ផ្ទាល់​ផង​ ក៏​និយាយថា មិនអាច​ធ្វើ​បាន​ទៅហើយ​ ​តើនេះសមហេតុផល​​ទេ?"

"លោកប្អូន​​Sina ​តាមពិតទៅ​អ្វី​ក៏​ដោយ​តែង​តែ​មាន​គុណសម្បត្តិ និង​គុណវិបត្តិ។ទោះបីជាភូមិ​​Balagezong​របស់ឯង​​មិន​មាន​ផ្លូវ​ស្រួល ដែល​មើល​ទៅ​ដូចជា​គុណវិបត្តិមួយមែន​ ​ប៉ុន្តែដោយសារតែមិន​មាន​ផ្លូវ​ស្រួល​នេះ​ហើយ​​ ​ទើប​ធ្វើ​ឱ្យ​កម្រ​មាន​មនុស្ស​ទៅដល់​ទីនោះ​ នាំ​ឱ្យ​ទីនោះ​​​រក្សា​​នូវ​ទេសភាព​ធម្មជាតិ​ដ៏​ល្អ​​មួយ​។​ នេះ​ក៏​ជា​គុណសម្បត្តិ​មួយ​ដែរ​​។”

ឮដូច្នោះ​ Sina Dingzhu បាន​ក្រោកឈរឡើង ហើយនិយាយ​ថា​៖ «លោកនាយក Ma និង​អ្នកជំនាញទាំងអស់គ្នា​ ពួក​លោក​រស់​នៅ​ដោយ​មានទឹក ភ្លើង និងផ្លូវ ប៉ុន្តែ​ពួក​យើងសូម្បី​តែ​ផ្លូវក៏គ្មាន​ដែរ។ អ្នកទាំង​អស់​គ្នាមាន​ជីវភាព​ប្រកប​ដោយ​ភាពងាយស្រួលតាម​បែប​ទំនើប​ ដោយ​មិនចាំបាច់ខ្វល់ខ្វាយពីអាហារ កន្លែងស្នាក់នៅ មធ្យោបាយធ្វើដំណើរ និងការព្យាបាលជំងឺ​ឡើយ។ ម្យ៉ាងវិញទៀត នៅ​​ប្រាថ្នាចង់បានទេសភាពធម្មជាតិដ៏ស្រស់បំព្រងថែមទៀត​ផង​។ អ្នកទាំង​អស់​គ្នាមិន​ចង់​ឱ្យ​​ តំបន់ដាច់ស្រយាលរបស់ពួក​យើងអភិវឌ្ឍ​ជា​រៀង​រហូត​ ដើម្បី​គ្រាន់​ទុក​វា​ជា​​សួន​ច្បារ​កម្សាន្តលំហែកាយ​​​សម្រាប់​អ្នក​ទីក្រុង។​​ តើ​ការ​គិត​បែបនេះ ​ល្អដែរទេ? “

គ្មាន​អ្នក​ណា​និយាយ​ឆ្លើយ​តប​ឡើយ​។

"ថ្នាក់ដឹកនាំ អ្នកជំនាញគ្រប់រូប​ ខ្ញុំនៅទីនេះមិនមែនដើម្បីសុំឱ្យពួក​លោក​យល់ព្រមឱ្យខ្ញុំសាងសង់ផ្លូវនេះទេ។ ខ្ញុំមកទី​នេះគឺដើម្បីសុំឱ្យអ្នកជំនាញជួយពួក​យើងក្នុងការវាស់ស្ទង់​​ ការរចនា និងផ្តល់​មតិ​យោបល់។ ថ្ងៃនេះខ្ញុំនឹងដាក់សម្ដី​របស់ខ្ញុំនៅទីនេះ មិន​ថា​ពួកលោក​មក​ឬ​មិន​មក​ក្តី​  ខ្ញុំ​បាន​សម្រច​ចិត្ត​ហើយ​ ត្រូវ​តែសាងសង់​ផ្លូវ​នេះ​ឱ្យ​បាន​!”

