邓倩
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិនមានសមត្ថភាពក្នុងការធានាដល់ការសម្រេចបាននូវទិសដៅភារកិច្ចនៃការលុបបំបាត់ភាពក្រីក្រដោយគ្រប់ជ្រុងជ្រោយតាមពេលកំណត់

2020-05-22 20:04:17 cri

    អំឡុងពេល​បើកធ្វើមហាសន្និបាត​សភា​តំណាង​ប្រជាជន​ទូទាំង​ប្រទេសចិន​និង​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទូទាំង​ប្រទេសចិន​ឆ្នាំ ​២០២០ ​ពិភពលោក​ទាំងមូល​កំពុង​ប្រឈម​មុខ​នឹង​ការរាតត្បាត​នៃ​ជំងឺកូវីដ​ ១៩ ​ហើយ​កត្តា​មិនប្រាកដប្រជា​ផ្សេងៗ​កំពុង​កើន​ឡើង។​ស្ថិតក្រោម​បរិបទ​ពិសេសបែបនេះ ​តើ​ប្រទេសចិន​ត្រូវ​ធ្វើដូចម្តេច​ដើម្បី​ធានា​ដល់​ការ​សម្រេចបាន​នូវ​ទិសដៅ​ភារកិច្ច​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​គឺជា​បញ្ហាសំខាន់​មួយ​នៃ​មហាសន្និបាត​នៃសភា​ទាំងពីរ​លើកនេះ។​

    ការ​ផ្ទុះឡើង​ភ្លាមៗនូវ​ការរីករាលដាល​នៃ​ជំងឺឆ្លង​គឺមិនបាន​រារាំង​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ប្រទេសចិន​ក្នុង​ការ​សម្រេចឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​នៅ​ឆ្នាំ​នេះ​នោះ​ទេ។​ក្រោម​ការ​ជំរុញ​ប្រកប​ដោយ​ការប្តេជ្ញាចិត្ត​យ៉ាងមុតមាំ ក៏ដូចជា​វិធានការ​ជាក់ស្តែង​និង​កម្លាំង​ចលករ​ថ្មី​ដែល​ប្រមូលផ្តុំ​ជាបន្តបន្ទាប់ ​ប្រទេសចិន​មាន​ជំនឿចិត្ត ​មានលក្ខណសម្បត្តិ​គ្រប់គ្រាន់​និង​មាន​សមត្ថភាព​ក្នុង​ការ​សម្រេចបាន​នូវ​គោលដៅ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​និង​សង្គម​នៅ​ឆ្នាំនេះ​តាមពេល​កំណត់។​

    ទីមួយ ​គណបក្ស​កាន់អំណាច​ចិន​តែងតែ​តម្កល់​ការងារ​លុបបំបាត់​ភាពក្រីក្រ​ជា​ភារកិច្ច​ចម្បង​ក្នុង​អភិបាលកិច្ចជាតិ។​ចាប់តាំងពី​សមាជបក្សកុម្មុយនិស្ត​ចិន​លើកទី ​១៨ ​មក ​លោក ​ស៊ីជីនភីង ​មេដឹកនាំ​កំពូល​ចិន​បាន​ចាត់ចែង​និង​ត្រួតពិនិត្យ​ដោយ​ផ្ទាល់​នូវ​ទិសដៅ​និង​វិធីសាស្ត្រ​សម្រាប់​លុបបំបាត់​ភាពក្រីក្រ​ដោយ​គ្រប់ជ្រុងជ្រោយ។​កាលពី​ថ្ងៃទី ​៦ ​ខែមីនា ​ឆ្នាំនេះ ​លោក ​ស៊ីជីនភីង ​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​តាមប្រព័ន្ធ​វីដេអូ​ថា ​គិត​រហូត​ដល់​ឆ្នាំ ​២០២០ ​ចំនួន​ប្រជាជន​ក្រីក្រ​នៅ​តាមជនបទ​ទាំងអស់​នឹង​ត្រូវបាន​លុបបំបាត់​ភាពក្រីក្រ​តាម​ស្តង់ដា​បច្ចុប្បន្ន​ដែល​ជា​ការប្តេជ្ញាចិត្ត​ដ៏​ធំធេង​របស់​គណៈកម្មាធិការ​មជ្ឈិម​បក្ស​ចំពោះ​ប្រជាជន​ទូទាំង​ប្រទេស ​ហើយ​ត្រូវតែ​សម្រេចឱ្យបាន​តាម​ពេលកំណត់។​

    យោងតាម​ទិន្នន័យ​របស់​ធនាគារ​ពិភពលោក​បានឱ្យ​ដឹងថា ​ការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រទេសចិន​បាន​ចូល​រួមចំណែក​ច្រើន​ជាង ​៧០ ភាគរយ​ដល់​ការ​កាត់បន្ថយ​ភាពក្រីក្រ​នៅលើ​ពិភពលោក។​លោក ​Adhere ​Cavince ​អ្នកជំនាញ​ខាង​បញ្ហា​អន្តរជាតិ​នៃ​ប្រទេស​កេនយ៉ា​បាន​វាយតម្លៃ​ថា ​សមិទ្ធផល​របស់​ប្រទេសចិន​ក្នុង​ការ​កាត់បន្ថយ​ភាពក្រីក្រ​"គឺជា​ទង្វើ​ដ៏​មហាអស្ចារ្យ​មួយ​ដែល​មិន​ធ្លាប់​មាន​នៅក្នុង​ប្រវត្តិសាស្រ្ត​មនុស្សជាតិ"។​

    អំឡុងពេល​មហាសន្និបាតនៃ​សភាទាំងពីរ​របស់ចិន​ឆ្នាំនេះ ​​តំណាងនៃ​សភាតំណាង​ប្រជាជន​និងសមាជិក​នៃសភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ទាំង​ឡាយ​នឹង​លើកមតិ​យោបល់​ដើម្បី​សម្រេច​គោលដៅ​អភិវឌ្ឍន៍​តាម​ការ​គ្រោងទុក​និង​ធ្វើ​ឱ្យ"​ការលុបបំបាត់​ភាពក្រីក្រ"​ក្លាយជា​ចំណុច​ចាប់ផ្តើម​ថ្មី​សម្រាប់​ជនជាតិចិន​បន្ត​រួមសាមគ្គីគ្នា​និង​តស៊ូ​ពុះពារ​ទៅមុខ​ទៀត ៕​

អ្នកបកប្រែ:邓倩
ប្លុកពិសេស