魏伟
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក ស៊ីជីនភីង ប្រធានរដ្ឋចិនសន្ទនាតាមទូរសព្ទជាមួយនាយករដ្ឋមន្រ្តីម៉ាឡេស៊ីដោយសង្កត់ធ្ងន់លើការពួតដៃគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនៃការរីករាលដាលនៃជំងឺ Covid-19 និងបន្តធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការនៃការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"

2020-02-14 15:26:47 cri

    កាលពី​យប់​ថ្ងៃទី ​១៣ ​ខែកុម្ភៈ ​លោក ​ស៊ីជីនភីង ​ប្រធានរដ្ឋចិន​បាន​សន្ទនា​តាម​ទូរសព្ទ​ជា​មួយ​លោក ​Mahathir ​Bin ​Mohamad ​នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី​។​លោក ​ស៊ីជីនភីង ​បាន​ចង្អុល​បង្ហាញ​ថា ​ប្រទេសចិន​និង​ម៉ាឡេស៊ី​គួរតែ​បន្ត​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ។​ជាពិសេស ​គឺ ​រួមគ្នា​កសាង​គំនិតផ្តួចផ្តើម​"ខ្សែ​ក្រវាត់​និង​ផ្លូវ​"​ខណៈ​ពួត​ដៃ​គ្នា​ប្រយុទ្ធប្រឆាំង​នឹង​បញ្ហាប្រឈម​នៃ​ការ​រីករាល​ដាល​នៃ​ជំងឺ ​Covid-19 ​ក៏ដូចជា​បង្កើត​នូវ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​បន្ថែមទៀត​ដើម្បី​ផ្តល់​ផលប្រយោជន៍​ដល់​ប្រទេស​ទាំងពីរ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ។​

    លោក ​ស៊ីជីនភីង ​បាន​សង្កត់ធ្ងន់​ថា ​ចាប់តាំងពី​ផ្ទុះនូវ​ជំងឺ ​Covid-19 ​រដ្ឋាភិបាលចិន​បាន​ចាត់​វិធានការ​បង្ការ​និង​គ្រប់គ្រង​ដោយ​គ្រប់ជ្រុងជ្រោយ​បំផុត​និង​យ៉ាង​ម៉ឺងម៉ាត់​បំផុត ​ហើយ​ទទួល​បាន​នូវ​លទ្ធផល​ជាវិជ្ជមាន។​រដ្ឋាភិបាលចិន​នឹង​ដឹកនាំ​ប្រជាជនចិន​ឱ្យ​យក​ជ័យ​ជម្នះ​លើ​សង្រ្គាម​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីករាលដាល​នៃ​ជំងឺ ​Covid-19 ​និង​រក្សា​នូវ​និន្នាការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ប្រទេសចិន​ដើម្បី​សម្រេចឱ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​នៅ​ឆ្នាំនេះ។​

    លោក ​ស៊ីជីនភីង ​បាន​ចង្អុលបង្ហាញ​ថា ​ប្រទេសចិន​នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​បង្ការ​និង​គ្រប់គ្រង​ជំងឺ​ជាមួយ​បណ្តាប្រទេស​អាស៊ាន ​រួមមាន​ប្រទេសម៉ាឡេស៊ី​ដោយ​ប្រកាន់​ខ្ជាប់​នូវ​អាកប្បកិរិយា​បើកទូលាយ​និង​តម្លាភាព​ដើម្បី​រួមគ្នា​គាំពារ​សុវត្ថិភាព​សុខភាព​សាធារណៈ​ក្នុងតំបន់។​

    លោក ​Mahathir ​Bin ​Mohamad ​បាន​ថែ្លងថា ​ប្រទេសម៉ាឡេស៊ី​សូម​សម្តែង​ការ​កោត​សរ​សើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏ធំធេង​របស់​ចិន​និង​វឌ្ឍនភាព​វិជ្ជមាន​​ក្នុង​ការ​ទប់ស្កាត់​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺនេះ។ ​ហើយសម្គាល់ថា ​នេះគឺជា​ការចូល​រួមចំណែក​របស់​ចិន​ក្នុង​នាម​ជា​ប្រទេសធំ​ដែលមាន​ទំនួល​ខុសត្រូវ​ក្នុង​ការ​គាំពារ​សុវត្ថិភាព​សុខភាព​សាធារណៈ​ពិភព​លោក។​ក្នុងនាមជា​មិត្ត​ដ៏​ស្មោះត្រង់​របស់​ចិន ​ប្រទេសម៉ាឡេស៊ី​បាន​ផ្តល់​នូវ​សម្ភារៈ​ផែ្នក​វេជ្ជសាស្ត្រ​មួយចំនួន​ដល់​ប្រទេសចិន​រួច​មកហើយ ​ហើយ​មានឆន្ទៈ​បន្ត​ផ្តល់​ជំនួយ​ដល់​ប្រទេស​ចិន​បន្ថែមទៀត។​ម៉ាឡេស៊ី​ជឿជាក់​ថា ​ក្រោម​ការដឹកនាំ​របស់​លោកប្រធានរដ្ឋ​ចិន ​ស៊ីជីនភីង ​ប្រជាជនចិន​ប្រាកដជា​នឹង​យក​ជ័យ​ជម្នះ​លើ​សង្រ្គាម​ប្រយុទ្ធប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺនេះ​មិនខាន​ ហើយ​ការអភិវឌ្ឍ​របស់​ប្រទេសចិន​នឹង​វិល​មក​រក​ភាពប្រក្រតី​ឡើង​វិញ។​ប្រទេសម៉ាឡេស៊ី​វាយតម្លៃ​ខ្ពស់​ចំពោះ​ការចូល​រួមចំណែក​រយៈពេល​វែង​របស់​ប្រទេស​ចិន​ក្នុង​ការ​ជំរុញ​ការ​អភិវឌ្ឍ​របស់​ប្រទេស​ម៉ាឡេស៊ី​និង​មានឆន្ទៈ​ធ្វើឱ្យ​ស៊ីជម្រៅ​នូវ​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ជាមួយ​ប្រទេសចិន​ដើម្បី​ជំរុញ​ទំនាក់ទំនង​មិត្តភាព​រវាង​ប្រទេស​ទាំងពីរ៕​

អ្នកបកប្រែ:魏伟
ប្លុកពិសេស