អ្នកជំនាញនៅស្ងៀម ហើយនាយក​ Ma ដែលនៅទល់មុខ Sina Dingzhu កំពុងខ្សឹបប្រាប់មនុស្សខាងឆ្វេងនិងស្តាំ។

ពេលវេលាហាក់ដូចជាឈប់ដើរទៅមុខ​ ។

"លោកប្អូន​ Sina Dingzhu" នាយក​ Ma បាននិយាយយ៉ាងម៉ឺងម៉ាត់ថា " នៅក្នុងខេត្ត Yunnan មានភ្នំជាច្រើន មិនមែនតែ Diqing ទេ នៅ​ Zhaotong, Dali, Dehong, Baoshan និង​Honghe ប្រជាជន​នៅទីនោះសុទ្ធតែជួប​បញ្ហា​ដូច​គ្នា​ដែរ​ ។​ ពួក​គេ​រស់នៅបែបបុព្វកាល នៅ​ក្នុង​តំបន់​ព្រៃនិងភ្នំ​ពេញ​មួយ​ជីវិត​ ​។​ ពួកយើងដែលអះអាងថាខ្លួនពូកែខាងសាងសង់ផ្លូវ រស់នៅសុខស្រួលក្នុងទីក្រុង ប៉ុន្តែបែរ​ជា​មិនអាចដោះស្រាយបញ្ហារបស់អ្នកទាំងអស់​គ្នា​បានទេ។ នេះគឺជាការមិន​បំពេញ​មុខ​ងាររបស់​ខ្លួន​​!"

នាយក​ Ma បន្តថា៖ " អ្នកសាងសង់​ផ្លូវ​នៃ​ខេត្តយូណានមានប្រវត្តិសាស្ត្រដ៏រុងរឿង។ ក្នុងអំឡុងសង្គ្រាមប្រឆាំងការ​ឈ្លាន​ពាន​របស់​ជប៉ុន យើងបានសាងសង់ផ្លូវយូណាន-មីយ៉ាន់ម៉ា​ដ៏ល្បីល្បាញលើពិភពលោកដែលបានក្លាយជាច្រកយុទ្ធសាស្ត្រតែមួយគត់រវាង​ប្រទេស​ចិននិងសហគមន៍អន្តរជាតិ ដែល​បាន​រួម​ចំណែកយ៉ាងធំធេង​ក្នុង​ការ​យកឈ្នះលើ​​ពួក​ហ្វាស៊ីសជប៉ុន​ ។​ បន្ទាប់ពីបានជីវិតល្អហើយ​ តើយើង​ភ្លេចពីប្រវត្តិសាស្ត្រ​រុងរឿងហើយ​មែនទេ? តើយើង​ភ្លេចបេសកកម្មរបស់ខ្លួន​ហើយ​មែនទេ?! សម្រាប់ផ្លូវក្នុងស្រុក​កំណើតរបស់ពួកឯង​ វិទ្យាស្ថានរបស់យើងនឹងបញ្ជូនអ្នកជំនាញដែលមានសមត្ថភាពខ្លាំង​បំផុត​ដើម្បីធ្វើការវាស់ស្ទង់​និងការរចនា។ នេះជាសេចក្តី​សម្រេចចិត្តជា​ផ្លូវការរបស់ពួក​យើង។ "

 “សូម​អរគុណនាយក​ Ma! អរគុណអ្នកជំនាញទាំងអស់គ្នា​!​” Sina Dingzhu ក្រោកឈរឡើងនិង​ចាប់​ដៃ​របស់នាយក​ Maដោយក្តីរំភើប  ។

"ប៉ុន្តែ……"

"ប៉ុន្តែយ៉ាងម៉េច?" Sina Dingzhu សម្លឹងមើលនាយក Ma ទាំងភ័យបារម្ភ​។

"ទោះជាយ៉ាងនេះក្តី វិទ្យាស្ថានរបស់យើងគ្រាន់តែអាចធ្វើការវាស់ស្ទង់និងការរចនា ព្រមទាំង​លើក​គម្រោងរចនាប៉ុណ្ណោះ​ ប៉ុន្តែថវិកាសម្រាប់ការសាងសង់ផ្លូវនៅតែត្រូវ​ការ​​ពួកឯង​ដោះស្រាយបញ្ហាដោយខ្លួនឯង"។

Sina Dingzhu គិតមួយសន្ទុះ ហើយនិយាយ​ថា៖ "ខ្ញុំនឹងដោះស្រាយបញ្ហាថវិកា​នេះ​។ "

ទន្លេ Gangqu ដែលកើត​ឡើងដោយការរលាយនៃទឹកកកនៅលើភ្នំព្រិល​ Gezong ហូរ​តាមជម្រាលភ្នំចុះក្រោម ហើយហូរ​ចូល​ទៅក្នុងទន្លេ Jinsha នៅទី​ចម្ងាយ។ ឆ្នាំនេះ ជ្រលង​ទន្លេ Gangqu មានភាពអ៊ូអរ​ ។ នៅ​ទី​ចម្ងាយ កម្មករមួយក្រុមៗបានចុះពីរថយន្តលើ​ផ្លូវជាតិលេខ ២១៤ ដោយបាន​ស្ពាយ​រំសេវដើរ​មកទីនេះ ប្រើញញួរវាយ​ដំច្រាំងថ្មចោទ បំផ្ទុះ​ភ្នំបើក​ផ្លូវ​។ នៅ​ពេល​ល្ងាច មាន​មនុស្ស​មួយ​ក្រុម​ដុត​ភ្លើង​នៅ​ខាង​មុខ​រថយន្ត រាំ​របាំ​ជុំវិញ​​​ភ្លើង​រហូត​ដល់​ភ្លើង​បាន​រលត់​ទៅ ហើយ​មនុស្ស​ទាំងនេះ​ក៏បាន​សម្រាក​​នៅ​មាត់​ទន្លេ ។

នៅឆ្នាំនោះ​ Sina Dingzhu បានលក់ទ្រព្យសម្បត្តិ​របស់គាត់ទាំងអស់បាន​ប្រាក់​ចំនួន​ ៤០ លានយ័ន​​ប្រាក់​ចិន​។ លោកបានចំណាយ​លុយ​ទាំង​​នេះ​ទៅ​ចុះបញ្ជីក្រុមហ៊ុនទេសចរណ៍ Balagezong ។ លោក​បាន​អញ្ជើញ​ក្រុម​សាងសង់​មកសង់​​​ផ្លូវ​មួយ​ខ្សែ​ទៅ​កាន់​ភូមិBala​នៅ​លើ​ច្រាំង​ថ្ម។

ឆ្នាំនេះគឺឆ្នាំ ១៩៩៩​ ។

នៅព្រឹកព្រលឹមថ្ងៃមួយ​ Sina Dingzhu កំពុងដេកលក់យ៉ាងស្កប់ស្កល់នៅក្នុងឡាន​​របស់គាត់ ស្រាប់​តែ​ឮសំឡេងដូច​ជា​មានមនុស្ស​កំពុង​វាយដុំ​​ដែក ។

Sina Dingzhu ញី​ភ្នែក ហើយមើលទៅខាង​ក្រៅឡាន ស្រាប់តែមានការភ្ញាក់ផ្អើលយ៉ាង​ខ្លាំង​។  មាន​អ្នក​​ភូមិ​មួយ​ក្រុម កំពុង​​ឡោម​ព័ទ្ធ​យ៉ាង​ណែនណាន់​តាន់តាប់​នៅ​ខាងក្រៅ​ឡាន​គាត់​​។

មុនពេល Sina Dingzhu រុញបើក​ទ្វារឡាន អ្នកភូមិនាំ​មុខគេបាននិយាយថា " Sina Dingzhu បញ្ឈប់​ការ​​សាងសង់ផ្លូវទៀតទៅ​​!"

Sina Dingzhu ងឿង​ឆ្ងល់យ៉ាង​ខ្លាំង ក៏​សួរ​​ថា: "អ្នក​ភូមិ​ទាំង​អស់​គ្នា​ នេះ​មាន​រឿង​អីហ្នឹង​?"

មីងម្នាក់បានដើរ​​ទៅមុខ ទះកំផ្លៀង​  Sina Dingzhu មួយដៃ ហើយ​និយាយ​ថា៖ «ដូនតាយើងរស់នៅលើភ្នំនេះច្រើនជំនាន់មកហើយ​ ខំ​ចិញ្ចឹម​ខ្លួន​ឯងដោយ​ពឹងលើភ្នំដ៏ពិសិដ្ឋ ​ ក្រុមសាងសង់ទាំងនេះមកបំផ្ទុះ​ភ្នំ​និង​​បើក​ផ្លូវ ធ្វើ​ឲ្យ​ទេវតា​​ខឹង ហើយ​យើង​ក៏​នឹង​ត្រូវ​រង​ទុក្ខវេទនា​​ដែរ!»។

  “ដូនតា​យើង​រស់​នៅ​ទី​នេះ​រាប់​ពាន់​ឆ្នាំ​ហើយ បើ​យើង​អាចសង់​ផ្លូវ​បាន ដូនតា​យើង​ប្រាកដ​ជា​​សង់​ផ្លូវ​យូរណាស់​មក​​ហើយ! “

Sina Dingzhu សម្លឹងមើល​អ្នក​ភូមិដែលកំពុង​​មានកំហឹងនៅជុំវិញគាត់ ដោយ​មិនប្រកែក មិនថយក្រោយ ​ឈរស្ងៀមនិង​ស្តាប់ការត្អូញត្អែររបស់ពួកគេ។ នៅពេលដែលមនុស្សគ្រប់គ្នា ត្អូញត្អែរចប់​ ​ Sina Dingzhu បាននិយាយថា "  អ្នកភូមិទាំង​អស់គ្នា​ ខ្ញុំក៏​ជាអ្នក​នៅ​ភ្នំនេះដូចអ្នកទាំងអស់គ្នា​ដែរ​។ ​​ខ្ញុំស្រឡាញ់កន្លែងនេះដូចអ្នកទាំងអស់គ្នា​អញ្ចឹង។ ខ្ញុំក៏ធ្លាប់​បានគិតថា​ ខ្ញុំអាចនឹង​​ចំណាយពេលមួយជីវិតរស់នៅ​ជាមួយទេវតានៅ​លើ​​​ភ្នំនេះ​ដែរ​។”

លោកSina Dingzhu ផ្អាកនិយាយ​មួយភ្លែត ហើយបន្តថា៖ «កាលពី១៣០០ឆ្នាំមុន លោក Sina Duoji ដូនតារបស់ខ្ញុំ ដែលជាមេកុលសម្ព័ន្ធ​បានដឹកនាំកុលសម្ព័ន្ធយើងពី Batang ខេត្ត Sichuan មកតាំងទីលំនៅនៅជ្រលងភ្នំនេះ ដើម្បីគេចពីសង្គ្រាម ដូច្នេះពួកយើងបានរស់នៅទីនេះដោយឯកោពីពិភពលោក។ ប៉ុន្តែឥឡូវនេះ ពិភពលោកខាងក្រៅលែង​ជា​ពិភពលោកកាលពី១៣០០ ឆ្នាំមុនទៀតហើយ! ឥឡូវនេះយើងកំពុងរស់នៅក្នុងប្រទេសចិនថ្មីដែលជាយុគសម័យថ្មីដ៏សន្តិភាពនិងរីកចម្រើន។ ឥឡូវនេះ Zhongdian មិនហៅថា Zhongdian ទៀត​ទេ ឥឡូវត្រូវបានគេហៅថា Shangri-La ។ប្រជាជននៅទីនោះកំពុង​រស់នៅក្នុង​អគារធំៗ​ ប្រើ​ហ្គាសនិង​ទឹក​ម៉ាស៊ីន។ បើចង់ទាក់ទង​សាច់ញាតិ​ គ្រាន់តែយក​ទូរសព្ទដៃមក​ចុច​លេខគឺអាច​និយាយ​គ្នាលេង​បាន​ហើយ។​​ តើ​អ្នកទាំងអស់គ្នា​​ដឹង​​ថា​ទូរសព្ទដៃជា​អ្វីដែរទេ?»។

Sina Dingzhu បានយកទូរស័ព្ទដៃរបស់គាត់ចេញពីហោប៉ៅខោ ហើយ​និយាយ​ថា៖ "វាតូចជាងឥដ្ឋទៅទៀត​។ យើង​អាចប្រើវាដើម្បីនិយាយជាមួយអ្នកណាក៏បាន ពេលណា​ក៏​បាន​ដែរ​។ ឥឡូវមិនថាក្រុង Kunming ឬក៏នៅShangri-La ទេ សូម្បីតែនៅស្រុកNixi  ក៏​ម្នាក់​ៗស្ទើរតែមាន​មួយគ្រឿង​ក្នុង​ដៃ​ទៅហើយ​។”

"ខ្ញុំស្គាល់ទូរសព្ទដៃ វាគ្មានអ្វីអស្ចារ្យទេ។ ខ្ញុំឱ្យ​កូនប្រុសខ្ញុំដែលធ្វើការនៅក្រុង​គុនមីង ទិញមួយគ្រឿង​ឱ្យខ្ញុំនៅ​ពេលឆ្លង​ឆ្នាំថ្មី។ តើវាទាក់ទងនឹងការសាងសង់ផ្លូវអ្វីដែរ? ឈប់​និយាយផ្តេសផ្តាស់ទៀត​ទៅ​!" បុរសចំណាស់ម្នាក់បាននិយាយតបតទៅ​ Sina Dingzhu ។

“សូមអ្នកទាំងអស់គ្នា​មើលនេះ​!” Sina Dingzhu បានបើកទូរសព្ទដៃរបស់​ខ្លួន ហើយ​និយាយ​ថា “មើលខ្លួនឯងទៅ អត់មានសេវា បើ​អត់មានសេវាទេ ទូរសព្ទដៃ​គ្រាន់​តែ​ជា​ដុំ​ថ្ម​មួយ​ដុំតែប៉ុណ្ណោះ​។ ទូរសព្ទដៃត្រូវតែមានសេវាទើបអាចប្រើបាន។​ បើ​មិនសាងសង់បង្គោល​សេវា​ទូរសព្ទ​​ទេ ​ក៏​មិន​មាន​សេវា​ចូល​មក​បាន​ដែរ​។ កូនអ៊ុំបាន​ទិញ​ទូរសព្ទដៃ​ពី​ក្រុង​គុនមីងមក អ៊ុំ​ប្រើ​​នៅទីនេះ​មិន​កើត​ទេ​”។

មនុស្ស​គ្រប់​គ្នាបាននៅ​ស្ងៀមស្ងាត់ ហើយមាន​មនុស្ស​មួយ​ចំនួនបាន​ចាប់​ផ្ដើម​ខ្សឹប​ខ្សៀវ​គ្នា​ថា៖ «ដូច​ជា​និយាយ​ត្រូវ​ហើយ​»។

“បើនិយាយដល់​ភូមិរបស់​យើង សូមអ៊ុំ​ពូ​មីង​មើល​ដោយ​ខ្លួន​ឯង​ទៅ ​តើ​មាន​យុវជន​វ័យក្មេង​ប៉ុន្មាន​នាក់សល់នៅទីនេះ?”

"អ៊ុំពូមីង​សុខចិត្តរស់នៅក្នុង​ជីវភាព​អន់ថយនិងក្រីក្រ ប៉ុន្តែតើ​មាន​ហេតុផល​អី​បានជាត្រូវ​ឱ្យ​កូនចៅជំនាន់​ក្រោយ​របស់អ្នកទាំងអស់គ្នា​ ត្រូវរស់នៅក្នុង​ភាពក្រីក្រដែរ​? ឥឡូវនេះ យុវជននៅក្នុងភូមិបានចេញ​ទៅ​ក្រៅ​អស់​ហើយ​ បើ​ជិតគឺទៅកាន់ទីក្រុងគុនមីង បើ​ឆ្ងាយ​វិញ​ទៅរហូត​ដល់​ទីក្រុងប៉េកាំង សៀងហៃ និងស៊ិនជិន។​ ហេតុអ្វី?​ ព្រោះកន្លែងទាំងនោះ​ជឿនលឿន​ណាស់​!​ បើ​នៅ​តែ​បន្ត​ទៀតបែបនេះទៀត​​​ តើ​នឹង​មាន​មនុស្សសល់​នៅ​ភូមិ​យើង​ទេ?

