徐晓霞
ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោកស៊ីជីនភីង ប្រធានរដ្ឋចិនផ្ញើសារលិខិតថ្វាយព្រះពរនិងអបអរសាទរជូនដល់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសកម្ពុជាប្រារព្ធខួបលើកទី ៦៦ នៃទិវាបុណ្យឯករាជ្យជាតិថ្ងៃទី ៩ ខែវិច្ឆិកា

2019-11-09 14:07:44 cri

ថ្ងៃទី ៩ វិច្ឆិកានេះ​ជាទិវាបុណ្យ​ឯករាជ្យ​ជាតិកម្ពុជា ។ លោកស៊ីជីនភីង ប្រធាន​រដ្ឋចិន​បាន​ផ្ញើសារលិខិត​ថ្វាយ​ព្រះពរ​និង​អបអរសាទរ​ជូន​ព្រះករុណា​ព្រះបាទ​សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រ​កម្ពុជា ។ ខ្លឹមសារ​នៃសារលិខិត​មានដូច​តទៅ ៖

 

ព្រះមហាក្សត្រ​ជាទីគោរព​ដ៏ខ្ពង់ខ្ពស់ ៖

    ក្នុងឱកាស​ខួប ៦៦ ឆ្នាំ​នៃទិវាបុណ្យ​ឯករាជ្យជាតិ​នៃព្រះរាជាណាចក្រ​កម្ពុជា ខ្ញុំ​សូមតាងនាម​រដ្ឋាភិបាលចិន​និង​ប្រជាជនចិន ព្រមទាំង​រូបខ្ញុំ​ផ្ទាល់ សូមសម្តែងនូវ​ការអបអរសាទរ​យ៉ាងកក់ក្តៅ​និង​ការជូនពរ​យ៉ាងល្អប្រសើរ​ចំពោះ​រាជវង្សានុវង្ស ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល​កម្ពុជា​និង​ប្រជាជន​កម្ពុជា​ដែលជា​បងប្អូន ។

    ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ ប្រជាជនកម្ពុជា​បានប្រកាន់ខ្ជាប់​ការដើរតាម​មាគ៌ា​អភិវឌ្ឍន៍​ដែល​សមស្របតាម​សភាពការណ៍​ជាតិ​របស់ខ្លួន ហើយ​ទទួលបាន​សមិទ្ធផល​ដ៏ធំធេងថ្មី​ឥតឈប់ឈរ​ក្នុង​កិច្ចការ​កសាងជាតិ ។ ក្នុងនាមជា​ប្រទេស​ជិតខាង​មិត្តភាព​ជាប្រពៃណី យើង​មានទឹកចិត្ត​សោមន្សរីករាយ​យ៉ាងក្រៃលែង​ចំពោះ​ការនេះ ។ ខ្ញុំបាន​យកចិត្តទុកដាក់​ខ្ពស់​ដល់ការអភិវឌ្ឍ​ទំនាក់ទំនង​រវាង​ចិននិង​កម្ពុជា និង​រីករាយ​ខិតខំប្រឹងប្រែង​ជាមួយ​ព្រះអង្គ ដើម្បី​ផ្សព្វផ្សាយ​មិត្តភាព​ប្រពៃណី ក៏ដូចជា​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​ដែលផ្តល់​ផលប្រយោជន៍​ដល់គ្នា​ទៅវិញទៅមក​មានភាព​ស៊ីជម្រៅ ព្រមទាំង​ពួតដៃគ្នា​កសាង​សហគមន៍​រួមវាសនា​រវាង​ចិននិង​កម្ពុជា​ដែលមាន​អត្ថន័យ​ជាយុទ្ធសាស្ត្រ ។

    ខ្ញុំ​ថ្នាក់ថ្នម​មិត្តភាព​ពិសេស​ជាមួយនឹង​ព្រះអង្គ សម្តេចព្រះមហាក្សត្រី​នរោត្តម មុនីនាថ សីហនុ​និង​ព្រះរាជវង្សានុវង្ស​កម្ពុជា ស្វាគមន៍​ព្រះអង្គ​និង​ព្រះមហាក្សត្រី​អញ្ជើញ​យាងមក​ពិនិត្យសុខភាព​និង​សម្រាកព្រះកាយ​នៅប្រទេសចិន​ក្នុងគ្រប់​ពេលវេលា ។

    សូមប្រសិទ្ធពរឱ្យ​ព្រះអង្គ​មានព្រះរាជសុខភាព​ល្អបរិបូរ​និង​សម្រេច​ព្រះរាជកិច្ច​ដោយជោគជ័យ​និងរលូន ។

    សូមជូនពរឱ្យ​ប្រទេសកម្ពុជា​មានភាពរុងរឿងថ្កុំថ្កើង ប្រជាជនកម្ពុជា​មានសុភមង្គល​និង​សុខសាន្តត្រាណ ៕

 

ប្រធាន​សាធារណរដ្ឋ​ប្រជាមានិតចិន  ស៊ីជីនភីង

ថ្ងៃទី ៩ វិច្ឆិកា ពីក្រុង​ប៉េកាំង

អ្នកបកប្រែ:徐晓霞
ប្លុកពិសេស