魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បណ្តាប្រទេសនានានៅតំបន់អាស៊ីប៉ាស៊ីហ្វិកអនុម័តលើសេចក្តីសម្រេចចិត្តដែលអំពាវនាវឱ្យប្រកាន់ខ្ជាប់នូវពហុភាគីនិយម ការរួបរួមគ្នានិងកិច្ចសហប្រតិបត្តិការដើម្បីប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺឆ្លង

2020-05-22 17:38:01 cri

    កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើកទី ​៧៦ ​តាម​ប្រព័ន្ធ​វីដេអូ​នៃ​គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​សង្គម​អាស៊ីប៉ាស៊ីហ្វិក​នៃ​អង្គការសហប្រជាជាតិ​បាន​ធ្វើឡើង​កាលពី​ថ្ងៃទី ​២១ ​ខែឧសភា ​។​គ្រប់​ភាគី​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​នេះ​បាន​អនុម័ត​ជាឯកច្ឆន្ទ​នូវ​សេចក្តីសម្រេចចិត្ត​ស្តីពី​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ដើម្បី​ឆ្លើយតប​នឹង​ផល​ប៉ះពាល់​ចំពោះ​សេដ្ឋកិច្ច​និង​សង្គម​ដែល​បណ្តាល​មកពី​ជំងឺឆ្លង​និង​វិបត្ដិ​ព្រមទាំង​អំពាវនាវ​ដល់​បណ្តាប្រទេស​នានា​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ឱ្យ​ប្រកាន់ខ្ជាប់​នូវ​ពហុភាគីនិយម ​ពង្រឹង​សាមគ្គីភាព​និង​កិច្ចសហប្រតិបត្តិ​ការ​ក្នុងតំបន់​ដើម្បី​រួមគ្នា​ឆ្លើយតប​នឹង​ផលប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​នៃ​ការរីករាល​ដាល​នៃ​ជំងឺ​កូវីដ​ ១៩ ​ចំពោះ​វិស័យ​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​។​សេចក្តីសម្រេចចិត្ត​នេះ​ក៏បាន​បង្ហាញ​នូវ​ការគាំទ្រ​ដល់​អង្គការ​សុខភាព​ពិភពលោក​ផងដែរ។​

    លោក ​លីហុង ​តំណាង​អចិន្រ្តៃយ៍​របស់​ចិន​ប្រចាំ​នៅ​គណៈកម្មាធិការ​សេដ្ឋកិច្ច​និង​សង្គម​អាស៊ីប៉ាស៊ីហ្វិក​បាន​ថែ្លងថា ​សេចក្តីសម្រេចចិត្ត​ដែល​ទើបតែ​ត្រូវបាន​អនុម័ត​ដោយ​គ្រប់ភាគី​នេះ​បាន​បង្ហាញ​នូវ​សញ្ញា​នយោបាយ​ច្បាស់លាស់​និង​ជាក់លាក់ ​គឺ ​បាន​សម្តែង​ពី​ការ​ប្តេជ្ញាចិត្ត​និង​គោលបំណង​របស់​បណ្តាប្រទេស​នានា​នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ក្នុងការ​ប្រកាន់​ខ្ជាប់​នូវ​ពហុភាគីនិយម​និង​ការ​រួមសាមគ្គីគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺឆ្លង​នេះ ​ហើយ​ក៏​បាន​រំលឹក​ជាថ្មី​ម្តងទៀត​នូវ​ការទទួលស្គាល់​និង​ការគាំទ្រ​ចំពោះ​តួនាទី​ដឹកនាំ​របស់​អង្គការ​សុខភាព​ពិភពលោក​ក្នុង​ការ​សម្របសម្រួល​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺឆ្លង​នៅ​ទូទាំង​ពិភពលោក​ផងដែរ។​ប្រទេសចិន​នឹង​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នៃ​សេចក្តីសម្រេចចិត្ត​នេះ ​ហើយ​រួមសហការ​ជាមួយ​គ្រប់ភាគី​ទាំង​អស់​ដើម្បី​ខិតខំ​សម្រេចបាន​នូវ​ការ​គ្រប់គ្រង ​ការ​កាត់​បន្ថយ​និង​យក​ជ័យជម្នះ​លើ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រាត​ត្បាត​នៃ​ជំងឺកូវីដ​ ១៩ ​៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស