ថ្ងៃទី ៦ ខែ មេសា លោក ZhaoLijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា នៅអាមេរិក ការរើសអើងពូជសាសន៍គឺជារឿងដែលកើតឡើងជាលក្ខណៈគ្រប់ជ្រុងជ្រោយ ជាប្រព័ន្ធនិងជាបន្តបន្ទាប់ ។ សង្ឃឹមថា ភាគីអាមេរិកអាចធ្វើតាមពាក្យសន្យាស្តីពីការការពារសិទ្ធិមនុស្ស ដើម្បីការពារសិទ្ធិជនជាតិភាគតិចយ៉ាងប្រាកដប្រជា ធ្វើឱ្យជនជាតិភាគតិចលែងរស់នៅក្នុងអំពើហិង្សានិងភាពភ័យខ្លាចតទៅទៀត ។
ថ្មីៗកន្លងទៅនេះ 《កាសែត New York Times》បានចេញផ្សាយអត្ថបទវែងដែលមានចំណងជើងថា《អំពើហិង្សាប្រឆាំងពលរដ្ឋដើមកំណើតអាស៊ីមានសភាពកាន់តែខ្លាំងឡើងៗ》។ អត្ថបទនេះបានបង្ហាញឱ្យដឹងថា មួយឆ្នាំកន្លងទៅ ពលរដ្ឋអាមេរិកដើមកំណើតអាស៊ីបានត្រូវគេរុញច្រាន វាយដំ ស្តោះទឹកមាត់ដាក់មុខ ជេរប្រមាថ ផ្ទះនិងហាងរបស់ពួកគេក៏រងការបំផ្លិចបំផ្លាញផងដែរ ។ សំណុំរឿងជាច្រើនមិនត្រូវបានរាប់បញ្ចូលក្នុងស្ថិតិទេដោយសារមិនច្បាស់ពីចេតនាចងគំនុំ ។ សាកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ាបានចេញផ្សាយរបាយការណ៍មួយក៏បង្ហាញឱ្យដឹងថា បទឧក្រិដ្ឋចងគំនុំចំពោះពលរដ្ឋដើមកំណើតអាស៊ីនៅអាមេរិកឆ្នាំ ២០២០ បានកើនឡើង១៤៩% ៕