កាលពីយប់ថ្ងៃទី១៨ខែឧសភា លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងពិធីបើកមហាសន្និបាតសុខភាពពិភពលោកលើកទី៧៣តាមប្រព័ន្ធវីដេអូ ។ លោកបានសង្កត់ធ្ងន់ថា ប្រឈមនឹងជំងឺកូវីដ១៩ដែលជាបញ្ហាសុខាភិបាលសាធារណៈទូទាំងពិភពលោកដែលស្រាប់តែកើតឡើងនិងធ្ងន់ធ្ងរបំផុតតាំងពីបញ្ចប់សង្គ្រាមលោកលើកទី២មក ប្រជាជននៃបណ្តាប្រទេសនានាបានប្រយុទ្ធប្រឆាំងយ៉ាងក្លាហាន ជួយគ្នាទៅវិញទៅមកនិងរួមសុខរួមទុក្ខជាមួយគ្នា ។ ប្រទេសចិនប្រកាន់ខ្ជាប់ការតម្កល់ទុកប្រជាជននិងអាយុជីវិតជាសំខាន់ ដោយប្រកាន់អាកប្បកិរិយាបើកទូលាយ មានតម្លាភាពនិងទំនួលខុសត្រូវ ប្រកាន់ខ្ជាប់ជានិច្ចនូវទស្សនៈបង្កើតសហគមន៍រួមវាសនាមនុស្សជាតិ ទទួលខុសត្រូវចំពោះសុវត្ថិភាពអាយុជីវិតនិងសុខភាពនៃប្រជាជនចិនផង ក៏ទទួលខុសត្រូវចំពោះកិច្ចការសុខាភិបាលសាធារណៈទូទាំងពិភពលោកផងដែរ ។ បច្ចុប្បន្នត្រូវតែធ្វើការងារបង្ការនិងគ្រប់គ្រងជំងឺឆ្លងឱ្យបានពេញទំហឹង គាំទ្រតួនាទីដឹកនាំរបស់អង្គការសុខភាពពិភពលោក បង្កើនការគាំទ្រចំពោះប្រទេសអាហ្រ្វិក ពង្រឹងអភិបាលកិច្ចសុខាភិបាលសាធារណៈទូទាំងពិភពលោក ស្តារការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឡើងវិញ បង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ។ លោកស៊ីជីនភីងបានលើកឡើងពីវិធានការចំនួន៥របស់ប្រទេសចិនដើម្បីជំរុញកិច្ចសហប្រតិបត្តិការពិភពលោកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អំពាវនាវបណ្តាប្រទេសនានាឱ្យចាប់ដៃគ្នា រួមគ្នាបង្កើតសហគមន៍រួមវាសនាសុខភាពមនុស្សជាតិ ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនិងអ្នកដឹកនាំប្រទេសផ្សេងទៀតសុទ្ធតែបានគូសបញ្ជាក់ពីការគាំទ្រពហុភាគីនិយម គាំទ្រតួនាទីរបស់អង្គការសុខភាពពិភពលោកនិងគាំទ្រការបង្កើនការសម្របសម្រួលនិងកិច្ចសហប្រតិបត្តិការនៃសហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ៕