កាលពីថ្ងៃទី១១ខែមករា យើងបានចាប់ផ្តើមសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំងខណៈមនុស្សភាគច្រើននៅមិនទាន់ដឹងថាកើតរឿងហេតុអីនោះទេ មេដឹកនាំអាមេរិកបានប្រកាសពីកាលបរិច្ឆេទនេះក្នុងពេលថ្លែងសុន្ទរកថានៅសេតវិមានដែលញាំងឱ្យមជ្ឈដ្ឋានមតិសាធារណៈពិភពលោករំជើបរំជួលយ៉ាងខ្លាំង។
មតិអន្តរជាតិចោទជាមន្ទិលសង្ស័យថាមេដឹកនាំអាមេរិកថ្លែងថាបានចាប់ផ្តើមស្រាវជ្រាវនិងផលិតវ៉ាក់សាំងកាលពីថ្ងៃទី១១ខែមករា តែមុននេះលោកអះអាងថាលោកបានយល់ដឹងពីវីរុសកូវីដ១៩នៅចុងខែមករា តើពាក្យសម្តីណាទើបជាការពិត?
លោកRobert Redfieldប្រធានមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិកបានសារភាពក្នុងរដ្ឋសភាថា មជ្ឈមណ្ឌលនេះបានទាក់ទងនិងពិគ្រោះពិភាក្សាជាមួយមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងចិនតាំងពីថ្ងៃទី២ខែមករា។
កាលពីថ្ងៃទី១២ខែមករាតាមម៉ោងក្រុងប៉េកាំង ប្រទេសចិនបានចែលរំលែកនូវដំណឹងពាក់ព័ន្ធលំដាប់ហ្សែននៃវីរុសកូវីដ១៩ជាមួយអង្គការសុខភាពពិភពលោកដែលបានបង្កើតជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់ការស្រាវជ្រាវវ៉ាក់សាំងនិងថ្នាំព្យាបាលជំងឺនិងការទប់ស្កាត់ការរីករាលដាលនៃជំងឺឆ្លងដល់ពិភពលោកទាំងមូល។
បើគិតពីល្វែងម៉ោងខុសគ្នានៃប្រទេសទាំងពីរចិននិងអាមេរិកឃើញថា ប្រសិនបើមេដឹកនាំអាមេរិកអះអាងថាអាមេរិកបានចាប់ផ្តើមការស្រាវជ្រាវវីរុសកូវីដ១៩កាលពីថ្ងៃទី១១ខែមករាតាមម៉ោងក្នុងតំបន់ មានន័យថា អាមេរិកបានទទួលដំណឹងស្តីពីលំដាប់ហ្សែននៃវីរុសកូវីដ១៩ដែលប្រទេសចិនបានចែករំលែករួចហើយ ចុះហេតុអ្វីបានជារដ្ឋាភិបាលអាមេរិកលាក់បាំងប្រជាជនអាមេរិកនូវករណីជំងឺឆ្លងព្រមទាំងមួលបង្កាច់ថាប្រទេសចិនគ្មានតម្លាភាពខាងព័ត៌មានទៅវិញ??
តាមការពិត តើករណីជំងឺកូវីដ១៩នៅអាមេរិកបានចាប់ផ្តើមរកឃើញពីពេលណាគឺមានមន្ទិលសង្ស័យជាច្រើន។លោកRobert Redfieldប្រធានមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺឆ្លងអាមេរិកបានទទួលស្គាល់នៅពាក់កណ្តាលខែមីនាថាមានករណីស្លាប់ដោយឆ្លងជំងឺផ្តាសាយមួយចំនួនតាមពិតគឺស្លាប់ដោយសារវីរុសកូវីដ១៩។
ព្រមពេលជាមួយគ្នា អ្នកនយោបាយអាមេរិកមួយចំនួនបានគំរាមកំហែងឬបណ្តេញនិងដកតំណែងបុគ្គលិករដ្ឋាភិបាលដែលមានការសង្ស័យចំពោះរដ្ឋាភិបាល។តាមការផ្សាយដំណឹងពីCNNអាមេរិកបានឱ្យដឹងថា សេតវិមានបានបង្កើនការគ្រប់គ្រងលើការផ្សព្វផ្សាយព័ត៌មានក្នុងពេលកន្លងទៅនេះដោយសារអ្នកជំនាញវេជ្ជសាស្រ្តអាមេរិកមិនអាចចេញមុខផ្តល់បទសម្ភាសន៍តាមស្ថានីយទូរទស្សន៍ថ្នាក់ជាតិទៀតឡើយ។
អ្នកនយោបាយអាមេរិកកំពុងអួតអាងនិងប្រឌិតពាក្យភូតកុហកកាន់តែច្រើនដើម្បីលាក់បាំងកំហុសរបស់ខ្លួននៅចំពោះមុខការប្រឈមនឹងសោកនាដកម្មមនុស្សលោកដែលមានជនជាតិអាមេរិកលើសពី៨ម៉ឺន៨ពាន់នាក់បានស្លាប់ដោយជំងឺកូវីដ១៩។សម្តីមួយឃ្លារបស់លោក Benjamin Franklinបាននិយាយថា បើយើងដួល យើងអាចក្រោកឈរឡើងវិញភ្លាម ប៉ុន្តែបើធ្វើឱ្យគេបាត់ជំនឿចិត្តនោះ គឺពិបាកស្រោចស្រង់មកវិញណាស់។