魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីងពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីមីយ៉ាន់ម៉ានិងនាយករដ្ឋមន្ត្រីបង់ក្លាដែស

2020-05-21 13:54:30 cri

កាលពី​យប់ថ្ងៃ​ទី២០​ខែឧសភា លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​បានពិភាក្សា​ការងារ​តាមទូរស័ព្ទ​ជាមួយ​លោកWin Myint ប្រធានាធិបតី​មីយ៉ាន់ម៉ា​និង​លោកស្រី​Sheikh Hasina នាយករដ្ឋមន្ត្រី​បង់ក្លាដែស ។

ថ្លែងក្នុង​ជំនួប​ជាមួយ លោកWin Myint លោកស៊ីជីនភីង​បាន​លើកឡើងថា ប្រទេសចិន​រីករាយ​រួមសហការ​ជាមួយ​សហគមន៍​អន្តរជាតិ​បូករួមទាំង​មីយ៉ាន់ម៉ា​ផង បន្ត​គាំទ្រ​តួនាទី​ដឹកនាំ​របស់​អង្គការ​សុខភាព​ពិភពលោក គាំពារ​យ៉ាងម៉ឺងម៉ាត់​នូវយុត្តិធម៌​អន្តរជាតិ​និង​ក្រមមូលដ្ឋាន​នៃទំនាក់ទំនង​អន្តរជាតិ ចាប់ដៃគ្នា​យកជ័យជម្នះ​ក្នុងសង្គ្រាម​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩​ដើម្បី​ការពារ​សុខាភិបាល​សាធារណៈ​ពិភពលោក ។

លោកWin Myint ថ្លែងថា នៅក្រោម​ការដឹកនាំ​ដ៏មុតមាំ​របស់​លោកស៊ីជីនភីង រដ្ឋាភិបាល​និង​ប្រជាជនចិន​បាន​ទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ១៩​យ៉ាងមាន​ប្រសិទ្ធភាព ជីវភាព​ផ្នែក​សេដ្ឋកិច្ច​និងសង្គម​ចិន​បានស្តារ​ឡើងវិញ​ដោយគ្រប់ជ្រុងជ្រោយ ភាគីមីយ៉ាន់ម៉ា​សប្បាយរីករាយ​ចំពោះ​ប្រការនេះ ។ ភាគីមីយ៉ាន់ម៉ា​សូមថ្លែង​អំណរគុណ​ដល់ប្រទេសចិន​ដែលបាន​ផ្តល់​ការគាំទ្រ​និង​ជំនួយឧបត្ថម្ភ​ចំពោះ​អង្គការ​សុខភាព​ពិភពលោក​និងប្រទេស​ដទៃទៀត ក្នុងនោះបូក​រួមទាំង​មីយ៉ាន់ម៉ា​ផង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ ។ នៅចំពោះមុខ​ជំងឺកូវីដ១៩ ប្រទេសនានា​គួរតែ​បង្កើន​កិច្ចសហប្រតិបត្តិការគ្នា​ ដើម្បី​គាំពារ​យុត្តិធម៌​អន្តរជាតិ​និង​សិទ្ធិអភិវឌ្ឍន៍​នៃប្រទេស​នីមួយៗ ។

ថ្លែងក្នុង​ជំនួប​ជាមួយ​លោកស្រីSheikh Hasina លោកស៊ីជីនភីង​បាន​លើកឡើងថា ភាគីចិន​ប្រឆាំងទង្វើ​ដែល​រំខាន​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​និង​បំផ្លាញ​កិច្ចខិតខំប្រឹងប្រែង​នៃពិភពលោក​ជាពិសេស​គឺកិច្ចខិតខំ​ប្រឹងប្រែង​របស់ប្រទេស​កំពុង​អភិវឌ្ឍ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ១៩ ។ ប្រទេសចិន​រីករាយ​រួមសហការ​ជាមួយ​សហគមន៍​អន្តរជាតិ​ដែលបូករួមទាំង​បង់ក្លាដែសផង គាំទ្រ​តួនាទី​ដឹកនាំ​របស់​អង្គការ​សុខភាព​ពិភពលោក ជំរុញកិច្ចសហប្រតិបត្តិការ​បង្ការ​និងគ្រប់គ្រង​ជំងឺឆ្លង គាំពារ​សន្តិសុខ​សុខាភិបាល​សាធារណៈនៃ​ពិភពលោក ។

លោកស្រី​Sheikh Hasina​ថ្លែងថា ជំងឺកូវីដ១៩​គឺជា​បញ្ហាប្រឈម​ជាសកល បណ្តាប្រទេស​នានា​គួរតែ​រួមគ្នា​ទប់ទល់ ។ ភាគីបង់ក្លាដែស​រីករាយ​រួមជាមួយ​ប្រទេសចិន​ក្នុងការកសាង​គំនិតផ្តួចផ្តើម​ខ្សែក្រវាត់និង​ផ្លូវ ជំរុញ​ទំនាក់ទំនង​ដៃគូ​សហប្រតិបត្តិការ​ជាយុទ្ធសាស្ត្រ​រវាង​ចិននិង​បង់ក្លាដែស​ឱ្យអភិវឌ្ឍ​ទៅមុខ​ឥតឈប់ឈរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស