លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះមួយ ក្រោមចំណងជើងថា «បើកទូលាយនិងសហប្រតិបត្តិការ រួមសុខរួមទុក្ខរួមជោគវាសនា» ក្នុងពិធីសម្ពោធបើកពិព័រណ៍នាំចូលចិនអន្តរជាតិលើកទី ២ កាលពីថ្ងៃទី ៥ ខែវិច្ឆិកា ដោយផ្អែកលើមូលដ្ឋានប្រវត្តិសាស្ត្រនិងប្រយោជន៍មនុស្សជាតិ។ លោកបានលើកឡើងនូវគំនិតផ្តួចផ្តើមចំនួន ៣ ចំណុច ដើម្បីជំរុញសកលភាវូបនីយកម្មសេដ្ឋកិច្ច និងបានប្រកាសពីវិធានការចំនួន ៥ ចំណុចរបស់ចិន ដើម្បីបន្តជំរុញការបើកទូលាយប្រកបដោយកម្រិតកាន់តែខ្ពស់។
សុន្ទរកថារបស់លោក ស៊ី ជីនភីង បានធ្វើឱ្យបណ្តាវាគ្មិននិងភ្ញៀវកិត្តិយសអន្តរជាតិជាច្រើនចាប់អារម្មណ៍យ៉ាងខ្លាំង ។ វាគ្មិនទាំងនេះបានសរសើរជាទូទៅចំពោះពាក្យសម្តីមួយចំនួនរបស់លោកសី ជីនភីង ជាពិសេសឃ្លាដែលថា «មិនគួរតម្កល់ប្រយោជន៍របស់ខ្លួនខ្ពស់ជាងប្រយោជន៍របស់មនុស្សជាតិនោះទេ» , «ប្រកាន់ខ្ជាប់នូវការរួមសហការគ្នាតែមិនបោះបង់គ្នា ប្រកាន់ខ្ជាប់នូវការដករបាំងតែមិនបង្កើតរបាំង» , «ទីផ្សារចិនធំបែបនេះ ស្វាគមន៍អ្នកទាំងអស់គ្នាមកមើលមើល៍»... ។
វាគ្មិនទាំងនេះបានថ្លែងថា ពិព័រណ៍នាំចូលចិនអន្តរជាតិបានក្លាយទៅជាសកម្មភាពដ៏ឱឡារិកប្រចាំឆ្នាំដែលបណ្តាសហគ្រាសសកលលោកសុទ្ធតែទន្ទឹងរង់ចាំនិងមានក្តីរំពឹងទុកខ្ពស់។ ភ្ញៀវកិត្តិយសនិងវាគ្មិនទាំងនេះ បានសម្តែងនូវការស្វាគមន៍យ៉ាងខ្លាំងចំពោះការប្រកាន់ខ្ជាប់ជានិច្ចនូវអាកប្បកិរិយាប្រកបដោយបរិយាប័ន្ននិងបើកទូលាយរបស់ចិន ព្រោះថា ពិភពលោកទាំងមូលអាចនឹងទទួលបានផលប្រយោជន៍ពីការនេះ។
លោក Bandar Ibrahim Alkhorayef រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងធនធានរ៉ែអារ៉ាប់ប៊ីសាអូឌីត៖
«ខ្ញុំសូមកោតសរសើរខ្ពស់ចំពោះអាកប្បកិរិយារបស់ប្រទេសចិនដែលប្រកាន់ខ្ជាប់នូវភាពបើកទូលាយជាដរាបមក។ ពិភពលោកសុទ្ធតែអាចទទួលបាននូវផលប្រយោជន៍ពីការនេះ ដោយសារប្រទេសចិនបានជួយបង្កើតឱកាសអភិវឌ្ឍន៍និងផ្លាស់ប្តូរកាន់តែច្រើនដល់បណ្តាប្រទេសនានាលើលោក។»
លោក Luhut Binsar Panjaitan រដ្ឋមន្ត្រីក្រសួងកិច្ចការសមុទ្រនិងវិនិយោគឥណ្ឌូណេស៊ី៖
«លោក ស៊ី ជីនភីង បានផ្តោតសំខាន់លើពហុភាគីនិយមនិងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក មិនគួរដើរលើមាគ៌ាឯកតោភាគីនិយមនោះទេ។ នេះបានបង្ហាញយ៉ាងពេញលេញថា លោកប្រធានរដ្ឋចិនបានយកចិត្តទុកដាក់លើស្ថានភាពទូទៅ ដែលឆ្លុះបញ្ចាំងពីភាពឈានមុខលើឆាកអន្តរជាតិរបស់ចិន។»
លោក Ichiro KASHITANI អគ្គនាយកក្រុមហ៊ុន Toyota tsusho corporation ជប៉ុន៖
«សុន្ទរកថារបស់លោក ស៊ី ជីនភីង មានចក្ខុវិសយវែងឆ្ងាយ បានបង្ហាញនូវកម្លាំងដឹកនាំដ៏ខ្លាំងក្លាមួយចំពោះការសម្រេចបាននូវសេដ្ឋកិច្ចបែបសេរីនិងបើកទូលាយ គួរឱ្យចាប់អារម្មណ៍ណាស់។»
លោក Ramon Lopez រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មហ្វីលីពីន៖
« ប្រទេសចិនជាតួអង្គសេដ្ឋកិច្ចដែលមានការអភិវឌ្ឍលឿនបំផុតលើលោក និងកំពុងដឹកនាំដំណើរសមាហរណកម្មនៃសេដ្ឋកិច្ចពិភពលោក។ ការពង្រីកកម្រិតបើកទូលាយរបស់ចិន អាចជួយដល់តុល្យភាពនៃពាណិជ្ជកម្មសកលលោក។ »
លោក Sisouphonh Sihalath ពាណិជ្ជករឡាវ៖
«សុន្ទរកថារបស់លោកប្រធានរដ្ឋចិន ស៊ី ជីនភីង បានបញ្ជាក់ពីអាកប្បកិរិយាក្នុងការប្រកាន់ខ្ជាប់នូវភាពបើកទូលាយចំពោះអន្តរជាតិរបស់ចិន។ នេះបានបង្កើននូវទំនុកចិត្តនៃសហគ្រាសឡាវនិងសកលលោកក្នុងការចូលទីផ្សារចិន។ ខ្ញុំជឿជាក់ថា ពិព័រណ៍CIIE អាចជួយឱ្យខ្សែសង្វាក់តម្លៃ និងខ្សែសង្វាក់ផ្គត់ផ្គង់សកលលោកកាន់តែល្អប្រសើរ ព្រមទាំងផ្តល់វិភាគទានដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចពិភពលោក»៕