យប់ថ្ងៃទី១៤ខែកញ្ញា នៅក្រុងប៉េកាំង លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបពិភាក្សាតាមប្រព័ន្ធវីដេអូជាមួយលោកស្រីMerkelនាយករដ្ឋមន្រ្តីអាល្លឺម៉ង់ដែលជាប្រធានផ្លាស់វេននៃសហភាពអឺរ៉ុប លោកCharles Michelប្រធានក្រុមប្រឹក្សាអឺរ៉ុបនិងលោកស្រីUrsula von der Leyenប្រធានគណៈកម្មាធិការសហភាពអឺរ៉ុប។
ថ្លែងក្នុងកិច្ចជំនួប លោកស៊ីជីនភីងបានលើកឡើងថា ចិននិងអឺរ៉ុបបានចាត់ទុកគូភាគីជាដៃគូពាណិជ្ជកម្មនិងវិនិយោគដ៏សំខាន់។ ភាគីទាំងពីរបានចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងអំពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរវាងចិននិងអឺរ៉ុប» ភាគីទាំងពីរគួរតែពន្លឿនការចរចាអំពីកិច្ចព្រមព្រៀងវិនិយោគរវាងចិននិងអឺរ៉ុប ដើម្បីសម្រេចគោលដៅស្តីពីការបញ្ចប់ការចរចាក្នុងឆ្នាំ២០២០នេះ ក្នុងន័យបំពេញបន្ថែមកម្លាំងចលករកាន់តែច្រើនសម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់សហគមន៍អន្តរជាតិ ក៏ដូចជាស្តារសេដ្ឋកិច្ចឡើងវិញនិងគាំពារសច្ចយុត្តិធម៌។
អំពីបញ្ហាសិទ្ធិមនុស្ស លោកស៊ីជីនភីងបានគូសបញ្ជាក់ថា ការធានាសិទ្ធិមនុស្សគ្មានការធ្វើបានល្អបំផុតនោះទេ មានតែការធ្វើឱ្យបានកាន់តែល្អ ។ បណ្តាប្រទេសនានាគួរតែធ្វើរឿងរបស់ខ្លួនឱ្យបានល្អជាមុនសិន។ជឿជាក់ថា សហភាពអឺរ៉ុបអាចដោះស្រាយឱ្យបានល្អនូវបញ្ហាសិទ្ធិមនុស្សរបស់ខ្លួន។ ភាគីចិនមិនទទួលយកបញ្ហាសិទ្ធិមនុស្សមកឃោសនាបំប៉ោងលាបពណ៌នោះទេ ហើយក៏ប្រឆាំងនឹងស្តង់ដារពីរក្នុងបញ្ហាសិទ្ធិមនុស្សផងដែរ ។
ជាការឆ្លើយតប លោកស្រីMerkel លោកMichelនិងលោកស្រីUrsula von der Leyenបានថ្លែងថា ប្រទេសចិនគឺជាដៃគូសហប្រតិបត្តិការជាយុទ្ធសាស្រ្តដ៏សំខាន់និងគួរជាទីគោរពរបស់សហភាពអឺរ៉ុប ។ សហភាពអឺរ៉ុបរីករាយក្នុងការបង្កើនកិច្ចសន្ទនាជាមួយភាគីចិន សហភាពអឺរ៉ុបទទួលបានការលើកទឹកចិត្តពីការចុះហត្ថលេខាលើ«កិច្ចព្រមព្រៀងអំពីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញរវាងចិននិងអឺរ៉ុប» ហើយសូមសម្តែងការស្វាគមន៍ចំពោះភាគីចិនដែលបន្ធូរបន្ថយនូវការដាក់កំហិតចំពោះការអនុញ្ញាតឱ្យចូលទីផ្សាររបស់ប្រទេសចិន និងពង្រីកការបើកទូលាយ ធ្វើការខិតខំប្រឹងប្រែងដើម្បីសម្រេចការចរចាអំពីកិច្ចព្រមព្រៀងវិនិយោគរវាងចិននិងសហភាពអឺរ៉ុបក្នុងឆ្នាំ២០២០នេះ ក្នុងន័យបំពេញបន្ថែមកម្លាំងចលករថ្មីសម្រាប់ទំនាក់ទំនងរវាងអឺរ៉ុបនិងចិន។ក្នុងបញ្ហាសិទ្ធិមនុស្ស សហភាពអឺរ៉ុបទទួលស្គាល់ដោយស្មោះថាខ្លួននៅមានចន្លោះខ្វះខាតដែរ ដូចនេះ រំពឹងថា អាចធ្វើកិច្ចសន្ទនាជាមួយភាគីចិនដោយឈរលើមូលដ្ឋានសមភាពនិងគោរពគ្នាទៅវិញទៅមក ដើម្បីបង្កើនការស្វែងយល់គ្នា ក៏ដូចជាដោះស្រាយការខ្វែងគំនិតគ្នាដោយសមរម្យផងដែរ ៕