郭翔青
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍ការងាររដ្ឋាភិបាលចិន (ខ្លឹមសារដកស្រង) ភាគទី ២

2021-03-05 11:11:41 cri

      

  ទីពីរ ធ្វើ​ការ​ងារ​លំនឹង​ឱកាស​ការងារ​និង​ធានាជីវភាព​រស់​នៅ​របស់​ប្រជាជនជា​អាទិភាព ​ ធ្វើ​ឱ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​ទទួលបាន​ការ​ធានា​យ៉ាង​ប្រាកដ​ប្រជា ។ ឱកាស​ការងារ​ជា​បញ្ហា​ធំ​ជាង​គេ​ក្នុង​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ ការ​ធានា​ដល់តួអង្គ​សេដ្ឋកិច្ចទីផ្សារ​​​សំខាន់ៗ​គឺ​ដើម្បី​លំនឹង​ឱកាសការងារ​និង​ធានា​ជីវភាព​រស់​នៅ​របស់​ប្រជាជន​ ។ ដូចនេះ តំបន់​នានា​បាន​បង្កើត​ឱកាស​ការងារ​យ៉ាង​ច្រើន​ ឱកាស​ការងារថ្មី​នៅ​តាម​ទីក្រុង​និង​ជនបទ​មាន​ចំនួន​១១លាន​៨សែន​៦ម៉ឺន​នាក់​ ។

      ទីបី យក​ឈ្នះ​​លើ​ឧបសគ្គ​នៃ ៣​វិស័យ​ធំៗ សម្រេច​បាន​នូវ​ភារកិច្ច​​សំខាន់ៗ​តាម​ពេល​កំណត់ ។ បន្ថែមការ​ទម្លាក់​​ថវិកា​រដ្ឋបាល​ដើម្បី​ជួយ​ដល់​ការងារ​ជួយ​កាត់​បន្ថយភាព​ក្រីក្រ​  ​សម្រេចបាន​នូវ​ការជួយ​​ឱ្យជន​​ក្រីក្រ​នៅ​ជនបទ​ដែល​នៅ​សេសសល់នៅ​ដើម​ឆ្នាំ​២០២០ ចំនួន​៥លាន​៥សែន​១ម៉ឺន​នាក់ ​​​​ចេញ​ផុត​ពី​ភាព​ក្រី​ក្រ​ទាំងអស់​ ស្រុក​ក្រី​ក្រ​ចំនួន​៥២ស្រុកបាន​លុប​​បំបាត់​ភាព​ក្រី​ក្រទាំងអស់ ។ បន្ត​ខិតខំអនុវត្ត​យុទ្ធនាការការពារឱ្យបានល្អដើម្បីមានផ្ទៃមេឃពណ៌ខៀវ ទឹកថ្លាយង់និងដីប្រកបដោយជីជាតិ សម្រេច​បាន​នូវ​ភារកិច្ចជា​ដំណាក់​កាល​ក្នុង​ការ​យក​ឈ្នះ​លើ​ការ​បង្ការ​និង​គ្រប់​គ្រង​ការ​បំពុល​បរិស្ថាន​ ។

      ទីបួន​ ជំរុញ​កំណែទម្រង់​និង​ការ​បើក​ទូលាយ​ឥត​ងាករេ បង្កើន​ថែម​មួយ​កម្រិត​ទៀត​នូវ​កម្លាំង​រស់​រវើក​ខាង​ការ​អភិវឌ្ឍ​ និង​កម្លាំង​ចលករ​ក្នុង​ស្រុក​ ។ ជំរុញ​កិច្ច​កសាង “ខ្សែ​ក្រវាត់​និង​ផ្លូវ​” ដោយ​នឹង​នរ ។ ជំរុញ​ការ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀងស្តីពីទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ ក៏​ដូច​ជា​សម្រេចកិច្ច​ចរចា​ស្តីពី​​កិច្ច​ព្រម​ព្រៀង​វិនិយោគ​រវាង​ចិន​និង​អឺរ៉ុប​ ។ គាំពារ​ខ្សែ​សង្វាក់ឧស្សាហកម្ម​ និង​ខ្សែ​សង្វាក់​ផ្គត់​ផ្គង់ឱ្យ​​មាន​ភាព​នឹង​នរ​ និង​រក្សា​កំណើន​លើ​វិស័យ​ពាណិជ្ជកម្ម​ជា​មួយ​ក្រៅ​ប្រទេស​និង​ការ​ប្រើ​ប្រាស់​ទុន​បរទេស​ ។

      ទីប្រាំ ខិត​ខំ​ប្រឹង​ប្រែង​ជំរុញ​ការ​ច្នៃ​ប្រឌិត​ថ្មី​ផ្នែកបច្ចេកវិទ្យា ពន្លឿន​​ការ​ផ្លាស់​ប្តូរ​រូបមន្តអភិវឌ្ឍន៍​និង​លើក​កម្ពស់​លំដាប់​ថ្នាក់នៃ​ឧស្សាហកម្ម​ ។ បង្កើត​មជ្ឈមណ្ឌល​​ច្នៃ​ប្រឌិត​ថ្មី​ផ្នែកបច្ចេកវិទ្យាអន្តរជាតិ​ និង​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រថ្នាក់​ជាតិ​ចម្រុះ និង​បង្កើត​បន្ទប់​ពិសោធន៍ថ្នាក់ជាតិ​មួយ​ចំនួន​ជា​លើក​ដំបូង​ដោយ​ជោគជ័យ ។ ​សមិទ្ធផលលេច​ធ្លោ​មួយ​ចំនួន​ ​ដូច​ជាយានរុករកភពព្រះអង្គារឈ្មោះ  “Tianwen-1” យាន​អវកាស ​ChangE-5 ជា​ដើម ។
      ទីប្រាំ​មួយ​ ​ជំរុញកិច្ចកសាងនគរូបនីយកម្មបែបថ្មី ធ្វើ​ឱ្យ​រចនា​សម្ព័ន្ធ​អភិវឌ្ឍន៍​ទីក្រុង​និង​ជនបទ​មាន​សុក្រឹតភាព​ សម្រេច​ការ​បង្កើន​ផល​ស្បៀង​ កិច្ច​កសាង​នៅ​តាម​ជនបទ​ទទួល​បាន​ការ​រីក​ចម្រើន​​ដោយ​នឹង​នរ​ បរិស្ថាន​រស់​នៅ​របស់​ប្រជាជន​នៅ​តាម​ជនបទបាន​ទទួល​ការ​កែលម្អ​យ៉ាង​លេច​ធ្លោ ។

      ទីប្រាំពីរ បង្កើន​អភិបាល​កិច្ច​តាមផ្លូវ​​ច្បាប់​និង​កិច្ច​កសាង​​សង្គម​ រក្សា​ស្ថិរភាព​និង​ភាព​​ចុះ​សម្រុង​គ្នាក្នុង​សង្គម​ ។ ធ្វើ​ឱ្យ​កំណែ​ទម្រង់​លើ​វិស័យ​ការ​អប់​រំ​មានភាពកាន់​តែ​ស៊ី​ជម្រៅ ។ បង្កើន​កម្លាំង​ក្នុង​ការ​កសាង​ប្រព័ន្ធ​សុខាភិបាល​សាធារណៈ លើក​កម្ពស់​សមត្ថភាព​ធ្វើ​តេស្ត​រក​វីរុស​កូវីដ​១៩  រដ្ឋាភិបាល​នឹង​រ៉ាប់​រងថ្លៃ​ព្យាបាលទាំងស្រុង​របស់​អ្នក​​ជំងឺ​កូវីដ​១៩ ។

      កិច្ច​ការ​ទូត​របស់​ប្រទេស​ចិនដែល​​ប្រកប​ដោយ​លក្ខណៈពិសេស​ចិន​ទទួលបាន​ប្រសិទ្ធភាព​គួរឱ្យ​កត់​សម្គាល់​ ។ ​អ្នក​ដឹក​នាំ​បក្ស​និង​រដ្ឋ​របស់​ប្រទេស​ចិន​​ ដូច​ជា​លោក ស៊ី​ ជីនភីង​ ប្រធាន​រដ្ឋ​ចិន​ជា​ដើម​ បាន​ធ្វើ​ជា​អធិបតិក្នុ​ង​កិច្ច​ប្រជុំ​កំពូលស្តីពី​ការ​សាមគី្គ​គ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​១៩​រវាង​ចិន​និង​អាហ្រ្វិក​ ព្រមទាំង​កិច្ច​ប្រជុំជាន់​ខ្ពស់​​មួ​យ​ចំនួន​ដើម្បី​អបអរ​សាទរ​ខួប​ទី​៧៥​ឆ្នាំ​នៃ​ការ​បង្កើត​អង្គការ​សហប្រជាជាតិ កិច្ច​ប្រជុំ​សុខាភិបាល​ពិភពលោក កិច្ច​ប្រជុំ​កំពូល​ប្រទេស​G20 កិច្ច​ប្រជុំ​ក្រៅផ្លូវ​ការ​នៃ​ថ្នាក់​ដឹក​នាំ​អង្គការ​សហប្រតិបតិ្តការ​សេដ្ឋកិច្ច​អាស៊ី​ប៉ាស៊ីហ្វិក ព្រម​និង​សកម្មភាព​ការ​ទូត​សំខាន់ៗ​មួយ​ចំនួនដែល​ធ្វើ​ឡើង​តាម​ប្រព័ន្ធ​វីដេអូ ។ ប្រទេស​ចិន​បាន​​ប្រកាន់ខ្ជាប់​ពហុភាគីនិយម​ និង​ជំរុញ​ការ​បង្កើត​សហគមន៍​រួម​វាសនា​តែ​មួយ​របស់មនុស្សជាតិ និង​គាំទ្រ​កិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​សម្រាប់ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​ឆ្លង​ ប្រទេស​ចិន​បាន​រួម​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​សន្តិភាព​និង​​វឌ្ឍនភាព​របស់​ពិភពលោក ។
      តំណាង​គ្រប់​រូប!

      សមិទ្ធផលរបស់​​ប្រទេ​សចិន​​ក្នុង​មួយ​ឆ្នាំ​កន្លង​ទៅនេះ ជា​លទ្ធផល​ដែល​ទទួល​បាន​ក្រោម​ការ​ដឹក​នាំ ​ដ៏មុតមាំ​របស់​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ចិន​ដែល​មាន​លោក ស៊ីជីនភីង ជា​ប្រមុខ​ស្នូល ជា​លទ្ធផលដែល​ទទួល​បាន​ក្រោម​ការរួប​សាមគ្គី​គ្នា​និងការ​តស៊ូឥត​ស្រាក​ស្រាន្ត​របស់​បក្ស​ កងទ័ព​ និង​ប្រជាជន​គ្រប់​ជនជាតិ​នៅទូទាំង​ប្រទេស​ចិន​ ។

      ខណៈពេល​ទទួល​បាន​​សមិទ្ធផល​ យើង​ក៏​ត្រូវយល់​ដឹង​ឱ្យ​​ច្បាស់ពី​ការ​លំបាកនិងបញ្ហា​ដែល​យើង​បាន​និង​កំពុង​ប្រឈមផង​ដែរ​ ។ ជំងឺ​កូវីដ​១៩​នៅ​តែកំពុង​​រីក​រាល​ដាល​នៅ​ទូទាំង​ពិភពលោក ​កត្តា​អស្ថិរភាព​និង​ភាព​មិន​ប្រាកដ​ប្រជា​ក្នុង​សភាពការណ៍​អន្តរជាតិ​បាន​កើន​ឡើង​ជា​បន្ត​បន្ទាប់ មូលដ្ឋាន​សម្រាប់​ស្តារ​សេដ្ឋកិច្ច​ឡើង​វិញ​នៅ​មិន​សូវ​មានភាព​រឹង​មាំនៅឡើយទេ ។ បញ្ហា​ពុក​រលួយ​នៅតែ​កើត​មាន​ក្នុង​វិស័យ​មួយ​ចំនួន​ ។ យើង​ត្រូវ​ប្រឈមផ្ទាល់​និង​ដោះស្រាយ​បញ្ហា​ទាំង​នេះ  ខិត​ខំ​ប្រឹង​ប្រែងធ្វើ​ឱ្យ​​ការងាររដ្ឋបាល​កាន់​តែ​ប្រសើរ​ឡើង​ ​ ដើម្បី​ធ្វើ​ឱ្យ​ប្រជាជន​ពេញ​ចិត្តអស់​សង្ឃឹម​ ។

 

២៖សមិទ្ធផលអភិវឌ្ឍន៍ក្នុងអំឡុង​ពេលផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៣និងភារកិច្ចសំខាន់ក្នុងអំឡុង​ពេលផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី១៤

      ក្នុង​រយៈពេល៥ឆ្នាំកន្លងទៅនេះការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមចិនទទួលបានសមិទ្ធ​ផល​ជាប្រវត្តិសាស្រ្ត។ ការដំណើរការនៃសេដ្ឋកិច្ចមានស្ថិរភាពជាទូទៅ រចនាសម្ព័ន្ធ​សេដ្ឋ​កិច្ច​ត្រូវបាន​កែលម្អជាបន្តបន្ទាប់ ផលិតផលក្នុងស្រុកសរុបបានកើនឡើងពីចំនួនមិនដល់៧០ទ្រី​លាន​យាន់ប្រាក់ចិន​រហូត​ដល់លើសពី១០០ទ្រីលានយាន់ប្រាក់ចិន។ ប្រទេសចិនទទួល​បាន​សមិទ្ធ​ផលផ្នែកវិទ្យាសាស្រ្តនិងបច្ចេកទេស​សំខាន់ៗលើវិស័យ ដូច​ជា​យាន​អវកាសផ្ទុកមនុស្ស វិស្វកម្ម​ស្ទង់​រុករក​ភពព្រះចន្ទ វិស្វកម្មស្ទង់រុករកក្នុង​សមុទ្រទឹក​ជ្រៅ កុំព្យូទ័រ​កំពូល​ផុតលេខ​និង​ព័ត៌មាន​កង់​ទិច​ជាដើម ការ​ពុះពារ​​ឧបសគ្គ​ក្នុង​ការ​លុប​បំបាត់​​ភាព​ក្រីក្រ​ទទួល​បាន​សមិទ្ធផល​ដែល​ពិភពលោកចាប់អារម្មណ៍ ប្រជាជន​ក្រីក្រនៅតាមជនបទ​ចំនួន​៥៥លាន​៧សែន​៥ម៉ឺន​នាក់​បាន​បម្រះខ្លួនចេញផុតពីភាពក្រីក្រ ។ ភាពក្រីក្រជា​លក្ខណៈ​តំបន់ត្រូវ​បាន​ដោះស្រាយ ដោយ​បាន​សម្រេច​ភារកិច្ចដ៏លំបាកលំបិនស្តីពីការលុបបំបាត់ភាពក្រីក្រដាច់ខាត។ក្រៅពីនេះ ការបើក​ទូលាយ​ចំពោះក្រៅប្រទេសត្រូវ​បាន​ពង្រីក​ជា​បន្តបន្ទាប់ ការ​រួម​គ្នា​កសាង”ខ្សែក្រវាត់និង​ផ្លូវ”ទទួល​បាន​សមិទ្ធផល​ដ៏ធំធេង  កម្រិត​ជីវភាព​រស់នៅ​របស់​ប្រជាជនត្រូវបាន​​លើក​កម្ពស់​យ៉ាង​លេចធ្លោ ឱកាស​ការងារ​ថ្មី​នៅ​តាម​ទីក្រុង​និង​ជនបទមាន​ចំនួន​លើស​ពី​៦០លាននាក់ បានបង្កើតរួច​រាល់​នូវ​ប្រព័ន្ធធានា​រ៉ាប់រង​ដែល​មាន​ទ្រង់​ទ្រាយ​ធំ​បំផុត​លើ​ពិភពលោក។ ការ​អភិវឌ្ឍ​លើ​វិស័យ​អប់រំ សុខាភិបាលនិង​វប្បធម៌ជាដើមទទួល​បាន​សមិទ្ធផល​ថ្មី យុត្តិធម៌និង​គុណភាព​ខាង​វិស័យ​អប់រំត្រូវ​បាន​លើក​កម្ពស់​យ៉ាង​ខ្លាំង កិច្ច​ការ​សុខាភិបាលបាន​ពន្លឿន​ការ​អភិវឌ្ឍ កិច្ច​ការ​វប្បធម៌និង​ឧស្សាហកម្មវប្បធម៌បាន​វិវឌ្ឍ​រីក​ចម្រើន​ប្រកប​ដោយ​ភាព​ចំរុង​ចម្រើន ហើយ​សន្តិសុខ​ជាតិក៏​​ត្រូវបាន​ពង្រឹង​​ដោយ​គ្រប់​ជ្រុង​ជ្រោយ សង្គម​បាន​រក្សា​ភាពសុខដុមនីយកម្ម​​និង​ស្ថិរភាព ។

      រយៈពេល​ផែនការ​អភិវឌ្ឍន៍​ជាតិរយៈពេល​​៥​ឆ្នាំ​ទី​១៤​ជា​៥​ឆ្នាំ​ទី​១សម្រាប់​ដំណើរ​ថ្មី​នៃ​កិច្ច​កសាងប្រទេស​សង្គមនិយម​​ទំនើបដោយ​គ្រប់​ជ្រុង​ជ្រោយ ។ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​នៅ​តែ​ស្ថិត​ក្នុងដំណាក់​កាល​កាលានុវត្តភាព​យុទ្ធសាស្រ្ត​ដ៏​សំខាន់ ប៉ុន្តែ ឱកាស​និង​ការ​ប្រឈម​សុទ្ធ​តែ​មាន​ការ​ប្រែប្រួល​ថ្មី​។

      យោង​ទៅ​តាម« ​សំណើរបស់​គណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនិស្ត​ចិន​ស្តីពី​ការ​គ្រោង​ផែន​ការអភិវឌ្ឍន៍​ជាតិ​​ ៥ ឆ្នាំទី ១៤ និង​ការកំណត់ទិសដៅ​រយៈ​​ពេលវែង​ឆ្នាំ​២០៣៥​នៃ​​ការ​អភិវឌ្ឍសេដ្ឋកិច្ច​ជាតិនិង​​សង្គម » ពួក​យើង​ត្រូវ​បំពេញ​ការ​ងារ​ឱ្យ​បាន​ល្អ​លើ​វិស័យ​ដូច​តទៅ៖

      ខំ​ប្រឹង​លើក​កម្ពស់​គុណភាព​និង​ប្រសិទ្ធភាពនៃ​ការ​អភិវឌ្ឍ ជំរុញ​​សេដ្ឋកិច្ច​ឱ្យ​រីក​ចម្រើន​ដោយ​រឹង​មាំ​និង​ប្រកប​ដោយ​ចីរភាព​ ចាំ​បាច់​ត្រូវ​ប្រកាន់​ខ្ជាប់​ទស្សនៈអភិវឌ្ឍន៍​ថ្មី ជំរុញ​ការ​​ពង្រីក​សក្តានុពល​កំណើនឱ្យ​បាន​ពេញ​លេញ​ ។

      ប្រកាន់​ខ្ជាប់​ការ​អភិវឌ្ឍ​ដែល​ជំរុញ​ដោយ​ការ​ច្នៃ​ប្រឌិត​ថ្មី​ ពន្លឿន​ការ​អភិវឌ្ឍ​ប្រព័ន្ធ​ឧស្សាហកម្ម​ទំនើប។ ប្រកាន់​ខ្ជាប់​ការ​តម្កល់​ទុក​ការច្នៃ​ប្រឌិត​ថ្មី​ជាចម្បង​ក្នុង​កិច្ច​កសាង​ទំនើបភាវូបនីយកម្ម​របស់​ប្រទេស​ជាតិ​ ចាត់​ទុកការសិក្សា​ស្រាវជ្រាវអំពី​បច្ចេកវិទ្យា​​ដោយ​ម្ចាស់​ការជា​ការ​ទ្រទ្រង់​ខាង​យុទ្ធសាស្រ្ត​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ។

      បង្កើត​ជា​ទីផ្សារ​ក្នុង​ស្រុក​ដ៏​ខ្លាំង​ក្លា​និង​និម្មាបនកម្ម​អភិវឌ្ឍន៍​ថ្មី។ ផ្សារ​ភ្ជាប់​​ការ​អនុវត្ត​យុទ្ធសាស្រ្ត​ពង្រីក​តម្រូវ​ការ​ក្នុង​ស្រុក​​ជា​មួយ​ការ​ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវ​កំណែ​ទម្រង់​ផ្នែក​រចនា​សម័្ពន្ធ​ផ្គត់​ផ្គង់​។

      ជំរុញ​ដោយ​គ្រប់​ជ្រុង​ជ្រោយនូវ​ការ​អភិវឌ្ឍ  កែ​លម្អ​យុទ្ធសាស្រ្ត​នគរូបនី​យកម្ម​បែប​ថ្មី ប្រកាន់​ខ្ជាប់តម្កល់​​ការ​អភិវឌ្ឍ​ជនបទ​និង​កសិកម្ម​ជា​អាទិភាព។

      ធ្វើ​ឱ្យ​ការ​បង្កើត​រចនាសម្ព័ន្ធ​សេដ្ឋកិច្ច​ក្នុង​តំបន់​កាន់​តែល្អ​ប្រសើរឡើង  ជំរុញភាព​ស៊ីសង្វាក់​គ្នា​នៃ​ការ​អភិវឌ្ឍ​ក្នុង​តំបន់​នានា​ ។

      ធ្វើ​ឱ្យ​ស៊ី​ជម្រៅ​ដោយ​គ្រប់​ជ្រុង​ជ្រោយ​នូវ​កំណែ​ទម្រង់​និង​ការ​បើក​ទូលាយ បង្កើន​កម្លាំង​ចលករ​និង​កម្លាំង​រស់​រវើក​នៃ​ការ​អភិវឌ្ឍ ។

អ្នកបកប្រែ:郭翔青
ប្លុកពិសេស