ថ្ងៃទី ២៣ ខែតុលា មហាសន្និបាតរំលឹកខួប ៧០ ឆ្នាំនៃការដែលកងទ័ពស្ម័គ្រចិត្តប្រជាជនចិនជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិកបានប្រារព្ធធ្វើនៅក្រុងប៉េកាំង ។ លោកស៊ីជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានរដ្ឋនិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមមហាសន្និបាតនិងថ្លែងសុន្ទរកថា ។
ក្រោយពីផ្ទុះសង្គ្រាមផ្ទៃក្នុងនៅកូរ៉េខាងជើងនាខែមិថុនាឆ្នាំ ១៩៥០ រដ្ឋាភិបាលអាមេរិកបានចាត់បញ្ជូនកងទ័ពទៅជ្រៀតជ្រែក ដោយបានបំផុសសង្គ្រាមគ្រប់ជ្រុងជ្រោយចំពោះកូរ៉េខាងជើង ហើយមិនអើពើនឹងការព្រមានជាច្រើនលើករបស់រដ្ឋាភិបាលចិន ដោយបានឆ្លងកាត់ខ្សែបន្ទាត់38th Parallel ចូលទៅជិតដល់ព្រំដែនចិននិងកូរ៉េខាងជើង រហូតដល់ទៅប្រើយន្តហោះទម្លាក់គ្រាប់បែកទៅលើទីក្រុងនិងជនបទតាមព្រំដែនភាគឦសានរបស់ប្រទេសចិនទៀតផង ។ តបតាមសំណូមពររបស់ភាគីកូរ៉េខាងជើង ប្រទេសចិនបានបង្កើតកងទ័ពស្ម័គ្រចិត្តប្រជាជនចិន ហើយធ្វើដំណើរទៅកាន់កូរ៉េខាងជើងដើម្បីប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក ។
សង្គ្រាមជួយកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិកបានប្រព្រឹត្តទៅរយៈពេល ២ ឆ្នាំ ៩ ខែ បានបង្កើតជាគំរូក្នុងប្រវត្តិសាស្ត្រសង្គ្រាមពិភពលោកដែលប្រទេសខ្សោយយកឈ្នះលើប្រទេសខ្លាំង បានគាំទ្រប្រជាជនកូរ៉េខាងជើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់អាមេរិក គាំពារសន្តិសុខសាធារណរដ្ឋប្រជាជនប្រជាធិបតេយ្យកូរ៉េខាងជើងនិងសាធារណរដ្ឋប្រជាមានិតុចិនដែលទើបបង្កើតឡើងបានត្រឹមតែមួយឆ្នាំ ក៏ដូចជារួមចំណែកដល់សន្តិភាពក្នុងតំបន់និងពិភពលោកផងដែរ ៕