徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកCui Tiankai ឯកអគ្គរដ្ឋទូតចិនប្រចាំនៅអាមេរិកលើកឡើងថា ការតាក់តែងប្រព័ន្ធច្បាប់និងយន្តការអនុវត្តពាក់ព័ន្ធនឹងសន្តិសុខជាតិនៅតំបន់ហុងកុងនឹងមានអំណោយផលចំពោះភាពរុងរឿងនិងស្ថិរភាពនៅហុងកុង

2020-06-01 17:22:54 cri

    កាលពី​ថ្ងៃទី ៣០ ខែឧសភា លោក​CuiTiankai ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំនៅ​អាមេរិក​បាន​ចេញផ្សាយ​អត្ថបទមួយ​នៅលើ​វេបសាយ​នៃទីភ្នាក់ងារ​ព័ត៌មាន​Bloomburg​ដោយបាន​លើកឡើងថា ការតាក់តែង​ប្រព័ន្ធច្បាប់​និងយន្តការ​អនុវត្ត​ពាក់ព័ន្ធនឹង​សន្តិសុខជាតិ​នៅតំបន់ហុងកុង​នឹងធានាដល់​ការអនុវត្ត​ដោយនឹងនរ​និង​យូរអង្វែងនូវ​គោលការណ៍​ប្រទេសមួយ ប្រព័ន្ធ​គ្រប់គ្រងពីរ វាមាន​អំណោយផល​ដល់​ភាពរុងរឿង​និង​ស្ថិរភាព​ដ៏យូរអង្វែង​របស់​ហុងកុង ។

    អត្ថបទ​ចែងថា បន្ទាប់ពី​ហុងកុង​កើតមាន​ភាពចលាចល​ដោយសារ​ការធ្វើវិសោធនកម្ម​លក្ខន្តិកៈ​ច្បាប់ហុងកុង​នាឆ្នាំទៅ អ្នកបាតុករ​ហិង្សា​បានវាយប្រហារ​ប៉ូលីស វាយប្រហារ​និង​បង្ខាំង​ដោយខុសច្បាប់​នូវអ្នក​ធ្វើដំណើរ​ស្លូតត្រង់ និងវាយសម្រុកចូល​អគារ​រដ្ឋបាល​ជាដើម អំពើហិង្សា​ទាំងនេះ​ធ្វើឱ្យ​មុខរបរ​នានានៅ​ហុងកុង​ធ្លាក់​ទន់ខ្សោយ ។ អស់កាល​ជាយូរ​មក ហុងកុង​ស្ថិតក្នុង​ភាព​កង្វះខាតការ​ការពារ​ខាង​សន្តិសុខជាតិ ធ្វើឱ្យ​ហុងកុង​ធ្លាក់ចូល​ភាពច្របូកច្របល់ សន្តិសុខ​ជាតិចិន​ត្រូវ​រងការ​បំផ្លាញ ។ ហេតុនេះ ការបំពេញ​ចន្លោះ​ខ្វះខាត​ដែលមាន​ហានិភ័យ​ខាង​សន្តិសុខជាតិ​នៃហុងកុង​តាមរយៈ​ការតាក់តែង​ច្បាប់​ដោយរដ្ឋ គឺជារឿងបន្ទាន់មួយ ។ ពេល​កន្លងទៅ​ថ្មីៗនេះ មហាសន្និបាត​នៃសភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​នីតិកាលទី ១៣ បាន​ធ្វើសេចក្តីសម្រេចចិត្ត​អំពី​ការបង្កើត​ប្រព័ន្ធច្បាប់​និងយន្តការ​អនុវត្ត​ពាក់ព័ន្ធនឹង​សន្តិសុខជាតិ​នៅតំបន់ហុងកុង ទទួលបាន​ការគាំទ្រ​និង​ឆ្លើយតប​យ៉ាងសកម្ម​ពីប្រជាជនចិន ក្នុងនោះ​រួមមាន​ជនរួមជាតិ​ហុងកុងផង វាជា​ក្តីបំណង​រួមរបស់​ប្រជាជន ។

    អត្ថបទ​ចែងថា ការតាក់តែង​ច្បាប់នេះ​គឺសំដៅចំពោះ​សកម្មភាព​បំផ្លាញដល់​សន្តិសុខ​ជាតិចិន ដូចជា​ការធ្វើ​អបគមន៍ ការធ្វើ​វិទ្ធង្សនា​រដ្ឋអំណាច ការធ្វើ​សកម្មភាព​ភេរវកម្ម​និង​ការជ្រៀតជ្រែក​ពីបរទេស​និង​កម្លាំង​ខាងក្រៅ​ជាដើម ។ បុគ្គល​ណាមួយ​ដែលគ្មាន​ពាក់ព័ន្ធនឹង​ករណី​ទាំងនេះ គឺអាច​រស់នៅ​និង​ធ្វើអាជីវកម្ម​យ៉ាងសុខសាន្ត​នៅហុងកុង ។ ការតាក់តែង​ច្បាប់នេះ​នឹង​ធានាដល់​សិទ្ធិស្វ័យភាព​ខ្ពស់​តាមច្បាប់​នៃ​តំបន់ហុងកុង​ឱ្យបាន​កាន់តែល្អ មានអំណោយផល​ដល់ការគាំពារ​បរិយាកាស​នីតិរដ្ឋ​និង​បរិយាកាស​ធ្វើអាជីវកម្ម​នៃហុងកុង ។ ផលប្រយោជន៍​នៃការអភិវឌ្ឍ​ហុងកុង​ដោយនឹងនរ​និង​យូរអង្វែង​នឹងនាំមកនូវ​កាលានុវត្តភាព​កាន់តែច្រើន និងផ្តល់​ផលប្រយោជន៍​ដល់​ប្រជាជន​នៃតំបន់នានា​លើពិភពលោក​ដែល​ទៅបំពេញ​ការងារ វិនិយោគ​និង​រស់នៅ​ហុងកុង ៕

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស