ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុនផលិតរថយន្ត Volkswagenអាល្លឺម៉ង់នៅចិនបានគ្រោងផែនការនឹងរួមជាមួយដៃគូសហប្រតិបត្តិការបណ្តាក់ទុនលើសពី៤ពាន់លានប្រាក់អឺរ៉ូនៅប្រទេសចិន។ ក្នុងរយៈប៉ុន្មានខែកន្លងទៅនេះ សហគ្រាសបរទេសជាច្រើន ដូចជាក្រុមហ៊ុនQualcomm Exxon Mobil Pepsi និងJP Morganជាដើមក៏នាំគ្នាពន្លឿនការបង្កើតរចនាសម្ព័ន្ធនៅប្រទេសចិននិងត្រួសត្រាយទីផ្សារប្រទេសចិនយ៉ាងសកម្មផងដែរ។
ដោយសារបានរងផលប៉ះពាល់ពីជំងឺកូវីដ១៩ បច្ចុប្បន្ននេះ ការបណ្តាក់ទុនឆ្លងដែននៅទូទាំងពិភពលោកមានភាពទន់ខ្សោយ។ ប៉ុន្តែ នៅត្រីមាសទី២ឆ្នាំនេះ ការប្រើប្រាស់ទុនបរទេសជាក់ស្តែងរបស់ប្រទេសចិនបានផ្ទុយពីនិន្នាការសកលលោក ដោយបានសម្រេចកំណើនចំនួន៨,៤% បើធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ដែលបង្ហាញឱ្យឃើញថា ប្រទេសចិននៅតែជាគោលដៅវិនិយោគដែលមានប្រជាប្រិយភាពនៅទូទាំងពិភពលោក ផលប៉ះពាល់ដែលបណ្តាលមកពីជំងឺឆ្លងគ្រាន់តែជាបណ្តោះអាសន្នប៉ុណ្ណោះ។
បច្ចុប្បន្ននេះ ប្រទេសចិនកំពុងបម្រះខ្លួនចេញពីផលប៉ះពាល់នៃជំងឺឆ្លង សេដ្ឋកិច្ចបាននិងកំពុងងើបឡើងវិញដោយនឹងនរ។នៅត្រីមាសទី២ឆ្នាំនេះ សេដ្ឋកិច្ចបានសម្រេចកំណើនយ៉ាងខ្លាំងគឺ៣,២% សន្ទស្សន៍សេដ្ឋកិច្ចសំខាន់ៗដូចជាផលិតកម្មឧស្សាហកម្មនិងការប្រើប្រាស់ជាដើមមានភាពល្អប្រសើរឡើងវិញជាបន្តបន្ទាប់។
កាលពីថ្ងៃទី២០ខែកក្កដា ប្រទេសចិននិងកម្ពុជាបានរួមគ្នាប្រកាសថា បានសម្រេចការចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី។ កិច្ចព្រមព្រៀងពាក់ព័ន្ធរវាងចិននិងកម្ពុជាបានគ្របដណ្តប់លើវិស័យយ៉ាងទូលំទូលាយ ដូចជាកិច្ចសហប្រតិបត្តិការអំពីគំនិតផ្តួចផ្តើម”ខ្សែក្រវាត់និងផ្លូវ” ពាណិជ្ជកម្មទំនិញ ពាណិជ្ជកម្មសេវាកម្ម កិច្ចសហប្រតិបតិ្តការផ្នែកវិនិយោគ កិច្ចសហប្រតិបត្តិការផ្នែកបច្ចេកវិទ្យាសេដ្ឋកិច្ចនិងធុរកិច្ចអេឡិចត្រូនិកជាដើមដែលបានបើកទូលាយនូវពាណិជ្ជកម្មទ្វេភាគីនិងជំរុញដល់ការវិនិយោគថែមមួយកម្រិតទៀត ប្រការនេះនឹងនាំមកនូវផលប្រយោជន៍ជាក់ស្តែងនិងកាលានុវត្តភាពអភិវឌ្ឍន៍កាន់តែច្រើនជូនដល់ប្រជាជននៃប្រទេសទាំងពីរ។
បច្ចុប្បន្ននេះ ជំងឺកូវីដ១៩នៅតែរីករាលដាលនៅទូទាំងពិភពលោកដដែល ប្រទេសចិនបានត្រៀមខ្លួនឱ្យបានល្អក្នុងរយៈពេលយូរដើម្បីទប់ទល់នឹងហានិភ័យខ្លំាងបង្គួរមកពីខាងក្រៅ ប្រទេសចិនមានជំនឿចិត្តនិងមានសមត្ថភាពក្នុងការដោះស្រាយវិបត្តឱ្យប្រែក្លាយជាកាលានុវត្តភាព ដើម្បីដណ្តើមបានសិទ្ធិម្ចាស់ការនៃការអភិវឌ្ឍ ហើយបន្តក្លាយជាគោលដៅធ្វើពាណិជ្ជកម្មនិងវិនិយោគដែលមានប្រជាប្រិយភាពនៅទូទាំងពិភពលោក ក្នុងន័យចែករំលែកផលប្រយោជន៍អភិវឌ្ឍន៍ជាមួយពិភពលោក ៕