កាលពីថ្ងៃទី៥ខែវិចិ្ឆកា ពិព័រណ៍នាំចូលចិនអន្តរជាតិលើកទីពីរបានសម្ពោធបើកជាផ្លូវការនៅក្រុងសៀងហៃប្រទេសចិន ។ លោកស៊ីជីនភីង ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងពិធីសម្ពោធបើកដោយសម្តែងនូវភាពជឿជាក់ថា អនាគតនៃការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសចិនមុខជានឹងកាន់តែភ្លឺស្វាងមិនខាន ។ ពាក្យសម្តីរបស់លោកបានបង្ហាញយ៉ាងពេញលេញនូវសមត្ថភាពក្នុងការរក្សាការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយស្ថិរភាពនិងល្អប្រសើរជាយូរអង្វែងរបស់ចិន ព្រមទាំងជាកម្លាំងចលករដ៏ខ្លាំងក្លាក្នុងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកផងដែរ ។ ការនេះនាំឱ្យមជ្ឈដ្ឋានអន្តរជាតិកោតសរសើរជាទូទៅ ។
ប៉ុន្មានឆ្នាំកន្លងទៅនេះ និន្នាការនៃការការពារនិយមផ្នែកពាណិជ្ជកម្មនិងគំនិតច្រាស់នៃសកលភាវូបនីយកម្មបានកើនឡើងឥតឈប់ឈរ ធ្វើឱ្យសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះ ប៉ុន្តែ សេដ្ឋកិច្ចប្រទេសចិននៅតែរក្សាដំណើរការប្រកបដោយស្ថិរភាព បានប្រមូលផ្តុំនូវជំនឿចិត្តនៃសកលភាវូបនីយកម្មផ្នែកសេដ្ឋកិច្ចយ៉ាងខ្លាំង ។ ក្នុងរយៈពេល៣ត្រីមាសឆ្នាំនេះ ផលិតផលក្នុងស្រុកសរុបរបស់ចិនបានកើនឡើង៦,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅមិញ ។ ធនាគារពិភពលោកបានប្រកាសរបាយការណ៍ស្តីពីបរិយាកាសពាណិជ្ជកម្មឆ្នាំ២០២០ និងលំដាប់ថ្នាក់នៃបរិយាកាសពាណិជ្ជកម្មរបស់ចិនបានឡើងពីថ្នាក់ទី៤៦ទៅថ្នាក់ទី៣១ ។
ប្រទេសចិនជាទីផ្សារដ៏ធំសម្បើមដែលមានប្រជាជនចំនួនជិត១ពាន់៤រយលាននាក់ ហើយក៏មានចំនួនមនុស្សដែលទទួលប្រាក់ចំណូលមធ្យមច្រើនបំផុតលើកពិភពលោកផងដែរ គម្រោងយុទ្ធសាស្រ្តដ៏ច្បាស់លាស់ ការចាត់ចែងគោលនយោបាយដ៏រស់រវើក និងកំណែទម្រង់ច្នៃប្រឌិតថ្មីជានិរន្តរភាពបានផ្តល់នូវការធានាផ្នែកប្រព័ន្ធគ្រប់គ្រងសម្រាប់ការអភិវឌ្ឍប្រកបដោយកម្រិតខ្ពស់នៃសេដ្ឋកិច្ចចិន។
ប្រទេសចិនកំពុងតែបង្ហាញនូវប្តេជ្ញាចិត្តរួមគ្នាអភិវឌ្ឍន៍ជាមួយបណ្តាប្រទេសនានាលើកពិភពលោកតាមរយៈសកម្មភាពជាក់ស្តែងមួយចំនួនដូចជា ការបន្តពង្រីកការបើកទូលាយនៃទីផ្សារ បន្តធ្វើឱ្យល្អពេញលេញនូវនិម្មាបនកម្មការបើកទូលាយ បន្តកែលម្អនូវបរិយាកាសអាជីវកម្ម បន្តធ្វើកិច្ចសហប្រតិបត្តិការទ្វេភាគីនិងពហុភាគីឱ្យមានភាពស៊ីជម្រៅ និងបន្តជំរុញកិច្ចកសាងខ្សែក្រវាត់និងផ្លូវ។ប្រទេសចិនដែលបើកចំហនឹងផ្តល់នូវកាលានុវត្តភាពទីផ្សារ កាលានុវត្តភាពវិនិយោគនិងកាលានុវត្តភាពកំណើនកាន់តែច្រើនដល់ប្រទេសនានាដើម្បីសម្រេចការអភិវឌ្ឍរួមគ្នា និងរួមចំណែកដោយឥតឈប់ឈរក្នុងការជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកទូលាយនិងបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ។