នៅថ្ងៃទី ២៣ ខែឧសភា លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានថ្លែងនៅក្រុងប៉េកាំងថា បច្ចុប្បន្ន នៅលើផ្ទៃអន្តរជាតិ ការគាំពារនិយមបានងើបឡើងវិញ ប៉ុន្តែយើងត្រូវឈរនៅម្ខាងត្រឹមត្រូវក្នុងប្រវតិ្តសាស្ត្រ ប្រកាន់ខ្ជាប់ពហុនិយមនិងធ្វើឱ្យទំនាក់ទំនងអន្តរជាតិមានប្រជាធិបតេយ្យភាព គ្រោងផែនការអភិវឌ្ឍប្រកបដោយទស្សនៈបើកទូលាយ កិច្ចសហប្រតិបតិ្តការ និងឈ្នះ-ឈ្នះ ប្រកាន់ខ្ជាប់មិនងាករេក្នុងន័យជំរុញសកលភាពវូបនីយកម្មសេដ្ឋកិច្ចទទួលបានវិវឌ្ឍន៍រីកចម្រើនតាមទឹសដៅបើកចំហ បរិយាប័ន្ន ផ្តល់ផលប្រយោជន៍ជាទូទៅ តុល្យភាពនិងឈ្នះ-ឈ្នះ ដើម្បីជំរុញការបង្កើតសេដ្ឋកិច្ចសកលប្រកបដោយភាពបើកទូលាយ ។
នៅថ្ងៃដដែល លោក ស៊ី ជីនភីង បានអញ្ជើញចូលរួមកិច្ចប្រជុំពិគ្រោះពិភាក្សាជាក្រុមនៃសមាជិកមជ្ឈដ្ឋានសេដ្ឋកិច្ចដែលអញ្ជើញទៅចូលរួមមហាសន្និបាតលើកទី៣នៃសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី១៣ ព្រមទាំងបានស្តាប់មតិយោបល់និងសេចកី្តស្នើផងដែរ ។ លោកបានលើកឡើងថា ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសចិនមានភាពល្អប្រសើរ ប៉ុន្តែក៏ប្រឈមនឹងការលំបាកនិងការសាកល្បងជាច្រើន ក្រៅពីរងផលប៉ះពាល់ពីជំងឺកូវីដ១៩ ប្រទេសចិនក៏ត្រូវប្រឈមនឹងស្ថានភាពអវិជ្ជមាន ដូចជាសេដ្ឋកិច្ចសកលបានថយចុះយ៉ាងគំហុក ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិបានបង្រួញទំហំយ៉ាងខ្លាំង ក៏ដូចជាមានប្រទេសមួយចំនួនឃោសនាគាំពារនិយមនិងឯកកោតភាគីនិយមជាដើម ។
លោក ស៊ី ជីនភីងបានលើកឡើងទៀតថា នៅពេលអនាគត ប្រទេសចិនត្រូវចាត់ទុកការបំពេញសេចក្តីត្រូវការក្នុងស្រុកជាកិច្ចការចាប់ផ្តើមនិងការងារគន្លឹះនៃការអភិវឌ្ឍ ក្នុងន័យបង្កើតប្រព័ន្ធផ្គត់ផ្គង់ក្នុងស្រុកដ៏ល្អពេញលេញ ខិតខំប្រឹងប្រែងជំរុញការច្នៃប្រឌិតថ្មីលើវិស័យវិទ្យាសាស្ត្របច្ចេកទេសនិងវិល័យផ្សេងទៀត ក៏ដូចជាពន្លឿនជំរុញការអភិវឌ្ឍឧស្សាហកម្មថ្មីដែលប្រកបដោយលក្ខណៈយុទ្ធសាស្ត្រ ដូចជាសេដ្ឋកិច្ចឌីជីថល ផលិតកម្មវៃឆ្លាត សុខាភិបាលនិងសុខភាព សម្ភារៈថ្មីជាដើម ៕