李庆莉
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី ៖ ការចាកចេញពី«សន្ធិសញ្ញាស្តីពីការបើកចំហដែនអាកាស»របស់អាមេរិកនឹងវាយប្រហារម្តងទៀតចំពោះប្រព័ន្ធសន្តិសុខយោធាអឺរ៉ុប

2020-05-22 18:37:49 cri

  លោក​ Grusko អនុរដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២១ ខែ​ឧសភា​ថា​​ ការ​ចាកចេញពី​«សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែន​អាកាស​»របស់​អាមេរិកនឹង​វាយប្រហារ​ម្តងទៀត​ចំពោះ​​ប្រព័ន្ធ​សន្តិសុខ​យោធា​អឺរ៉ុប​ ។

  ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់រុស្ស៊ី​បាន​ដកស្រង់ពាក្យ​សម្តី​របស់​លោក​ Grusko កាលពី​ថ្ងៃទី​ ២១ ខែ​ឧសភា​ថា​ ពេល​បច្ចុប្បន្ន​​ រុស្ស៊ីមិន​ទាន់​ទទួល​បាន​ការ​ជូន​ដំណឹងជា​​ផ្លូវ​ការ​ស្តីពី​ការ​ដកខ្លួន​ចេញពី​«សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែន​អាកាស​»របស់​អាមេរិកនៅឡើយទេ​​ ។  ​មុន​នេះ​ រដ្ឋាភិបាល​អាមេរិក​បានប្រកាស​​ដកខ្លួន​ចេញ​ពី​«សន្ធិសញ្ញា​លុបបំបាត់​គ្រាប់មីស៊ីល​រយៈចម្ងាយ​ខ្លី​និង​មធ្យម​រវាង​អាមេរិក​និង​អតីតសហភាពសូវៀត» ។ ទង្វើបែបនេះ​បាន​បន្សោយ​ប្រព័ន្ធ​សន្តិសុខ​យោធា​អឺរ៉ុប​​ ។ ការ​ដកខ្លួន​ចេញពី​«សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែន​អាកាស​»របស់​អាមេរិកនឹង​វាយប្រហារ​ម្តង​ទៀត​ចំពោះ​ប្រព័ន្ធ​នេះ​ ព្រមទាំង​បំផ្លាញ​​ដល់​ផល​ប្រយោជន៍​របស់រដ្ឋ​សមាជិក​នៃ​សន្ធិសញ្ញា​ដែល​ជា​​សម្ព័ន្ធមិត្ត​របស់​អាមេរិកទៀត​ផង​​ ។

   ក្រសួង​ការបរទេស​អាមេរិក​បាន​ថ្លែង​កាលពី​ថ្ងៃទី​ ២១ ខែឧសភា​ថា​ សហរដ្ឋ​អាមេរិក​នឹង​ជូន​ដំណឹង​ស្តី​ពីការ​សម្រេចចិត្ត​ដកខ្លួន​ចេញពី​«សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែន​អាកាស​» ដល់​រដ្ឋ​សមាជិកនៃ​សន្ធិសញ្ញា​ទាំងអស់​ ។

   សូម​​បញ្ជាក់​ថា​   «សន្ធិសញ្ញា​ស្តីពី​ការ​បើកចំហ​ដែន​អាកាស​» ត្រូវ​បាន​ចុះ​ហត្ថលេខា​កាលពី​ឆ្នាំ​ ១៩៩២ ហើយ​បាន​ចូល​ជា​ធរមាន​ចាប់​ពីឆ្នាំ​២០០២ ។ ប្រទេស​ចូលរួម​សន្ធិសញ្ញា​មាន​សិទ្ធិធ្វើ​ការ​ស៊ើប​ការណ៍​​ដោយ​មិនមែន​​ប្រដាប់​អាវុធនៅលើ​​ដែន​អាកាស​របស់​ប្រទេស​​ជា​ដៃគូ​​តាម​ច្បាប់​​កំណត់​ ។

អ្នកបកប្រែ:李庆莉
ប្លុកពិសេស