កាលពីថ្ងៃទី ៧ ខែវិច្ឆិកា ក្រសួងការបរទេសចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានជាតិនិងអន្តរជាតិ ជុំវិញគម្រោងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកស៊ីជីនភីង ប្រធានរដ្ឋចិននៅក្រិកព្រមទាំងអញ្ជើញចូលរួមកិច្ចជំនួបលើកទី ១១ នៃមេដឹកនាំប្រទេសBRICSនៅប្រេស៊ីល ។ ក្រសួងការបរទេសបានឱ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោកស៊ីជីនភីងលើកនេះត្រូវបានគេទន្ទឹងរង់ចាំចំពោះលទ្ធផល ។
កិច្ចជំនួបមេដឹកនាំប្រទេសBRICSលើកទី ១១ ដែលមានប្រធានបទផ្តោតលើកំណើនសេដ្ឋកិច្ចស្តីពីការបង្កើតអនាគតបែបច្នៃប្រឌិតថ្មី នឹងធ្វើឡើងនៅរដ្ឋធានីប្រេស៊ីលពីថ្ងៃទី ១៣ ដល់ទី ១៤ ខែវិច្ឆិកា ។ លោកMa Zhaoxu អនុរដ្ឋមន្ត្រីក្រសួងការបរទេសចិនថ្លែងថា វត្តមានរបស់លោកស៊ីជីនភីងក្នុងកិច្ចជំនួបលើកនេះគឺជាការអនុវត្តសកម្មភាពការទូតដ៏សំខាន់មួយរបស់ប្រទេសចិនសម្រាប់ទីផ្សារថ្មីនិងប្រទេសកំពុងអភិវឌ្ឍន៍ ។ ដល់ពេលនោះ លោកស៊ីជីនភីងនឹងអញ្ជើញចូលរួមពិធីបិទវេទិកាឧស្សាហកម្មនិងពាណិជ្ជកម្មនៃប្រទេសBRICS កិច្ចជំនួបរវាងមេដឹកនាំនិងសកម្មភាពមួយចំនួនទៀត ព្រមទាំងថ្លែងសុន្ទរកថាផងដែរ ។
លោកMa Zhaoxu បានបន្តទៀតថា ភាគីចិនរីករាយរួមជាមួយភាគីប្រេស៊ីលនិងបណ្តាភាគីទាំងអស់ ដើម្បីជំរុញកិច្ចជំនួបលើកនេះឱ្យទទួលបានលទ្ធផលគាប់ប្រសើរ ។ ភាគីចិនជឿជាក់ថា នៅក្រោមកិច្ចខិតខំប្រឹងប្រែងរួមនៃបណ្តាភាគីនិងការដឹកនាំនយោបាយរបស់មេដឹកនាំ ប្រទេសBRICSមុខជានឹងរួមវិភាគទានកាន់តែធំថ្មីក្នុងការជំរុញសន្តិភាពនិងវឌ្ឍនភាពពិភពលោកនិងការកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ ៕