បន្ទាប់​ពី​បាន​ស្តាប់ហើយ ពួក​គេ​បាន​ខ្សឹបខ្សៀវគ្នា​ទៅវិញ​ទៅមក​ ហើយ​មិន​យូរ​ប៉ុន្មាន ក្រុម​មនុស្ស​ក៏បំ​បែកគ្នា​ទៅបាត់អស់​។

Sina Dingzhu ឃើញ​សភាពការណ៍ស្ងប់ស្ងាត់ហើយ​ ទើបតែចង់ចុះពីឡាន ស្រាប់តែឃើញយុវជនម្នាក់ស្លៀក​សម្លៀកបំពាក់ជនជាតិXiZang ដើរមករកគាត់ដោយប្រ​​ញាប់នៅតាមបណ្តោយឆ្នេរទន្លេពីចម្ងាយ។ Sina សម្លឹងមើលយ៉ាងម៉ត់ចត់ ឃើញ​ថា​អ្នក​ដែល​រត់​មក​នោះ​ មិនមែនជាអ្នកផ្សេងទេ គឺប្អូនប្រុសខ្លួន​ Lobsang Tashi ។

«បងប្រុស!» Lausanne រត់​មកដល់មុខ​ឡានរបស់ Sina Dingzhu ទាំងដង្ហក់​ដង្ហើម ហើយ​និយាយ​ថា«មាន​រឿង​ហើយ​ !បងឆាប់​ទៅផ្ទះវិញ!

ពេលដែលបងប្អូនប្រុស Sina Dingzhu ទាំងពីរនាក់បានប្រញាប់វិលត្រឡប់ទៅកាន់ភូមិ Balaវិញ វាពាក់កណ្តាលអធ្រាតទៅហើយ ។

នៅ​ក្នុង​ផ្ទះ​ចាស់​របស់ Sina Dingzhu នៅ​ក្បែរភ្លើង​ជើងក្រាន  BaimaWangduiកំពុង​មាន​ដង្ហើមខ្សោយជិតដាច់​ខ្យល់​។

Sina Dingzhu ចូលក្នុង​បន្ទប់ហើយ​លុត​ជង្គង់​នៅក្បែរ​ឪពុក​ទាំងនិយាយ​ថា "ប៉ា! កូន​មក​វិញ​ហើយ!"

Bai Ma Wangdui បើកភ្នែកមើលកូនប្រុសច្បងនៅពីមុខគាត់ ហើយ​និយាយ​ថា៖ "កូនប្រុស​ តាំងពីពេលដែលយើងពីរនាក់បានទៅជួបគ្រូពេទ្យនៅZhongdianមក​ ប៉ា​បានដឹងហើយថា ចិត្ត​របស់ឯង​មិនអាចរក្សាទុកនៅទីនេះបានទេ។" Bai Ma Wangdui ដកដង្ហើមធំហើយនិយាយបន្តទៀតថា "តាមពិតទៅ ឪពុកក៏មិនមែនជាមនុស្សដែល​ស្វែងរកសុខស្រួលនោះទេ។ ពុក​ចំណាយពេលពេញមួយជីវិតតស៊ូនៅខាងក្រៅ ហើយនៅពេលពុក​ចាស់ហើយ​ ទើបពុក​បានត្រលប់មករកឫសគល់របស់ខ្លួន​ឯង​វិញ​។ ចំណុច​នេះ ឯង​ដូច​ពុក​ណាស់​។ "

"កូន​ប្រុស កូនត្រូវតែចាំក្នុង​ចិត្ត​" Bai Ma Wangdui ប្រើ​កែង​ដៃ​ ទប់​លើកខ្លួន​របស់គាត់ ហើយ​និយាយ​ថា "កូន​គឺជាកូនចៅរបស់កុលសម្ព័ន្ធ​ Sina ត្រូវបម្រើជនជាតិ​កុលសម្ព័ន្ធ​យើង នេះជាជោគវាសនារបស់ឯង។ កាលពី ១៣០០ ឆ្នាំមុន មេកុលសម្ព័ន្ធ​Sina បាននាំកុលសម្ព័ន្ធយើងមក​​ដល់ទីនេះដើម្បីគេច​ពី​សង្គ្រាម។​ ថ្ងៃ​នេះ​ឯង​ត្រូវ​​នាំ​មនុស្ស​​រាល់​គ្នា​ចេញ​ពី​ភ្នំសាជាថ្មី​​​ កុំ​ភ្លេចឱ្យ​សោះ​​ កុំ​ភ្លេចឱ្យ​សោះ​...»

"លោក​ពុក! លោក​ពុក​!"

ដើមឡើយ Sina Dingzhu មាន​បំណង​ប្រាថ្នាមួយគឺ​  ពេល​ផ្លូវ​បានសាងសង់​រួចរាល់ គាត់​ចង់បើកឡានដោយផ្ទាល់នាំ​ឪពុក​​​ចេញពី ​ភូមិ Balaនិងចេញពីតំបន់ភ្នំ ។ ឥឡូវនេះ បំណងប្រាថ្នានេះនឹងមិនអាចសម្រេចបានឡើយ។

       ពីរខែបន្ទាប់ពីឪពុករបស់ Sina Dingzhuទទួល​មរណភាពទៅ​  ផ្លូវត្រូវបានសាងសង់​រួចរាល់ និង​បើកឱ្យ​ប្រើប្រាស់។ ផ្លូវក្រាលកៅស៊ូប្រវែង ៣៥ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ ត្រូវបានសាងសង់​ឡើង​ចាប់ពីផ្លូវជាតិលេខ ២១៤ រហូតដល់ច្រកចូលភូមិបាឡា។ ពី​មុន​ត្រូវ​ចំណាយ​ពេល​៤ ឬ​៥​ថ្ងៃ ដើម្បី​ធ្វើ​ដំណើរ​​​ពី​ភូមិ​បាឡា​ទៅដល់​ស្រុក​ តែ​ឥឡូវ​នេះបើករថយន្ត​​ប្រើ​ពេល​តែ​ជាង​១​ម៉ោង​ប៉ុណ្ណោះ​។ ភូមិជាច្រើននៅតាមដងផ្លូវមិនត្រឹមតែមានផ្លូវចេញចូលប៉ុណ្ណោះទេ ថែមទាំងមានអគ្គិសនីប្រើប្រាស់​ និងមាន​សេវា​ទូរស័ព្ទចល័តទៀតផង។ មនុស្សចាស់នាំ​គ្នា​ទាញខ្សែភ្លើងអំពូល​ក្នុងផ្ទះ សម្លឹងមើលភ្លើងអំពូល​ បើក ហើយបិទ បិទ​ហើយ​បើក។

ថ្ងៃ​នេះ​ជា​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំសកលឆ្នាំ​​២០០៨។

ផ្លូវ​ត្រូវ​បានសាងសង់រួចរាល់ ហើយ​ភ្ញៀវ​ទេសចរ​មក​ពី​ខាង​ក្រៅ​បានមកដល់ភ្នំ​ដើម្បីគយគន់ទេសភាព។ ប្រជាជននៅ Balagezong បាន​បោះ​បង់​ចោល​ការបរបាញ់ និងរើសផ្សិតកាលពីអតីតកាល ហើយពួកគេបានដើរតាម Sina ដើម្បីរត់ការដឹកជញ្ជូន និងការធ្វើទេសចរណ៍ ហើយវិធីរកប្រាក់ក៏មាន​កាន់តែច្រើន​ឡើង​ៗ។ សព្វថ្ងៃនេះ អ្នកភូមិជាង ៣រយនាក់កំពុងធ្វើការនៅក្នុងក្រុមហ៊ុនរមណីយដ្ឋាន​ ហើយយុវជនជាច្រើនដែលបានចាក​ចេញពីភ្នំ ក៏បានត្រឡប់មកវិញផងដែរ។ កាល​ពី​មុន ចំណូល​របស់គ្រួសារ​អ្នក​ភូមិ មួយគ្រួសារ​​​មួយ​ឆ្នាំ​មាន​ត្រឹម​តែ​២ពាន់​យាន់​ប៉ុណ្ណោះ ហើយ​ឥឡូវ​នេះ​ប្រាក់​ចំណូល​ជា​មធ្យម​ក្នុង​មួយ​គ្រួសារបាន​កើន​ដល់​១០​ម៉ឺន​យាន់ប្រាក់ចិន​ហើយ​។​

 

 

 

 

អ្នកបកប្រែ:李庆莉

ពិភាក្សា()